ដោយ ហង្ស សាវយុត
2015-10-08
RFA

ប្រជាពលរដ្ឋប្រមាណ ៥០នាក់មកពីឃុំពាក់ស្នែង ស្រុកអង្គរធំ និងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី លើកគ្នាទៅសាលាខេត្តសៀមរាប ឲ្យជួយអន្តរាគមន៍ដោះលែងអ្នកភូមិម្នាក់ ដែលសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅតុលាការ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥។ RFA/Hang Savyouth
អាជ្ញាធរ និងរដ្ឋបាលព្រៃឈើ ស្រុកអង្គរធំ ខេត្តសៀមរាប កំពុងចាត់វិធានការក្តៅតាមផ្លូវច្បាប់ ដើម្បីបង្ក្រាបទៅលើសកម្មភាពចូលកាប់រាន ហើយចាប់យកដីរបស់រដ្ឋដោយខុសច្បាប់នៅតំបន់វាលឆ្កែកូន នៃភ្នំអំពិល ក្នុងឃុំពាក់ស្នែង ដែលជាប់ភូមិសាស្ត្រគ្នានឹងតំបន់អូរម្ចាស់ នៃឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី។
ក្នុងការទប់ស្កាត់ការកាប់រានដីព្រៃរបស់រដ្ឋ កាលពីថ្ងៃទី៦ ខែតុលា កន្លងទៅ គឺអាជ្ញាធរបានចាប់ខ្លួនអ្នកភូមិម្នាក់ និងអ្នកកាសែតនៅអង្គភាពសេនាដៃ៨ ម្នាក់ទៀតបញ្ជូនទៅតុលាការ។
ប្រជាពលរដ្ឋប្រមាណ ៥០នាក់នៅឃុំពាក់ស្នែង ស្រុកអង្គរធំ និងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី បានលើកគ្នាមកឈរនៅមុខសាលាខេត្តសៀមរាប កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ដោយចង់ជួបជាមួយអភិបាលខេត្ត និងស្នើសុំឲ្យជួយអន្តរាគមន៍ដោះលែងប្រជាពលរដ្ឋម្នាក់ ឲ្យមានសេរីភាពវិញ។
ក្រុមអ្នកភូមិប្រុសស្រីដែលមានសម្លៀកបំពាក់ និងសាច់ឈាម បង្ហាញឲ្យដឹងថា ជាកសិករក្រីក្រទាំងនោះ បានទាមទារឲ្យអភិបាលខេត្តសៀមរាប ជួយអន្តរាគមន៍ទៅតុលាការ ដើម្បីដោះលែងស្ត្រីម្នាក់ឈ្មោះ កី ប៉ឹប ជាអ្នកភូមិសណ្ដាន់ ឃុំពាក់ស្នែង ឲ្យមានសេរីភាពវិញ។ អ្នកភូមិបញ្ជាក់ថា រដ្ឋបាលព្រៃឈើ និងអាជ្ញាធរស្រុកអង្គរធំ បានចោទប្រកាន់ស្ត្រីឈ្មោះ កី ប៉ឹប ថាជាអ្នកចូលកាប់រានដីព្រៃរបស់រដ្ឋ ប៉ុន្តែភាពពិត គឺស្ត្រីនោះមិនមានកំហុសអ្វីទេ៖ «ប្រុស៖ មូលហេតុដែលគេចាប់នោះ គាត់ឮថាគេចាប់អ្នកសារព័ត៌មាន ក៏រត់មកជួយ ហើយគេក៏ហ៊ុមព័ទ្ធចាប់គាត់ទៅ។ ស្រី៖ សូមទាមទារឲ្យដោះលែង កី ប៉ឹប មកវិញ ព្រោះគាត់ជាពលរដ្ឋសុទ្ធសាធអត់មានខុសអ្វីទេ»។
