​បទ​យកការណ៍​៖ បទពិសោធន៍​ជោគជ័យ​របស់​សកម្មជន​ដីធ្លី​ដែល​ប្រឆាំង​នឹង​ការបណ្តេញចេញ​​

ដោយ៖​ ញឹម សុខន​ | ថ្ងៃសុក្រ ទី18 កញ្ញា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

តំណាងសហគមន៍ មកពីខេត្តរតនគិរី ឡើងបង្ហាញចំណាប់អារម្មណ៍ (រូបថត៖ CCHR)


សកម្មជន​ដីធ្លី​មកពី​បណ្តា​ខេត្ត​មួយចំនួន បាន​ចែករំលែក​បទពិសោធន៍​ជោគជ័យ និង​ការ​ប្រឈម​នានា ដែល​នៅ​បន្ត​កើតមានលើ​ការតស៊ូ​មតិ​ប្រឆាំង​នឹង​ការបណ្តេញចេញ​។​
​ការជួបជុំ​របស់​អ្នក​មាន​ជម្លោះ​ដីធ្លី​នេះ ធ្វើឡើង​នៅ​ការិយាល័យ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥​។​

​អ្នក​សម្រប​ស្រួល​កម្មវិធី​បញ្ជាក់​ថា សហគមន៍​ដែល​បាន​ចូលរួម មាន​១៥​សហគមន៍ មកពី​ខេត្ត​ចំនួន​១០ រួមមាន ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង រតនគិរី និង​ខេត្ត​មួយចំនួនទៀត​។​

​មន្ត្រី​ដដែល​ឲ្យដឹង​ដែ​ថា សហគមន៍​ទាំងនោះ យ៉ាង​តិច​មាន​៣​សហគមន៍ ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន និង​ភាគី​ជម្លោះ​របស់​ក្រុមហ៊ុន ព្រម​ផ្តល់​សំណង​ពី​ផលប៉ះពាល់ ឲ្យទៅ​អ្នក​ភូមិ​តាម​ការស្ម័គ​ចិត្តគ្មាន​ការបណ្តេញចេញ​។​

​បើ​តាម​បទ​បង្ហាញ សមាគមន៍​៣​ដែល​ទទួលបាន​ជោគជ័យ​ពី​ការតស៊ូ​មតិ​នោះ មាន​សហគម​ន៍​មួយ​នៅ​ខេត្ត​កំពង់ស្ពឺ សហគមន៍​នៅ​ខេត្ត​រតនគិ​រី និង​សហគមន៍​មួយទៀត​នៅ​ខេត្ត​កោះកុង​។ សហគមន៍​នៅ​ខេត្ត​កោះកុង​នេះ ត្រូវ​តំណាង​អ្នក​តវ៉ា​អះអាងថា មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ដាំ​អំពៅ​របស់លោក លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ចំណែកឯ​ការផ្តល់​សំណង​សមរម្យ​ឲ្យ​អ្នកភូមិ​វិញ អ្នក​មាន​ជម្លោះ​ដី​អះអាងថា បាន​ធ្វើឡើង​ក្រោយ​ពី​ដោះលែង​តំណាង​អ្នក​តវ៉ា​ម្នាក់​ចេញពី​ពន្ធនាគារ​៖ “​ខ្ញុំ​បាន​រើ​រួចមកហើយ ក៏​ដោយសារ​កម្លាំង​សហគមន៍ កម្លាំង​សាមគ្គី ខ្ញុំ​ក៏​គ្មាន​អី​តបស្នង​សងគុណ មានតែ​ការសម្តែង​អំណរ​អរគុណ​ទៅ​ដល់​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ។ សូម​ឲ្យ​គាត់​ជួយ​កែសម្រួល​អតីត​ចរិក​គាត់​ហ្នឹង​ឱ្យ​ជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ទាំង​អំបាលម៉ាន​ដែល​មិន​ទាន់​ដោះស្រាយ សូម​ឱ្យ​គាត់​ជួយ មេត្តា រក​ភាព​ដោះស្រាយ រក​យុត្តិធម៌​ជូន​គាត់ ឱ្យ​ដូចជា​រូបខ្ញុំ លោក ផន ណុល អ៊ីចឹង​”​។​

