ដោយ ហ៊ុំ ចំរើន
2015-10-08
RFA
សកម្មភាពពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រង់ចាំរថយន្តនៅក្រុងប៉ោយប៉ែត ដើម្បីធ្វើដំណើរត្រឡប់ទៅស្រុកកំណើតកាលពីថ្ងៃទី១២ មេសា ឆ្នាំ២០១៥។ Provided Photo
ពលករខ្មែរដែលទៅធ្វើការងារនៅប្រទេសថៃ ហើយវិលត្រឡប់មកលេងស្រុកកំណើតវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំនេះ មានការថយចុះខ្លាំង បើធៀបនឹងឆ្នាំមុនៗ។
មន្ត្រីអង្គការសង្គមស៊ីវិល កត់សម្គាល់ថា ការថយចុះនេះដោយសារពលករជួបការលំបាកច្រើនក្នុងការធ្វើដំណើរតាមច្រកប៉ោយប៉ែត ហើយពួកគេបានងាកទៅចេញតាមច្រកទ្វារអន្តរជាតិផ្សេងជំនួសវិញ។
មន្ត្រីប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានការយល់ឃើញផ្ទុយពីការលើកឡើងរបស់អង្គការសង្គមស៊ីវិល អំពីការថយចុះចំនួនពលករដែលវិលត្រឡប់ពីប្រទេសថៃ នេះ។
នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក ស៊ឹម សំអាត មានប្រសាសន៍នៅថ្ងៃទី៧ តុលា ថា ចំនួនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ហើយវិលត្រឡប់មកលេងស្រុកកំណើតក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ដែលធ្វើដំណើរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឆ្នាំនេះ មានការថយចុះជាខ្លាំងបើប្រៀបធៀបនឹងឆ្នាំមុនៗ។ លោកអះអាងថា មូលហេតុដែលចំនួនពលករត្រឡប់មកលេងស្រុកកំណើតថយចុះនេះ ដោយសារចំនួនពលករដែលទៅធ្វើការនៅប្រទេសថៃ មានការថយចុះច្រើនជាងឆ្នាំមុនៗ៖ «ខ្ញុំគិតថា បញ្ហានេះដោយសារកម្លាំងពលកម្មនៅក្នុងស្រុកមានតម្លៃឈ្នួលខ្ពស់ ទើបធ្វើឲ្យពលករមួយចំនួនងាកមករកការងារធ្វើនៅក្នុងប្រទេសវិញ»។
ទោះយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ពលករខ្មែរដែលទៅធ្វើការងារនៅប្រទេសថៃ ពុំមានការថយនោះទេ។ លោកកត់សម្គាល់ថា មូលហេតុដែលពលករវិលត្រឡប់មកលេងស្រុកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានការថយចុះនេះ ដោយសារពួកគេជួបឧបសគ្គច្រើនក្នុងការធ្វើដំណើរតាមច្រកនេះ។ លោកអះអាងថា ពលករធ្វើដំណើរតាមច្រកប៉ោយប៉ែត ជួបការលំបាក ដោយត្រូវចំណាយអស់ថវិកាច្រើន។ អ្នកធ្វើដំណើរចេញចូលច្រើន នាំឲ្យចំណាយពេលវេលាយូរ និងសំបុត្ររថយន្តឈ្នួលនៅប៉ោយប៉ែត មានតម្លៃខ្ពស់ ជាដើម៖ «យើងឃើញថា ការដូរលុយដូរកាក់នៅកន្លែងនោះមានភាពរញ៉េរញ៉ៃ ហើយម្យ៉ាងទៀត ឡានក្រុង និងរថយន្តតាក់ស៊ីប្រចាំនៅប៉ោយប៉ែត ហាក់មានអ្នកប៉ាវផ្ដាច់មុខនូវតម្លៃសំបុត្រ ដែលតែងតែបង្ខំឲ្យក្រុមពលករធ្វើដំណើរតាមរថយន្តរបស់ខ្លួន»។
រីឯអ្នករត់តាក់ស៊ីពីក្រុងប៉ោយប៉ែត ទៅខេត្តបាត់ដំបង គឺលោក គុយ សុទ្ធា ថ្លែងថា ចំនួនពលករដែលត្រឡប់ពីប្រទេសថៃ ឆ្នាំនេះ មានការថយចុះជាងឆ្នាំមុនច្រើន។ លោកអះអាងថា ពលករភាគច្រើនធ្វើដំណើរត្រឡប់ទៅលេងស្រុកកំណើតក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ តាមច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង និងច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ជាដើម៖ «អ្នកនាំពលករពីទឹកដីថៃ ចូលមកខ្មែរនៅច្រកប៉ោយប៉ែត តែងតែជំរិតទារប្រាក់ពីពួកគាត់ច្រើនហួសហេតុ ខុសពីតម្លៃដែលបានឯកភាពគ្នាជាមួយពលករនៅក្នុងទឹកដីថៃ»។
របាយការណ៍ប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បង្ហាញថា ចំនួនពលករខ្មែរដែលទៅធ្វើការនៅប្រទេសថៃ ស្របច្បាប់ ហើយវិលត្រឡប់មកលេងស្រុកកំណើតវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរឆ្នាំនេះប្រមាណ ៣០០នាក់ក្នុងមួយថ្ងៃ គឺថយចុះច្រើន បើធៀបនឹងឆ្នាំកន្លងទៅ ដែលចំនួនពលករប្រមាណពី ៥០០នាក់ទៅ ៦០០នាក់ក្នុងមួយថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សហជីពនិងកម្មករមិនពេញចិត្តចំពោះការដំឡើងប្រាក់ខែកម្មករ១៤០ដុល្លារ
- កម្មកររោងចក្រកាត់ដេរមួយចំនួននៅភ្នំពេញធ្វើយុទ្ធនាការទាមទារប្រាក់ឈ្នួលសមរម្យ
- សហជីពនឹងចាប់ផ្ដើមយុទ្ធនាការទាមទារប្រាក់ឈ្នួលកម្មករចាប់ពីថ្ងៃទី៧តុលា
- ក្រសួងការងារប្រកាសឲ្យកម្មករនិយោជិតសម្រាក៤ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
- សហជីពមាននិន្នាការផ្ទុយគ្នាបង្ហាញជំហររួមលើកិច្ចចរចាប្រាក់ឈ្នួលអប្បបរមាជូនកម្មករ
- តុលាការខេត្តកំពង់ឆ្នាំងកោះហៅតំណាងកម្មករជិត២០នាក់ចូលបំភ្លឺរឿងកម្មករកូដកម្ម
- មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលបង្ហាញមូលហេតុនៃកូដកម្មក្នុងវិស័យកាត់ដេរ
- ស្ត្រីខ្មែរ៣នាក់ត្រូវបានជួយសង្គ្រោះពីប្រទេសចិននិងម៉ាឡេស៊ី
- កម្មកររោងចក្រប៊្លូមហ្វៀលខេត្តកំពង់ឆ្នាំងបន្តតវ៉ាទាមទារដំណោះស្រាយការងារ