ដោយ៖ វីអូឌី | ថ្ងៃសុក្រ ទី18 កញ្ញា 2015
http://vodhotnews.com
អាជ្ញាធរឃុំគោកខ្ពស់ក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ចាប់បានគោយន្តពីរគ្រឿងដែលដឹកកំណាត់ឈើសសរ ដែលកាប់ពីព្រៃសហគមន៍។
លោក ត្រេន ត្រៃ ប្រធានសហគមន៍ព្រៃស្រស់ដែលបានចុះពិនិត្យការចាប់បានឈើនោះ និយាយថាការចាប់នោះធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ក្នុងភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ លោកបន្តថាអាជ្ញាធរចាប់បានគោយន្តពីរគ្រឿងដែលមានឈើសសរប្រហែល៨០ដើម។ លោកបន្ថែមថាម្ចាស់គោយន្តទាំងពីរនាក់ត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលនិងណែនាំកុំឲ្យទិញឈើខុសច្បាប់នេះតទៅទៀត។
បើតាមលោក ត្រេន ត្រៃ ម្ចាស់គោយន្តបានឲ្យដឹងថាពួកគេទិញឈើសសរនោះពីទាហានក្នុងមួយដើម១២០០០រៀល ហើយបម្រុងយកទៅលក់នៅខេត្តបាត់ដំបង។
មេឃុំគោកខ្ពស់ លោក វ៉ាន់ ប៉ិ ប្រាប់វីអូឌី(VOD)បុរសទាំងពីរដែលជាម្ចាស់គោយន្តជាអ្នកមកពីខេត្តថ្មី ហើយពួកគាត់អះអាងថាមិនបានដឹងថាមានការហាមឃាត់ការកាប់ឈើរស់ពីព្រៃសហគមន៍។ លោកបន្តថាលោកបានស្នើឲ្យមានការដោះលែងប្រជាពលរដ្ឋពីរនាក់នោះនិងអនុញ្ញាតឲ្យយកឈើទៅលក់ម្តងទៀត ប៉ុន្តែឲ្យធ្វើកិច្ចសន្យាឈប់កាប់តទៅទៀត។ លោកបន្ថែមថាប្រជាពលរដ្ឋភាគច្រើនដឹងថាតំបន់នោះជាព្រៃសហគមន៍ដែលប្រជាពលរដ្ឋរក្សាទុក៕