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា តំណាង​អ្នក​តវ៉ា លោក ផន ណុល ត្រូវ សាលាដំបូងរ​ខេត្តកោះកុង ចាប់​ដាក់​ពន្ធនាគារ​អស់​៤៣​ថ្ងៃ ដោយសា​តែ​ដឹកនាំ​ការតវ៉ា ប្រឆាំង​នឹង​ក្រុមហ៊ុន​ការពារ​ដី​អ្នកភូមិ​។​

សកម្មជន​ដី​ធ្លីមក​ពី​ខេត្ត​កោះកុង​


​លោក ផន ណុល មកពី​ឃុំ​ព្រែក​ខ្សាច់ ខេត្ត​កោះកុង ឲ្យដឹងថា ភាពខ្លាំង​ដែល​សហគមន៍​លោក​ទទួលបាន​ជោកជ័យ ប្រឆាំង​នឹង​ការបណ្តេញចេញ​នេះ  គឺ​ការពង្រឹង​សាមគ្គី​ផ្ទៃក្នុង ឲ្យបាន​រឹងមាំ ការ​ផ្តល់​ទំនុកចិត្ត និង​ក្តីសង្ឃឹម​ដល់​អ្នករងគ្រោះ​ដូចគ្នា  រួម​ទាំង​ភាពក្លាហាន និង​លះបង់​ខ្ពស់ ហើយ​មិន​ត្រូវ​ជឿ​លើ​ការ​ញុះញង់​ពី​មជ្ឈដ្ឋាន​នានា នាំ​ឲ្យ​ចុះ​ខ្សោយកម្លាំង​តវ៉ា​។​

សកម្មជន​ដីធ្លី​ដែល​ពិការ​ដៃ​រូបនេះ និយាយ​ទាំង​សម្តី​ម៉ាត់ៗ​ទៀតថា តាម​ការគិត របស់​លោក​បើ​គ្មាន​ការលះបង់​ខ្ពស់ ពី​អ្នករងគ្រោះ​ដូចគ្នា គួបផ្សំ​និង​ទំនាក់ទំនង​ផ្លូវច្បាប់​ជាមួយ​ស្ថាប័ន​ឯករាជ្យ​ទេ លោក​ថា ការតស៊ូ​មតិ​ពិតជា​មិន​បាន​ជោគជ័យ​ឡើយ​៖ “​ខ្ញុំ​មាន​ការដកពិសោធន៍​មួយ បើសិន​ជា​ផលប្រយោជន៍​របស់​ខ្ញុំ ខ្ញុំ​ធ្វើ​ទៅ វា​ភ្លាត់​រហូត​មាន​កំហុស​ជាប់​ដល់​ពន្ធនាគារ ក៏​វា​មានន័យ​មួយ​ធំ​ទូលាយ​ដែរ​។ អ៊ីចឹង​ខ្ញុំ​ថា បើសិនជា​រស់​ពិបាក​ជាង​ស្លាប់ យើង​ស៊ូទ្រាំ​រស់​ធ្វើ​អី​”​។​

​តាមរយៈ​នៃ​ការតស៊ូ​របស់​សគមគ​មន៍​លោក ថ្វី​ត្បិត​តែ​មិន​បាន​ដី​ជិត​៧០០០​ហិកតា​ពី​ក្រុមហ៊ុន​មក​វិញ ប៉ុន្តែ​លោក​ថា ក្រុមហ៊ុន​បាន​ផ្តល់​សំណង​ជូន​ប្រជា​សហគមន៍​ជាង​១៣៥​គ្រួសារ នៅ​ភូមិ​យាយ​សែន ឃុំ​ព្រែក​ខ្សាច់ ស្រុក​គី​រី​សាគរ​ខេត្ត​កោះកុង ដែល​រង​ផលប៉ះពាល់​តាម​ការស្ម័គចិត្ត​។​

តំណាង​សហ​គន៍​ដែល​ជោគជ័យ​ម្នាក់ទៀត មកពី​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ គឺ​អ្នកស្រី ឈុន កន បាន​អះអាង​ថា ការតស៊ូ​មតិ​ជាង​១០​ឆ្នាំ​មកនេះ ពោរពេញ​ទៅដោយ​គ្រោះថ្នាក់ និង​ការគំរាមកំហែង​គ្រប់​រូបភាព​ពី​សំណាក់​អាជ្ញាធរ និង​ក្រុមហ៊ុន​។​

