ដោយ៖ ឆុង ស៊ីណាន | ថ្ងៃសុក្រ ទី18 កញ្ញា 2015
http://vodhotnews.com
អង្គភាពប្រឆាំងអំពើពុករលួយប្រកាសជូនដំណឹងជាសាធារណៈឲ្យអតីតទីប្រឹក្សាក្រសួងបរិស្ថាន លោក សាយ សាវ៉ាន់ មានឋានៈស្មើអនុរដ្ឋលេខាធិការ ដែលត្រូវបានបញ្ចប់មុខតំណែងកាលពីឆ្នាំ២០១៣ ឲ្យចូលខ្លួនទៅប្រកាសទ្រព្យសម្បតិ និងបំណុលទៅតាមគោលការណ៍ច្បាប់។
សេចក្តីជួនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយចុះថ្ងៃទី១៧ ខែកញ្ញា ឲ្យដឹងថា លោក សាយ សាវ៉ាន់ បានបញ្ចប់មុខតំណែងជាទីប្រឹក្សាក្រសួងបរិស្ថាន តាមរាជក្រឹត្យចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣ ហើយលោកមិនទាន់បានបំពេញកាតព្វកិច្ចក្នុងការប្រកាសទ្រព្យសម្បតិ និងបំណុលទៅតាមគោលការណ៍ច្បាប់នៅឡើយ។
សេចក្តីជូនដំណឹងបន្តថា រយៈពេលកន្លងមក អង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមជនបង្គោលប្រឆាំងអំពើពុករលួយប្រចាំនៅក្រសួងបរិស្ថានបានព្យាយាមនិងខិតខំទំនាក់ទំនងជាច្រើនសារទៅលោក សាយ សារ៉ាន់ ប៉ុន្តែមិនអាចទំនាក់ទំនងបាន។ សេចក្តីជូនដំណឹងបន្ថែមទៀតថា ប្រការនេះបង្ខំឲ្យអង្គភាពប្រឆាំងអំពើពុករលួយត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈ និងអញ្ជើញលោក សាយ សាវ៉ាន់ ឲ្យចូលខ្លួនប្រកាសទ្រព្យសម្បត្តិ និងបំណុល។
សេចក្តីជូនដំណឹងបញ្ជាក់បន្ថែមថា យោងតាមមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ចែងថាជនណាដែលមិនបានប្រកាសបំណុល និងទ្រព្យសម្បត្តិ ឬបានប្រកាសមិនត្រឹមត្រូវតាមទ្រព្យសម្បត្តិរបស់ខ្លួនទៅតាមបញ្ញាតិនៃច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀលទៅ២លានរៀល ហើយត្រូវបង្ខំឲ្យធ្វើការប្រកាសទ្រព្យសម្បត្តិជូនអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងករណីរឹងរូសមិនព្រមប្រកាសទ្រព្យសម្បតិ្តត្រូវផ្តន្ទាទោសទ្វេដង៕
សរសេរមកកាន់ លោក ឆុងស៊ីណាន តាមរយៈ Chhong.sinan@yahoo.com