ការលើកគ្នាទាមទាររបស់ក្រុមប្រជាពលរដ្ឋនេះ ធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី៦ ខែតុលា កន្លងទៅ មន្ត្រីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរស្រុកអង្គរធំ ព្រមទាំងសមត្ថកិច្ចចម្រុះ បានចុះទប់ស្កាត់ការកាប់រានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ហើយបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ កុល សៀម ជាអ្នកយកព័ត៌មានឲ្យកាសែតសេនាដៃ៨ និងស្ត្រីម្នាក់ឈ្មោះ កី ប៉ឹប ជាអ្នកភូមិសណ្ដាន់ មក។
មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើ និងអាជ្ញាធរស្រុកអង្គរធំ បានអះអាងប្រហាក់ប្រហែលគ្នាថា មនុស្សទាំងពីរនាក់ដែលគេចាប់ខ្លួននេះ គឺម្នាក់ជាអ្នករារាំង និងឆាឆៅរំខានដល់ការអនុវត្តភារកិច្ចរបស់សមត្ថកិច្ច និងម្នាក់ទៀតជាប់ពាក់ព័ន្ធនឹងករណីកាប់រានដីព្រៃ ព្រមទាំងដឹកនាំអ្នកផ្សេងទៀតឲ្យចូលទៅរុករានដីព្រៃរបស់រដ្ឋដោយខុសច្បាប់។
អភិបាលស្រុកអង្គរធំ លោក ឡុង រដ្ឋារក្ស មានប្រសាសន៍ថា ដីម្ដុំតំបន់ឆ្កែកូន ភ្នំអំពិល នោះ គឺជាដីព្រៃដែលមានដីកាដកហូតទុកជាសម្បត្តិរដ្ឋតាំងតែពីខែឧសភា ឆ្នាំ២០០៦ មក។ លោកអភិបាលស្រុកដដែលទទួលស្គាល់ថា ប្រជាពលរដ្ឋម្នាក់ឈ្មោះ កី ប៉ឹប នោះ គឺពិតជាបានចូលទៅធ្វើស្រែក្នុងតំបន់នោះជាយូរឆ្នាំមកហើយមែន ក៏ប៉ុន្តែគាត់មានកំហុស ដោយសារតែគាត់បានបំផុសអ្នកផ្សេងទៀតឲ្យចូលទៅសង់រោងប្រក់តង់កៅស៊ូទំហំ ២គុណនឹង ៣ម៉ែត្រជាច្រើន ដើម្បីចាប់យកដីរបស់រដ្ឋ ដោយបែងជាឡូចែកគ្នាក្នុងក្បាលដីទំហំ ៤០ម៉ែត្រគុណនឹង ៥០ម៉ែត្រក្នុងមួយរោងៗ។ ចំណែកឯអ្នកកាសែតសេនាដៃ៨ នោះវិញ គឺបានធ្វើសកម្មភាពដាក់ម៉ូតូរាំងផ្លូវគោយន្តរបស់ប្រជាពលរដ្ឋ មិនឲ្យចេញពីតំបន់នោះ ព្រមទាំងតាមថតរូបភាព និងអុកឡុករំខានសមត្ថកិច្ច ក្នុងពេលបង្ក្រាបការរុករានដីព្រៃនោះផង៖ «យាយ កី ប៉ឹប គាត់បានធ្វើយូរគ្រាន់ហើយដែរ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំខ្ញុំមិនច្បាស់ទេ ប៉ុន្តែគាត់ធ្វើ ហើយគាត់បាននាំអ្នកផ្សេងទៅធ្វើ ទៅពង្រីកដីនោះទៀត ដោយបង្កើតភាពអនាធិបតេយ្យ»។
នាយសង្កាត់រដ្ឋបាលព្រៃឈើអង្គរធំ លោក ប៉ែន សារិន មានប្រសាសន៍ថា តំបន់ដែលអាជ្ញាធរចុះទប់ស្កាត់ប្រជាពលរដ្ឋ មិនឲ្យចាប់យកនោះ គឺជាដីព្រៃអចិន្ត្រៃយ៍របស់រដ្ឋ។ នាយសង្កាត់រដ្ឋបាលព្រៃឈើដដែលបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ មក គឺដីកាលេខ១១៤ របស់សាលាខេត្តសៀមរាប បានដកហូតយកដីព្រៃទីនោះមករក្សាទុកជាសម្បត្តិរដ្ឋទំហំ ៥ពាន់ហិកតារ ប៉ុន្តែចាប់ពីអំឡុងខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ មានប្រជាពលរដ្ឋដំបូងជាង ៣០នាក់ បាននាំគ្នាចូលទៅសង់រោង បំណងចាប់យកដីទីនោះ លុះអាជ្ញាធរចុះណែនាំកាលពីថ្ងៃទី១៤ ខែកញ្ញា កន្លងទៅ ក៏ស្រាប់តែមានចំនួនអ្នកចូលទៅសង់រោងកាន់តែច្រើនឡើងៗរហូតដល់ទៅជិត ២០០ខ្នង៖ «គាត់ក៏បានបញ្ឈប់ការចូលទៅរុករានកាលពីថ្ងៃទី១៤ ខែកញ្ញា។ ដល់ពេលយើងរើរុះមិនឲ្យគាត់ធ្វើបន្តទៀត មកដល់ថ្ងៃទី៦ ខែតុលា គឺគាត់ធ្វើរោងថែមរហូតដល់ទៅជិត ២០០ខ្នង ដោយមានការញុះញង់ពីមនុស្សមួយចំនួន កៀរគរប្រជាពលរដ្ឋឲ្យចូលទៅកាន់តែច្រើន»។
ទោះយ៉ាងណា អ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តសៀមរាប លោក ចៅ ល័ក្ខវណ្ណា យល់ថា ក្រុមប្រជាពលរដ្ឋដែលលើកគ្នាមកស្នើសុំឲ្យតុលាការដោះលែងអ្នកភូមិនោះ គឺជាសិទ្ធិរបស់គាត់ ប៉ុន្តែចំពោះរឿងដែលរដ្ឋបាលព្រៃឈើអះអាងថា ដីនៅតំបន់ឆ្កែកូន ភ្នំអំពិល គឺជាដីព្រៃរបស់រដ្ឋ ចំណែកប្រជាពលរដ្ឋក៏អះអាងថា ជាដីដែលពួកគេកាន់កាប់ធ្វើកសិកម្មយូរមកហើយនោះ គឺលោកមិនទាន់ប្រាកដថា ខាងណាខុស ឬក៏ត្រូវនៅឡើយទេ ពីព្រោះក្រុមអង្គការមិនទាន់បានចុះទៅស៊ើបអង្កេតនៅឡើយ។
អង្គការលីកាដូ បញ្ជាក់ថា ប្រសិនបើនៅពេលខាងមុខ ក្រុមការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលចុះទៅស៊ើបអង្កេត ហើយរកឃើញថា ប្រជាពលរដ្ឋនាំគ្នាចូលទៅកាប់រានយកដីព្រៃរបស់រដ្ឋមែន គឺជារឿងខុសច្បាប់ ប៉ុន្តែប្រសិនបើដីទាំងនោះត្រូវអ្នកភូមិធ្វើកសិកម្មជាយូរមកហើយមែន បើទោះជាមិនទាន់មានលិខិតកាន់កាប់ជាផ្លូវការក៏ដោយ ក៏ច្បាប់នៅតែទទួលស្គាល់ថា គឺជាដីភោគៈរបស់ប្រជាពលរដ្ឋហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋ៣០គ្រួសាររស់នៅសំណង់អនាធិបតេយ្យនៅក្រុងបាត់ដំបងចាប់ឆ្នោតទទួលដីឡូ
- អភិបាលខេត្តព្រះសីហនុចុះពិនិត្យដីតំបន់រក្សាប្រភពទឹកស្អាតក្បាលឆាយ
- ពលរដ្ឋខេត្តកំពង់ឆ្នាំងបារម្ភខ្លាចអាជ្ញាធរផ្ដល់សំណងដីធ្លីនិងផ្ទះសម្បែងមិនសមរម្យ
- ពលរដ្ឋ១២គ្រួសារនៅខេត្តក្រចេះបារម្ភខ្លាចបាត់បង់ដីធ្លីអាស្រ័យផល
- ពលរដ្ឋមានជម្លោះដីធ្លីនិងសង្គមស៊ីវិលប្រារព្ធទិវាសិទ្ធិលំនៅឋានអន្តរជាតិ
- អាដហុកខេត្តព្រះវិហារជំរុញឲ្យពលរដ្ឋនៅឃុំភ្នំត្បែងពីរយល់ដឹងពីសិទ្ធិមនុស្ស
- អាជ្ញាធរខេត្តរតនគិរីដោះស្រាយជម្លោះដីធ្លីរវាងសហគមន៍និងក្រុមហ៊ុនចាងលី
- ពលរដ្ឋមានជម្លោះដីជាមួយក្រុមយោធានៅខេត្តកំពតទទូចឲ្យអាជ្ញាធរពន្លឿនដោះស្រាយ
- មេឃុំនៅខេត្តក្រចេះរងការចោទថានៅពីក្រោយនៃការកាប់ព្រៃសហគមន៍ដៃគូ