ប៉ុន្តែ​លោកស្រី​ថា ភាព​អត់ធ្មត់ និង​ការមិន​តបត​ដោយ​ហិង្សា រួម​ទាំង​រក​អន្តរាគមន៍ ពី​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​អាជ្ញាធរ​មូលដ្ឋាន ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង​ដែនដី ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី រដ្ឋសភា និង​តុលាការ​ជា​ដើម​នោះ អ្នកស្រី​ថា ធ្វើឲ្យ​ក្រុមហ៊ុន​ព្រម​ប្រគល់ស​ង​ដី​ទំហំ​ដី​១៦​ហិកតា ឲ្យ​ពួកគាត់​៦​គ្រួសារ​វិញ​។ អ្នកស្រី​បញ្ជាក់ថា​៖ “​ខ្ញុំ​ត្រេកត្រអាល​ភាពជោគជ័យ​របស់​ខ្ញុំ អាហ្នឹង​ថា​បាន​មក​វិញ តែ​ការរស់នៅ​របស់​ប្រជាជន​យើង​ក្នុងចំណោម​ចម្ការ​អំពៅ​គេ​ហ្នឹង​បាន​វា​ស្ងាត់​ស្ងប់​។ ពីមុនមក ពួក​ហ្នឹង​វា​ដើរ​អុជអាល ពួក​អ្នក​កាង​រៀបចំ​ដី​ហ្នឹង ដល់​ឥឡូវ​វា​ស្ងាត់​ស្ងប់​ដែរ ហើយ​ឧកញ៉ា​ក៏​គាត់​ចូល​ដាំ​បន្តទៀត​”​។​


​នាយក​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ លើកឡើងថា ភាព​ជោគជ័យ​នៃ​ការដោះស្រាយ​វិវាទ​ដីធ្លី​ដ៏​មាន​ប្រសិទ្ធភាព​ជាង​នេះ គឺ​ការចូលរួម​សកម្ម និង​ស្មោះត្រង់​ពី​រដ្ឋាភិបាល​។ 

លោក​យល់ថា ភាព​ជោគជ័យ​ដ៏​តិចតួច​របស់​សហគមន៍ ដែល​បាន​បង្ហាញ​ពេលនេះ ជា​ការឆ្លុះ​បញ្ជាំង​ថា យុទ្ធសាស្ត្រ​ធ្វើ​កំណែទម្រង់​ដីធ្លី​របស់​រដ្ឋាភិបាល ពេល​នេះ​ហាក់​គ្មាន​ប្រសិទ្ធិភាព ដែល​អាច​ធ្វើឱ្យ​ពលរដ្ឋ​អាច​ជឿ​ទុកចិត្តបាន​នៅឡើយ​៖ “​បើ​ប្រៀបធៀប​នឹង​ករណី​១៥ យើង​ឃើញថា តែ​៣​ករណី​ទេ​ដែល​ទទួលបាន​ជោគជ័យ​។ អ៊ីចឹង​វា​ត្រូវការ​ឱ្យមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ដែរ ពីព្រោះ​អង្គការ​មិន​អាច​នៅ​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​រហូត​ទេ​។ អ៊ីចឹង​ប្រជាពលរដ្ឋ​ខ្លួនឯង​ត្រូវ​តែ​ម្ចាស់ការ​ខ្លួនឯង ហើយ​ត្រូវតែ​សាមគ្គី​គ្នា បង្កើត​ទៅ​ជា​គេ​ហៅថា អង្គការ​មហាជន​មូលដ្ឋាន ឱ្យបាន​ច្រើន ហើយ​បង្កើត​ទៅ​ជា​បណ្តាញ​សហគមន៍​ឱ្យ​បាន​ច្រើន ហើយ​បង្កើត​ទៅ​ជា​សហព័ន្ធ​សហគមន៍​ហ្នឹង​ឱ្យបាន​ច្រើន ហើយ​ភ្ជាប់​គ្នា​ពី​វិស័យ​មួយ​ទៅ​វិស័យ​មួយ ឱ្យបាន​ច្រើន​រាប់ម៉ឺន រាប់សែន រាប់លាន​នាក់​។ ហើយ​យើង​អាច​ជួយ​គ្នា​បាន ហើយ​បើ​សិន​យើង​នៅ​ដាច់ៗ​ទៅ​គ្នា យ៉ាង​ដូច្នេះ ខ្ញុំ​ជឿថា រដ្ឋាភិបាល ឬ​គណបក្ស​នៅតែ​គេង​ចំណេញ ត្រីងៀត​ឆ្លៀត​ពង នៅតែ​អាច​ស៊ី​ឡា​ក់បាន​”​។​

