ដោយ ដែន អយុធ្យា
2015-10-08
RFA

មន្ត្រីកាំកុងត្រូលសាខាខេត្តព្រះសីហនុ ពិនិត្យគុណភាពទំនិញ ឬនំចំណី នាបរិវេណសាលាបឋមសិក្សា ជា ស៊ីម ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥។ RFA/Den Ayuthyea
ថ្នាក់ដឹកនាំស្ថាប័នកាំកុងត្រូលខេត្តព្រះសីហនុ បង្កើនសកម្មភាពចុះពិនិត្យមុខទំនិញ និងមុខម្ហូបស្រស់គ្រឿងសមុទ្រ ជាដើម នៅតាមទីផ្សារ និងតាមអាហារដ្ឋានតាមឆ្នេរសមុទ្រ ដើម្បីស្វែងរកទំនិញខូចគុណភាព ឬមានដាក់សារធាតុគីមីនៅក្នុងទំនិញទាំងនោះ។
មន្ត្រីជំនាញកាំកុងត្រូល បានស្នើដល់ប្រជាពលរដ្ឋ ពិសេសអាជីវករលក់ដូរទំនិញ ឬអាហារហូបចុកទាំងអស់ ត្រូវចូលរួមសហការផ្តល់ព័ត៌មានទៅកាន់មន្ត្រីជំនាញ ដើម្បីចូលរួមថែរក្សាសុខភាពគ្រួសាររៀងៗខ្លួន។
អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ លោក ជា ប៉ិច មានប្រសាសន៍ថា ស្ថាប័ននេះបានបន្តបើកយុទ្ធនាការត្រួតពិនិត្យមុខទំនិញ ឬត្រីសាច់នៅតាមទីផ្សារ និងតាមអាហារដ្ឋាននានាដែលអាចមានផ្ទុកសារធាតុគីមីផ្សេងៗ នាំឲ្យប៉ះពាល់សុខភាពអ្នកទទួលទាន។ លោកបន្តថា នៅក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មន្ត្រីជំនាញបានបង្កើនសកម្មភាពជារៀងរាល់ថ្ងៃ ដើម្បីចុះត្រួតពិនិត្យមុខទំនិញគ្មានគុណភាព ឬហួសកាលបរិច្ឆេទប្រើប្រាស់ ជាពិសេសគ្រឿងសមុទ្រស្រស់ៗដែលអាជីវករដាក់លក់នៅតាមទីផ្សារនានា ទូទាំងខេត្តព្រះសីហនុ៖ «យើងបានពិនិត្យមើលគ្រឿងស្លាកសម្រាប់ពលរដ្ឋទិញទៅប្រគេនព្រះសង្ឃ និងបានធ្វើតេស្ដទៅលើម្ហូបអាហារ បន្លែត្រីសាច់ គ្រឿងសមុទ្រស្រស់ៗ គ្រឿងកំប៉ុង ឬភេសជ្ជៈ កំប៉ុងគ្រប់ប្រភេទ ដែលដាក់លក់នៅលើទីផ្សារ ឬតាមផ្ទះប្រជាពលរដ្ឋជាដើម ដើម្បីធ្វើតេស្ដរកសារធាតុគីមី និងហួសគុណភាពប្រើប្រាស់ ជាដើម»។
ផ្ដើមពីបញ្ហានេះ លោក ជា ប៉ិច បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ ពិសេសអាជីវករលក់ដូរទំនិញ ឬអាហារហូបចុកទូទាំងប្រទេស ពិសេសខេត្តព្រះសីហនុ ត្រូវចូលរួមផ្តល់ព័ត៌មានទៅកាន់ស្ថាប័ននេះ បើបានដឹងថាមានទីតាំងណាមួយមានលក់ទំនិញ ឬលក់មុខម្ហូបស្រស់ៗ មានដាក់សារធាតុគីមី