ពលរដ្ឋ​ទាមទារ​ឲ្យ​ដោះលែង​ស្ត្រី​ម្នាក់ ករណី​រុករាន​ដីព្រៃ​​

ដោយ៖​ បូ សា​វី​​ | ថ្ងៃព្រហស្បតិ៍ ទី8 តុលា 2015, 05:07 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ប្រជាពលរដ្ឋ​ដែល​មក​តវ៉ា​នៅសាលាខេត្ត​សៀមរាប ឲ្យដោះលែង​ស្ត្រីម្នាក់​ (រូបថត៖ បូ សាវី)


អ្នកភូមិ​ប្រហែល​៥០​នាក់​តំណាង​ឲ្យ​ពលរដ្ឋ​៦៥​គ្រួសារ មកពី​ស្រុក​អង្គរ​ធំ និង​ស្រុក​បន្ទាយស្រី នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រមូលផ្ដុំ​គ្នា​ដាក់​ញត្ដិ​រក​អន្តរាគមន៍​ពី​អភិបា​ល​ខេត្ដសៀមរាប ដោះលែង​ពលរដ្ឋ​ម្នាក់ ដែល​សមត្ថកិច្ច​ចាប់ខ្លួនដោយ​ចោទ​ថាកាប់​រុករាន​ដីព្រៃ​ខុសច្បាប់​។​

កាលពី​ថ្ងៃ​ទី​៦ ​ខែតុលា មន្ដ្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ជាច្រើន​រយ​នាក់​ប្រដាប់​ដោយ​អាវុធ បាន​ចាប់ខ្លួន​អ្នក​ភូមិ​ម្នាក់​ជា​ស្ដ្រី​ឈ្មោះ កី ប៉ឹ​ប អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​សណ្ដាន់ ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ដោយ​ចោទប្រកាន់​ស្ដ្រី​រូប​នោះរ​ស់​នៅ​ក្នុង​ព្រៃ​ខុសច្បាប់​។​

​ប្រជាពលរដ្ឋ​នៅ​ឃុំ​ពាក់​ស្នែង ប្រាប់​VOD​នៅ​កន្លែង​តវ៉ា​ក្បែរ​សាលា​ខេត្ដ​ថាតុលាការ​បាន​ឃុំខ្លួន​ស្ត្រី​នោះដោយ​អ​យុត្តិធម៌ ព្រោះ​រូប​គាត់​បាន​រស់នៅ ​និង​ប្រកប​របរ​ធ្វើស្រែ​ចម្ការ​ជាង​១០​ឆ្នាំ​មកហើយ មិន​ដែល​មាន​សមត្ថកិច្ច​ណា​ប្រាប់​ថា​រស់នៅ​ខុសច្បាប់​នោះទេ​។ លោក​បន្ដថាការចាប់ខ្លួន​ស្ដ្រី​នោះដោយសារ​អ្នក​មាន​អំណាច​ឈ្មោះ ដូង ឌឹ​ម និង​ឈ្មោះ អ៊ឹម សឿត ចង់​យក​ដី​ពី​គាត់​ប៉ុណ្ណោះ​។

VODមិនអាច​ទាក់ទង​អភិបាលខេត្ដ លោក ឃឹម ប៊ុន​សុង និង​អ្នកនាំពាក្យ​សាលា​ខេត្ដ​សៀមរាប លោក ប៊ុន ថា​ឬ​ទ្ធិ ដើម្បី​សាកសួរ​ពី​បញ្ហា​នេះ​បាន​ទេ ដោយ​លោក​ទាំង​ពីរ​មិន​លើក​ទូរស័ព្ទ​។​ ​ចំណែក​ឈ្មោះ ដូង ឌឹ​ម និង​ឈ្មោះ អ៊ឹម សឿត ដែល​ពលរដ្ឋ​ហៅថា​ជា​អ្នកមាន​អំណាច​នោះ ក៏​មិន​អាច​ស្វែងរក​ការបំភ្លឺ​បាន​នៅឡើយ​។​

​ប៉ុន្ដែ​ពលរដ្ឋ​ឲ្យដឹងថាញត្ដិ​ដែល​ពួ​កគាត់​ដាក់ជូន​អភិបាលខេត្ដ​នោះ មាន​អភិបាលរង​ខេត្ដ​ម្នាក់​ចេញ​មក​ទទួល​ហើយ​។​

​ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លី​កាដូ​ខេត្ដ​សៀម​រាប​ លោក ចៅ ល័ក្ខវ​ណ្ណា មានប្រសាសន៍ថា តាម​ច្បាប់​ភូមិបាល បើសិន​ពលរដ្ឋ​រូបនោះ​បាន​កាន់កាប់​ដី​ជម្លោះ​ជាង​១០​ឆ្នាំ​មែន​នោះ អាជ្ញាធរ​ខេត្ដ​គួរ​ដោះស្រាយ​តាម​ច្បាប់​។

ប្រជាពលរដ្ឋ​បានឲ្យដឹងថា កាលពី​ឆ្នាំ​២០០២ អ្នកភូមិ​ចំនួន​៥០​គ្រួសារ បាន​ទៅ​រស់នៅ​លើ​ដី​ជម្លោះស្ថិតក្នុង​ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ហើយ​មក​ដល់​ឆ្នាំ​២០០៧​មាន​ចំនួន​២៧​គ្រួសារទៀត ទៅ​រស់នៅ​បន្ថែម​ប៉ុន្ដែ​ត្រូវបាន​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ បណ្ដេញ​ចេញ​នៅ​ថ្ងៃទី​៦​ ខែ​តុលា​នេះ​៕

សូមសរសេរមកលោក បូ សា​វី​ តាមរយៈ savy@vodhotnews.com

What Next?

Recent Articles