ប៉ុន្តែ​សម្រាប់​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក អ៊ឹម ឈុនលឹម វិញ​អះអាង​កាល​ពី​អាទិត្យ​មុន ក្រោយ​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​សាកសួរ​ដេញដោល​ថា តាមរយៈ​វិធានការ​ធ្វើកំណែទម្រង់​ដីធ្លី រដ្ឋាភិបាល​បាន​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដី​ជូន​ពលរដ្ឋ​នៅ​ទូទាំងប្រទេស​បាន​៤​លាន​ប័ណ្ណ លោក​ថា​ចំនួន​នេះ​ស្មើ​៥៧​ភាគរយ​នៃ​ផែនការ​។​

​រដ្ឋ​មន្ត្រី​រូប​នោះ​ឲ្យដឹង​ទៀត​ថា ក្នុងចំណោម​នោះ ពេល​ក្រុម​និស្សិត​ចុះ​វាស់វែង​ដី​ជូន​ពលរដ្ឋ តាម​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី របស់​រដ្ឋាភិបាល​កាលពី​ឆ្នាំ​២០១២ ក្រុម​ការងារ​សម្រេច​បាន​លើដី​១​លាន​២​សែន​ហិកតា ធ្វើ​ប័ណ្ណ​ជូន​ពលរដ្ឋ​បាន​៦១​ម៉ឺន​ប័ណ្ណ​។ ប៉ុន្តែ​លោក​ថា ជម្លោះ​ដែល​នៅ​សេសសល់ ក្រុមការងារ​នឹង​បន្តសកម្មភាព​។​

ជាងនេះទៅទៀត​សមាគម​ការពា​សិទ្ធិមនុស្ស​អាដហុក​បាន​ចេញ​របាយការណ៍​បង្ហា​ញ​ថា គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៥​នេះ ជម្លោះ​ដីធ្លី​បាន​ធ្លាក់ចុះ​បន្តិច​វិញ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៤​ក្នុង​រយៈ​ដូចគ្នា​។​


ប៉ុន្តែ​អ្នក​មក​ពី​ខេត្ត​ពោធិ៍សាត់ ដែល​អះអាង​ថា មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ទ្រី​ភាព បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍ យក​ដី​ពី​ក្រុមហ៊ុន​ឲ្យ​ពួកគាត់ បាន​អាស្រ័យ​ផល​ដូចដើម​វិញ  ដោយ​អះអាង​ថា ពួកគាត់​ជា​អ្នក​លះបង់​សាច់​ស្រស់​ឈាន​ស្រស់ កាន់​អាវុធ​ការពារជាតិ ច្រើន​ឆ្នាំ​មកនេះ មិនគួរ​រដ្ឋាភិបាល មើលរំលង ជីវភាព​រស់នៅ​ដ៏​លំបាក​របស់​ក្រុមគ្រួសារ​ពួកគាត់ ដែល​កំពុង​រង​ការរំលោភបំពាន​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​បែបនេះ​ទេ​៖ “​ដូច​ខ្ញុំ​ទាហាន​មួយ​ដែរ ខំ​ការពារ​ទឹកដី ខ្ញុំ​ការពារ​ព្រំដែន អ៊ីចឹង​ជាក់ស្តែង​ប្រពន្ធ​កូន​ខ្ញុំ​គឺ​ប្រជាពលរដ្ឋ ខ្ញុំ​គឺ​ជា​ទាហាន អ៊ីចឹង​ជាក់ស្តែង​អ្វី​ដែល​ខ្ញុំ​ឈឺ​ចោល​បំផុត​នេះ គឺ​ខ្ញុំ​ទាហាន​ការពារ​ទឹក​ដី​បាន ប៉ុន្តែ​ខ្ញុំ​អន់ចិត្ត​ណាស់​គឺ​ការពារ​ដី​ប្រពន្ធ​កូន​ខ្លួនឯង​មិន​បាន​”​។​

