ដោយ ប្រាជ្ញ ចេវ
2015-10-08
RFA
សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក រ៉ុង ឈុន ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២០ មេសា ឆ្នាំ២០១៥។ RFA/Morm Moniroth
សមាជិកគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ពិនិត្យមើលឡើងវិញអំពីការចោទប្រកាន់ថា លោកបើកប្រាក់ខែពីរដ្ឋ ប៉ុន្តែមិនមកធ្វើការនោះ។
ការស្នើនេះ គឺធ្វើឡើងបន្ទាប់ពីលោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្រោយបិទបញ្ចប់ទិវាគ្រូបង្រៀន កាលពីថ្ងៃទី៧ ខែតុលា ដោយរិះគន់ទៅលើលោក រ៉ុង ឈុន ថា បើកលុយរដ្ឋរាល់ខែ ប៉ុន្តែមិនមកធ្វើការនោះទេ ហើយថែមទាំងដើរឃោសនាដើម្បីបម្រើនយោបាយ។
លោករដ្ឋមន្ត្រីបន្តថា ក្នុងករណីមានការស្រាវជ្រាវរកមន្ត្រីអសកម្មនៅក្នុងគ្រឹះស្ថានអប់រំនោះ គឺលោកនឹងស្រាវជ្រាវករណីលោក រ៉ុង ឈុន មុនគេ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក រ៉ុង ឈុន និយាយថា មុនចូលបម្រើការនៅ គ.ជ.ប លោកតែងតែទៅកន្លែងធ្វើការងារជារៀងរាល់ថ្ងៃ ប៉ុន្តែនៅនាយកដ្ឋានរបស់មិនដំណើរការទេ។
លោកបន្តថា ប្រសិនបើមិនធ្វើមែននោះ ក្រសួងនឹងចាត់វិធានការលើរូបលោកយូរហើយ មិនមែនទុកដល់ពេលនេះទេ៖ «ការលើកឡើងមិនឆ្លុះបញ្ចាំងពីការពិត ហើយនាយកដ្ឋាននោះមិនមានដំណើរការអ្វីផង ចេះតែដាក់បន្ទុកឲ្យបុគ្គលិកទៅអង្គុយសំកុក អត់មានការងារអីធ្វើ នេះមិនមែនជាការទទួលខុសត្រូវទេ សុំពិនិត្យឡើងវិញ»។
លោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ធ្លាប់មានតួនាទីជាសមាជិកនៅនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ នៃក្រសួងអប់រំយុវជន និងកីឡា ដែលលោកទទួលបានប្រាក់បៀវត្សរ៍ជាង ៨០ម៉ឺនរៀលក្នុងមួយខែ ប៉ុន្តែលោកបានព្យួរការងារនេះ បន្ទាប់ពីមានតួនាទីជាសមាជិកនៅក្នុងស្ថាប័ន គ.ជ.ប នៅឆ្នាំ២០១៥ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការលើកពេលសវនាការសំណុំរឿងលោក ហុង សុខហួរ ដោយមិនកំណត់ពេល
- រដ្ឋមន្ត្រីក្រសួងអប់រំប្រតិកម្មតបនឹងការរិះគន់របស់លោក សម រង្ស៊ី
- មន្ត្រីខេត្តឧត្តរមានជ័យរារាំងលោក សម រង្ស៊ី មិនឲ្យចូលវត្តក្នុងក្រុងសំរោង
- អនុប្រធានបក្សប្ដឹងរំលាយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
- បារាំងបញ្ជូនអ្នកជំនាញព័ត៌មានវិទ្យាមកជួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- សង្គមស៊ីវិលរិះគន់ការតែងតាំងទីប្រឹក្សាអនុប្រធានព្រឹទ្ធសភាថាខ្ជះខ្ជាយថវិកាជាតិ
- អាជ្ញាធរស្រុកអន្លង់វែងរងការចោទថារារាំងមិនឱ្យបក្សប្រឆាំងសង់រោងទទួលថ្នាក់ដឹកនាំ
- សម្ភាសលោក ម៉ម សូណង់ដូ ស្ដីពីបញ្ហាបែកបាក់ផ្ទៃក្នុងគណបក្ស
- ប្រធានក្រុមតំណាងរាស្ត្រជាប់ឆ្នោតទាំងពីរនឹងជួបគ្នាម្ដងទៀតជជែកពីបញ្ហាសេសសល់