IBAHRI រកឃើញ​សម្ពាធ​លើ​តុលាការ និង​ស្នើ​ចាត់​វិធានការ

សន្និសីទ​ស្ដីពី​យុត្តិធម៌​ទល់​នឹង​អំពើ​ពុករលួយ​ពី​ម្សិលមិញ។ ផា លីណា

សន្និសីទ​ស្ដីពី​យុត្តិធម៌​ទល់​នឹង​អំពើ​ពុករលួយ​ពី​ម្សិលមិញ។ ផា លីណា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ វិទ្យាស្ថាន​សិទ្ធិ​មនុស្ស​នៃ​គណៈមេធាវី​អន្តរជាតិ (IBAHRI) បាន​ចេញ​របាយការណ៍​មួយ​បង្ហាញ​​​ថា​ប្រព័ន្ធ​តុលាការ​​​នៅ​កម្ពុជា​បាន​រង​នូវ​សម្ពាធ​​នយោបាយ​ពី​សមាជិក​រាជរដ្ឋាភិបាល​មាន​ការ​ស៊ីសំណូក និង​អំពើ​ពុករលួយ​ដែល​​​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​វិធានការ​បន្ទាន់​ដើម្បី​កែ​តម្រូវ​​​ទាំង​ផ្លូវ​ច្បាប់ និង​ការ​អនុវត្ត​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​​ចំពោះ​ឯករាជភាព​នៃ​ប្រព័ន្ធ​តុលាការ​។

របាយការណ៍​ស្តី​ពី «​យុត្តិធម៌ និង​អំពើ​ពុករលួយ: បញ្ហា​ប្រឈម​ចំពោះ​ឯករាជភាព​នៃ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​» កម្រាស់ ៦៩ ​ទំព័រ​របស់ (IBAHRI) ចេញ​ផ្សាយ​ពី​ម្សិលមិញ​បាន​ពិនិត្យ​ដំបូង​​​លើ​ឯករាជភាព​នៃ​​ប្រព័ន្ធ​តុលាការ​ដោយ​សន្និដ្ឋាន​ថា​រដ្ឋមន្ត្រី​​ក្រសួង​​យុត្តិធម៌​បាន​ទទួល​តួនាទី​ដ៏​មាន​អំណាច​​​បំផុត​​ទាំង​ផ្លូវ​ច្បាប់ និង​ការ​អនុវត្ត​ជាក់ស្តែង​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ព្រមទាំង​មាន​ឥទ្ធិពល​លើ​​ផ្នែក​ស្ទើរ​ទាំងអស់​របស់​ចៅក្រម​ដែល​ធ្វើឲ្យ​ប៉ះពាល់​ឯករាជភាព​តុលាការ​ដែល​ជា​អំណាច​មួយ​ដាច់​ដោយ​ឡែក​ពី​ស្ថាប័ន​នីតិប្រតិបត្តិ​។

របាយការណ៍​​កត់សម្គាល់​ថា «បច្ចុប្បន្ន​វិសាលភាព​អំណាច​របស់​រដ្ឋមន្ត្រី​ក្រសួង​​យុត្តិធម៌​​លើ​ប្រព័ន្ធ​តុលាការ​មាន​ដូចជា​ឥទ្ធិពល​លើ​ផ្នែក​ថវិកា ធនធាន ការ​បណ្តុះបណ្តាល ការ​តែងតាំង ការ​ដំឡើង​តំណែង រយៈពេល​កាន់​តំណែង និង​ការ​ដក​ចេញ​​ក្នុង​ប្រព័ន្ធ​តុលាការ​ដែល​ត្រូវ​​បាន​ចែង​ក្នុង​ច្បាប់​​ថ្មី​ទាំង​បី​ដោយ​គ្មាន​សង្គតិភាព​ជាមួយ​បទដ្ឋាន​អន្តរជាតិ​ឡើយ»។

របាយការណ៍​បន្ត​ថា​បញ្ហា​ប្រឈម​មាន​ដូចជា​ការ​ស៊ី​សំណូក និង​អំពើ​ពុករលួយ​ទាំង​ផ្នែក​នយោបាយ និង​ហិរញ្ញវត្ថុ​ហាក់​បាន​លេច​ឡើង​ដោយ​ឆន្ទៈ​លើ​សកម្មភាព​ទាំងអស់​របស់​តុលាការ។

IBAHRI បាន​​លើក​ឡើង​ថា៖ «ចៅក្រម ​ដែល​កំពុង​បណ្តុះបណ្តាល​ត្រូវ​បាន​ស្នើ​ឲ្យ​បង់​ប្រាក់​ដើម្បី​អាច​ចូលរួម​ក្នុង​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ហើយ​ចៅក្រម​ជា​សមាជិក​គណបក្ស​ប្រជាជន​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ទទួល​បាន​ការ​តែងតាំង​ និង​ការ​ដំឡើង​តំណែង»។

ក្រៅពី​អំពើ​ពុករលួយ IBAHRI បាន​លើក​ឡើង​ទៀត​ថា​ប្រព័ន្ធ​តុលាការ​ក៏​ប្រឈម​នឹង​កង្វះ​តំណាង​ស្ត្រី​ក្នុង​សមាសភាព​ចៅក្រម​ខណៈ​ដែល​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ការ​ពាក់ព័ន្ធ​ផ្នែក​នយោបាយ​ខ្លាំង​ដែល​មិន​អាច​បំពេញ​មុខងារ​បាន​សមស្រប​ទៅ​តាម​វិជ្ជាជីវៈ​ផ្នែក​ច្បាប់​ជាដើម។