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក ស្រី ចក់ សុភាព អះអាងថា ជម្លោះ​ដីធ្លី​មួយ​ចំនួន​ដែល​អាជ្ញាធរ មិនទាន់​អាច​ដោះស្រាយបាន អាចមកពី​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​នៅមានកម្រិត ធ្វើឲ្យ​មន្ត្រី​រដ្ឋាភិបាល​ខិលខូច​មួយ​ចំនួន មិន​ព្រួយបារម្ភ​ពី​ការ​ប្រឈម​ផ្លូវច្បាប់​៖ “​យន្តការ​នៅ​ការដោះស្រាយ​ទៀតសោធ ដែល​ត្រូវបាន​បង្កើតឡើង ថ្នាក់​ជាតិ​ក្តី ថ្នាក់ក្រោម​ជាតិ​ក្តី គឺ​នៅ​មាន​ចន្លោះប្រហោង ជាពិសេស​ដោយសារ​បញ្ហា​ប្រព័ន្ធ​តុលាការ​យើង នៅ​មាន​លក្ខណៈ​ពុករលួយ ហើយ​ត្រូវ​បាន​រង​នូវ​សំពាធ​នយោបាយ ហើយ​ជាពិសេស​តែងតែ​មាន​ទំនោ​រលើ​អ្នកមាន​អំណាច​នោះ ធ្វើឱ្យ​ពលរដ្ឋ​ដែល​គាត់​ជា​អ្នក​រង​ផលប៉ះពាល់ ត្រូវបាន​រងគ្រោះ បន្ត​រងគ្រោះ​អំពី​ជម្លោះ​ដីធ្លី​នេះ​”​។​

លោកស្រី ចក់ សុភាព ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គួ​សហការ​ជា​មួយ​សង្គម​ស៊ីវិល​ជា​ដៃគូ​ប្រជា​សហ​គន៍​ដែល​រងគ្រោះ ដើម្បី​ពន្លឿន​រក​ដំណោះស្រាយ រាល់​ជម្លោះដីធ្លី​ដែល​នៅ​បន្ត​អូសបន្លាយ ដើម្បី​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ឡើងវិញ​។ 

លោកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា


ជាងនេះទៅទៀត លោកស្រី​អះអាងថា នឹង​បន្ត​ចុះ​ពង្រឹង​អំណាច​សហ​គន៍​នៅ​មូលដ្ឋាន ដើម្បី​ជំរុញ​អភិបាលកិច្ច​ល្អ ដើម្បី​ធានា​សិទ្ធិ​ពលរដ្ឋ ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ បើទោះបី​រដ្ឋាភិបាល បាន​ធ្វើ​ច្បាប់​បង្រួម​សិទ្ធិ​អង្គការ​សង្គម​ស៊ីវិល និង​ទប់ស្កាត់​លំហ​ប្រជាធិបតេយ្យ​ក៏​ដោយ​។​

យ៉ាងនេះ​ក្តី​សកម្មជន​ដី​ធ្លី​នៅ​ឃុំ​ជីខ​លើ ស្រុក​ស្រែអំបិល អ្នកស្រី ផាវ ញ៉ឺ​ង ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​របស់​លោក​ហេង ហុយ ជិត​៦​ឆ្នាំ​មកនេះ មិនទាន់​មាន​ដំណោះស្រាយ អះអាងថា តាមរយៈ​បទ​បង្ហាញ​ពី​ភាពជោគជ័យ​របស់​សហ​គ​មន៍​ទាំង​៣​នេះ នឹង​ជំរុញ​ឲ្យ​គាត់​មាន​កម្លាំងចិត្ត​ទ្វេដង​ក្នុង​ការជំរុញឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ពន្លឿន​យន្តការ​ដោះស្រាយ​៖ “​យ៉ាងណាក៏ដោយ ក៏​ខ្ញុំ​នៅតែ​បន្ត​ការប្តេជ្ញាចិត្តថា ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ និង​អង្គការ​ជាតិ អន្តរជាតិ មិន​រក​យុត្តិធម៌​ឱ្យ​ពួក​ខ្ញុំ​ទេ ពួក​ខ្ញុំ​នឹង​បន្ត​ការតវ៉ា និង​បន្ត​ការជួប​ជុំរក​យុទ្ធសាស្ត្រ​ណាមួយ ក្នុង​ការដោះស្រាយ​ដោយ​សន្តិវិធី និង​អហិង្សា​ដើម្បី​ទាមទារ​យក​ដី​របស់​ពួក​ខ្ញុំ​ឱ្យបាន​ជោគជ័យ​”

​សូម​សរសេរ​មក​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles