ដោយ អ៊ុំ រង្សី
2015-10-08
RFA
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរៀបចំកិច្ចប្រជុំ រវាងអន្តរក្រសួង និងតំណាងក្រុមហ៊ុនប្រេងឥន្ធនៈ នាទីស្ដីការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥។ RFA/Um Raingsy
ក្រុមហ៊ុនប្រេងឥន្ធនៈដែលកំពុងប្រតិបត្តិការនៅកម្ពុជា ចំនួន ៥ ព្រមសន្យាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះថ្លៃប្រេងសាំង ១០០រៀលបន្ថែមទៀតក្នុង ១លីត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែតុលា។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល រំពឹងថា កាបញ្ចុះតម្លៃនេះ នឹងអាចជួយសម្រួលបានខ្លះដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យប្រពៃណីជាតិ ខណៈដែលតម្លៃប្រេងសាំងនៅកម្ពុជា បច្ចុប្បន្ន មានតម្លៃក្រោម ៤ពាន់រៀលរួចទៅហើយ។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅពេលនេះ ធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំអន្តរក្រសួងជាមួយក្រុមហ៊ុនប្រេងឥន្ធនៈនៅកម្ពុជា នៅថ្ងៃទី៨ ខែតុលា នាទីស្ដីការក្រសួងពាណិជ្ជកម្ម។
លោក ស៊ុន ចាន់ថុល ឲ្យដឹងថា មានតែក្រុមហ៊ុនប្រេងឥន្ធនៈចំនួន ៥ ទេ ក្នុងចំណោមក្រុមហ៊ុនចំនួន ៨ ដែលធ្វើប្រតិបត្តិការនៅកម្ពុជា ព្រមចុះថ្លៃប្រេងសាំងនេះ ហើយដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែតុលា។ ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន តេលា (Tela) សាវីម៉ិច (Savimex) សូគីម៉ិច (Sokimex) ប៊ី.វ៉ី.អឹម (BVM) និង អិល.អេច្ឆ.អ (LHR)។
លោកបានឲ្យដឹងបន្តថា ក្រុមហ៊ុនចំនួន ៣ ទៀត ដែលមិនទាន់ព្រមចុះថ្លៃ ១០០រៀល មានក្រុមហ៊ុន តូតាល់ (Total) ភី.ធី.ធី (PTT) កាល់តិច (Caltex) កំពុងពិចារណាចំពោះការស្នើសុំនេះ៖ «»។
ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុនប្រេងឥន្ធនៈនៅកម្ពុជា រហូតមកដល់ពេលនេះនៅមិនទាន់ឯកភាពគ្នាចំពោះរូបមន្តកំណត់ថ្លៃប្រេងសាំងនៅកម្ពុជា នៅឡើយ បើទោះជាមានការជួបពិភាក្សាគ្នាជាច្រើនលើកច្រើនសាហើយក្តី។
ទន្ទឹមនឹងក្រុមហ៊ុនប្រេងឥន្ធនៈនៅកម្ពុជា ព្រមចុះថ្លៃ ១០០រៀល នាពិធីបុណ្យភ្ជុំនេះដែរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា ក៏បានបញ្ជាក់ដែរថា ទោះជារូបមន្តកំណត់ថ្លៃប្រេងសាំងនៅកម្ពុជា មិនទាន់ឯកភាពគ្នា តែភាគីក្រសួងទាំងបីបានទទួលព័ត៌មាន និងការបញ្ជាក់ឲ្យច្បាស់ពីតម្លៃដើមរបស់ភាគីក្រុមហ៊ុនប្រេងសាំង នៅកម្ពុជា រួចហើយ។
លោកថា ភាគីក្រសួង និងភាគីក្រុមហ៊ុន នឹងពិភាក្សាគ្នាបន្តទៀត ដើម្បីស្វែងរករូបមន្តលើតម្លៃលក់ប្រេងសាំង នៅក្រោយបុណ្យភ្ជុំ។ រដ្ឋាភិបាលរំពឹងថា រូបមន្តនេះនឹងជំរុញឲ្យមានការបញ្ចុះតម្លៃប្រេងសាំងនៅកម្ពុជា ឲ្យស្របនឹងទីផ្សារអន្តរជាតិនៅពេលឆាប់ៗនេះ។
ក្រុមហ៊ុនប្រេងឥន្ធនៈនៅកម្ពុជា ព្រមចុះថ្លៃ ១០០រៀល គេសង្កេតឃើញថា ធ្វើឡើងក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសអំពាវនាវទៅកាន់ក្រុមហ៊ុនប្រេងសាំង ឲ្យចុះថ្លៃបន្ថែមទៀតក្នុងពេលដែលប្រេងលើពិភពលោកបានធ្លាក់ថ្លៃ កាលពីថ្ងៃទី២២ កញ្ញា កន្លងទៅ។
ផ្ទុយទៅវិញ ជុំវិញការព្រមចុះថ្លៃ ១០០រៀលនេះដែរ ត្រូវបានពលរដ្ឋអ្នកប្រើប្រាស់បណ្ដាញសង្គមរិះគន់ថា ជាតម្លៃដែលមិនអាចឆ្លើយតបទៅនឹងតម្រូវការ និងឆ្លុះបញ្ចាំងលើការចំណាយជាក់ស្ដែងរបស់ពលរដ្ឋកម្ពុជា នារដូវបុណ្យភ្ជុំបិណ្ឌនោះឡើយ។ ជាងនេះ អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម ក៏ធ្លាប់ឲ្យដឹងថា តម្លៃប្រេងសាំងនៅកម្ពុជា បច្ចុប្បន្ន កំពុងប៉ះពាល់ខ្លាំងដែលភាគច្រើនជាអ្នកដែលមានចំណូលទាបតិចជាង ២ដុល្លារក្នុងមួយថ្ងៃ ជាពិសេសប្រជាកសិករក្រីក្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជីវករផ្សារដើមគតវ៉ាសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីរឿងរុះរើផ្សារ
- ក្រសួងការបរទេសប្រកាសឲ្យពលរដ្ឋចូលរួមប្រកួតប្រជែងយករង្វាន់១ម៉ឺនដុល្លារ
- អាជីវករផ្សារដើមគរតវ៉ាប្រឆាំងនឹងគម្រោងរុះរើផ្សារ
- សហព័ន្ធស្រូវអង្ករកម្ពុជាអះអាងថាគ្មានវត្តមានអង្ករផ្លាស្ទិចនៅកម្ពុជាឡើយ
- ក្រសួងការបរទេសរៀបចំកម្មវិធីសំណួរចម្លើយពីចំណេះដឹងអាស៊ានដើម្បីយករង្វាន់
- ស្ថានទូតកម្ពុជាប្រចាំអូស្ត្រាលីនិងណូវែលហ្សេឡង់ដ៍ផ្ដល់សេវាកម្មឥតគិតថ្លៃដល់ពលរដ្ឋកម្ពុជា
- មន្ត្រីពន្ធដារខេត្តព្រះសីហនុថាចំណូលពន្ធ៦ខែដើមឆ្នាំ២០១៥កើនឡើងជាង៧០ម៉ឺនដុល្លារ
- លោក ហ៊ុន សែន នឹងទៅចូលរួមកិច្ចប្រជុំនៅប្រទេសមីយ៉ាន់ម៉ានៅសប្ដាហ៍ក្រោយ
- កម្ពុជារំពឹងថាអាចនឹងទាញភ្ញៀវទេសចរពីយុទ្ធនាការទិសដៅមួយព្រះរាជាណាចក្រពីរ