និងទំនិញហួសកំណត់ប្រើប្រាស់៖ «ស្នើដល់ប្រជាពលរដ្ឋទូទៅ បើសិនបានដឹងព័ត៌មានពីភាពមិនប្រក្រតីនៃចំណីអាហារ ឬពុលចំណីអាហារ ដែលគេដាក់លក់នៅមូលដ្ឋានខេត្តព្រះសីហនុ សូមទូរស័ព្ទមកកាន់ស្ថាប័នកាំកុងត្រូលជាបន្ទាន់ ដើម្បីឈានដល់បញ្ជូនមន្ត្រីចុះពិនិត្យផ្ទាល់តាមរយៈទូរស័ព្ទលេខ ០១៧ ៤៤៣ ៧៣៧ និង ០១២ ៩៧៥ ៦៥៧»។
ទោះយ៉ាងណា លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ ថ្លែងទាំងរីករាយថា បច្ចុប្បន្ននេះ ស្ថាប័នកាំកុងត្រូលបានពិនិត្យឃើញថា ទាំងប្រជាពលរដ្ឋ និងអាជីវករលក់ដូរទំនិញ ឬត្រីសាច់ ជាដើម បានសហការជាមួយស្ថាប័នកាំកុងត្រូល ហើយមានការយល់ដឹងខ្ពស់ពីការលក់ដូរទំនិញឲ្យមានគុណភាព និងការជ្រើសអាហារដើម្បីទទួលទាន ជាដើម។
ទាក់ទិនបញ្ហានេះ លោក ប៊ួន ណារិទ្ធិ មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តព្រះសីហនុ មានប្រសាសន៍ថា កន្លងមកនៅពេលមានពិធីបុណ្យជាតិធំៗ មានបុណ្យភ្ជុំ ឬបុណ្យចូលឆ្នាំ ជាដើម ក្រុមអាជីវករមានគំនិតមិនល្អមួយចំនួន បានបញ្ចេញទំនិញហួសកំណត់ប្រើប្រាស់ ឬគ្មានគុណភាពមកកាន់ទីផ្សារ។ ជាងនេះ ក៏មានអាហារត្រីសាច់គ្រឿងសមុទ្រស្រស់ ត្រូវអាជីវករខ្លះមានលួចដាក់សារធាតុគីមី ដើម្បីស្តុកទុកបានយូរ ជាដើម។ លោក ប៊ួន ណារិទ្ធិ ថ្លែងថា កង្វល់នេះមិនមានច្រើនដូចពេលមុនទៀតទេនាមូលដ្ឋានទេសចរណ៍ ឬខេត្តជាប់សមុទ្រមួយនេះ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ ប្រកាសគាំទ្រសកម្មភាពរបស់មន្ត្រីជំនាញស្ថាប័នកាំកុងត្រូលខេត្តព្រះសីហនុ ដែលមានសកម្មភាពមមាញឹកចុះពិនិត្យគុណភាពទំនិញផ្សេងៗ ដើម្បីជួយការពារសុខភាពប្រជាពលរដ្ឋទូទៅ និងស្នើឲ្យមន្ត្រីស្ថាប័ននេះ ធ្វើសកម្មភាពឲ្យបានជាប្រចាំ៖ «សកម្មភាពស្ថាប័នកាំកុងត្រូលពេលនេះ គឺទាន់សភាពការណ៍ និងត្រូវកាលៈទេសៈបំផុត ដើម្បីបង្ការទុកមុននូវការធ្វើចរាចរទំនិញមានជាតិគីមី ឬហួសគុណភាពប្រើប្រាស់ ជាដើម នៅក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។ សកម្មភាពនេះបញ្ជាក់ឲ្យឃើញថា ស្ថាប័នកាំកុងត្រូលបានយកចិត្តទុកដាក់ទៅលើសុខភាពប្រជាពលរដ្ឋ ដោយការទទួលខុសត្រូវខ្ពស់។ យើងគាំទ្រសកម្មភាពរបស់មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ ដែលបានអនុវត្តពេលនេះ និងស្នើឲ្យការអនុវត្តបានគ្រប់ជ្រុងជ្រោយ»។
ទាក់ទិនបញ្ហានេះដែរ នៅឯអគ្គនាយកដ្ឋានកាំកុងត្រូលរាជធានីភ្នំពេញឯណោះវិញ ក៏បានចេញសេចក្ដីជូនដំណឹងចុះថ្ងៃទី១១ ខែកញ្ញា ឲ្យដឹងថា ស្ថាប័ននេះបានបង្កើតខ្សែទូរស័ព្ទចំនួន ៦ខ្សែបន្ថែមទៀត សម្រាប់ឲ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងទូទាំងប្រទេស ដើម្បីផ្តល់ព័ត៌មាន ឬរាយការណ៍ពីករណីចំណីអាហារពុំមានសុវត្ថិភាព និងការពុលចំណីអាហារ ជាដើម។ ខ្សែទូរស័ព្ទទាំង ៦ខ្សែនោះមានលេខ ០១២ ២៣៣ ២៦២ លេខ ០១២ ៨៥០ ១០៥ លេខ ០១២ ៨៧០ ០៧៦ លេខ ០១២ ៤៤៥ ៥៦២ លេខ ០៩៦ ៨២៩ ៧៨៧៨ និងលេខ ០៩៧ ៧៨៨ ៦១១១។
បន្ថែមលើនេះ អគ្គនាយកដ្ឋានកាំកុងត្រូល បានអះអាងក្នុងសេចក្តីជូនដំណឹងនោះថា នឹងមានចំណាត់ការជាបន្ទាន់ នៅពេលទទួលបានព័ត៌មានពិតប្រាកដអំពីករណីពុលចំណីអាហារ ឬអាហារគ្មានគុណភាព ដែលពលរដ្ឋរាយការណ៍ជូន ហើយបានសន្យាថា នឹងរក្សាការសម្ងាត់នៃអត្តសញ្ញាណរបស់អ្នករាយការណ៍ ឬផ្តល់ព័ត៌មានមកកាន់អគ្គនាយកដ្ឋានកាំកុងត្រូល ដោយការទទួលខុសត្រូវខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ព្រះសង្ឃនិងពលរដ្ឋ៣៦នាក់នៅសៀមរាបសង្ស័យពុលកាហ្វេក្នុងពិធីកាន់បិណ្ឌ
- ឧកញ៉ា ម៉ុង ឫទ្ធី សន្យាសង់កន្លែងរង់ចាំនៅមន្ទីរពេទ្យគន្ធបុប្ផាមុនបុណ្យភ្ជុំបិណ្ឌ
- ជនបរទេស១ក្រុមនាំគ្នាជិះម៉ូតូធំផ្សព្វផ្សាយអប់រំពលរដ្ឋនៅទីក្រុងសៀមរាប
- សប្បុរសជនមួយចំនួនសន្យាជួយសង់កន្លែងរង់ចាំនៅមន្ទីរពេទ្យគន្ធបុប្ផា
- មន្ត្រីជំនាញកំពុងពិនិត្យសំណុំរឿងពលរដ្ឋម្នាក់ស្លាប់ដោយសង្ស័យថាពាក់ព័ន្ធនឹងការព្យាបាល
- “ក្រុមងាយរងគ្រោះដោយសារជំងឺអេដស៍នៅតែរងការមាក់ងាយ”
- មន្ទីរពេទ្យគន្ធបុប្ផាដំណើរការព្យាបាលជំងឺកុមារកម្ពុជាបានរយៈពេល២៣ឆ្នាំ
- ពលរដ្ឋតំបន់ដាច់ស្រយាលនៅខេត្តស្ទឹងត្រែងត្អូញត្អែរបញ្ហាខ្វះមណ្ឌលសុខភាព
- អាដហុកស៊ើបអង្កេតគ្លីនិកដែលរងការចោទថាព្យាបាលអ្នកជំងឺស្លាប់នៅប៉ោយប៉ែត