ដោយ​មើល​ឃើញ​ពី​ការ​ប្រឈម​នេះ IBAHRI បាន​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​​កម្ពុជា​ចាត់​វិធានការ​បន្ទាន់​ដោយ​បញ្ឈប់​​​​ការ​ដាក់​សម្ពាធ​នយោបាយ​លើ​ប្រព័ន្ធ​តុលាការ​ពី​សមាជិក​រដ្ឋាភិបាល​ធានា​ និង​ការ​ពារការ​បែង​ចែក​អំណាច​នៅ​កម្ពុជា​គោរព​ឯករាជភាព​តុលាការ​បង្កើត​ថវិកា​សម្រាប់​កម្មវិធី​ជំនួយ​ផ្នែក​ច្បាប់​ និង​ថវិកា​ទូទៅ​ដល់​ប្រព័ន្ធ​តុលាការ​ដោះស្រាយ​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ និង​ស្នើ​ឲ្យ​គណៈមេធាវី​ប្រកាន់​​ខ្ជាប់​គោលការណ៍​តម្លាភាព​អភិបាលកិច្ច​ល្អ និង​ទប់ស្កាត់​ការ​អនុវត្ត​មិន​ត្រឹម​ត្រូវ​ក្នុង​មុខងារ​ខ្លួន​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​យុត្តិធម៌​ទល់​នឹង​អំពើ​ពុករលួយ​ការ​តស៊ូ​ឆ្ពោះ​ទៅ​រក​ឯករាជភាព​នៃ​អំណាច​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​នា​សណ្ឋាគារ​ឡឺរ៉ូយាល់​កាលពី​ថ្ងៃ​ម្សិលមិញ លោក Mark Wassouf មេធាវី​មកពី​ទីក្រុង​ឡុងដ៍​បាន​ថ្លែង​​​​​ថា​កង្វល់​​ដ៏ធំ​​ដែល​បង្ហាញ​នេះ​គឺ​ទំហំ​អំណាច​ដ៏លើសលប់​របស់​ក្រសួង​យុត្តិធម៌​ទៅលើ​តុលាការ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​​វិសោធនកម្ម​ច្បាប់​ប្រព័ន្ធ​តុលាការ​ថ្មី​ទាំង​ ៣។

លោក​ថា៖ «​ត្រូវ​អនុវត្ត​ច្បាប់​​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​គ្រោះថ្នាក់​ដល់​ការ​បែងចែក​អំណាច​រដ្ឋមន្ត្រី​ត្រូវ​បន្ថយ​អំណាច​របស់​គាត់​ដូច​ដែល​បាន​ផ្តល់​ជូន​ក្នុង​ច្បាប់​នេះ​ហើយ​គាត់​ត្រូវ​តែ​បដិសេធ​​មិន​ធ្វើ​ជា​សមាជិក​នៃ​ឧត្តម​ក្រុមប្រឹក្សា​អង្គចៅក្រម​មិន​ចូលរួម​នៅក្នុង​ដំណើរការ​ដំឡើង​ឋានៈ​ចៅក្រម ឬ​​ជ្រើសរើស​ចៅក្រម។​ ជម្រើស​ចុងក្រោយ​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ច្បាប់​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​ដើម្បី​ធានា​ថា​ប្រព័ន្ធ​តុលាការ​ឯករាជ្យ»។

កាលពី​ខែ​កក្កដា ឆ្នាំ​ ២០១៤ កម្ពុជា​បាន​អនុម័ត​ច្បាប់​ប្រព័ន្ធ​តុលាការ​ថ្មី​ចំនួន​ ៣ គឺ​ច្បាប់​ស្តីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម​ និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្តីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​តុលាការ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន បាន​ច្រាន​​ចោល​របាយការណ៍​ដែល​លោក​ថា គ្មាន​តម្លាភាព និង​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​ការ​ប្រមូល​ឯកសារ​ព័ត៌មាន​ការ​សម្ភាស។

លោក​ថា ​របាយការណ៍​នេះ​ប្រមូល​ព័ត៌មាន​​​​​តែ​ពី​​ជ្រុង​​មួយ​​​ដែល​តែងតែ​រិះគន់​រាជរដ្ឋាភិបាល​​​ប៉ុណ្ណោះ​ខណៈ​ក្រសួង​យុត្តិធម៌​មិន​ដែល​​បាន​ជ្រៀតជ្រែក​លើ​ស្ថាប័ន​តុលាការ​​ផង​នោះ។

លោក​ថា​៖ «វា​មិន​មាន​អី​ចម្លែក​ទេ​ចំពោះ​ការ​រកឃើញ​ក្នុង​ន័យ​​​ខ្មៅ​ងងឹត​មក​លើ​វិស័យ​យុត្តិធម៌​យើង​នោះ​»​។

ចំណែក​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក តាំង​ ស៊ុនឡាយ មិន​មាន​យោបល់​ចំពោះ​របាយការណ៍​នេះ​ទេ​ តែ​សុំ​​ឲ្យ​បង្ហាញ​ភ័ស្តុតាង​ច្បាស់លាស់​។

ទោះ​យ៉ាង​ណា ​នាយិកាប្រតិបតិ្ត​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​អ្នកស្រី ចក់ សុភាព យល់​ថា​របកគំហើញ​នេះ​បាន​ឆ្លុះបញ្ចាំង​ភាព​ជាក់ស្តែង​ដែល​កើតឡើង​នៅ​កម្ពុជា​ដែល​ផ្នែក​ពាក់ព័ន្ធ​គួរ​ពិចារណា​ និង​សិក្សា​លើ​អនុសាសន៍​ទាំងនោះ​ដើម្បី​ពង្រឹង​ឯករាជភាព​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា៕


What Next?

Recent Articles