សហជីព​និង​កម្មករ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដំឡើង​ប្រាក់ខែ​កម្មករ​​១៤០​ដុល្លារ

ដោយ ថា កិត្យា
2015-10-08
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

workerwage620.jpg
អនុ​ប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ ឡើង​បង្ហាញ​លទ្ធផល​បោះ​ឆ្នោត​សម្រេច​ប្រាក់​ខែ​អប្បបរមា​កម្មករ​សម្រាប់​ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​៨ តុលា ឆ្នាំ​២០១៥។ RFA/Tha Kitya


លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ​បាន​សម្រេច​ដំឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ និង​ផលិត​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០១៦ ចំនួន ១៣៥​ដុល្លារ ហើយ​រដ្ឋាភិបាល​ផ្ដល់​ឲ្យ ៥​ដុល្លារ​ថែម​ទៀត​សរុប​ចំនួន ១៤០​ដុល្លារ។ ការ​ដំឡើង​ប្រាក់ខែ​ថ្មី​នេះ គឺ​ក្រុម​សហជីព និង​កម្មករ​មួយ​ចំនួន​យល់​ថា នៅ​មាន​ចំនួន​តិច មិន​អាច​ធានា​ឲ្យ​កម្មករ​រស់​នៅ​ដោយ​សេចក្ដី​ថ្លៃថ្នូរ​ឡើយ។

​ចាប់​ពី​ខែ​មករា ដើម​ឆ្នាំ​២០១៦ ត​ទៅ កម្មករ​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​បន្ថែម​ចំនួន ១២​ដុល្លារ ពី​លើ​ប្រាក់​ឈ្នួល​បច្ចុប្បន្ន​ចំនួន ១២៨​ដុល្លារ។

ក្រុម​សហជីព និង​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​មួយ​ចំនួន នៅ​មិន​ទាន់​ពេញ​ចិត្ត​ចំពោះ​ការ​ដំឡើង​ប្រាក់​ខែ​ថ្មី​សរុប​ចំនួន ១៤០​ដុល្លារ​នេះ​ទេ ហើយ​គ្រោង​ជួបជុំ​ពិភាក្សា​គ្នា​ថា តើ​នឹង​តវ៉ា​ប្រឆាំង​សេចក្ដី​សម្រេច​នេះ​នៅ​ក្រោយ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ហើយ ឬ​យ៉ាង​ណា?

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (CCAWDU) និង​ជា​សមាជិក​គណៈកម្មការ​ប្រឹក្សា​ការងារ លោក អាត់ ធន់ មាន​ប្រសាសន៍​ថា សហជីព​កម្មករ​របស់​លោក​ចង់​បាន ១៦០​ដុល្លារ។ លោក​បាន​បញ្ជាក់​ថា តួលេខ​ប្រាក់​ឈ្នួល ១៤០​ដុល្លារ នៅ​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​តម្រូវការ​របស់​កម្មករ​នៅ​ឡើយ បើ​ប្រៀបធៀប​នឹង​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​សព្វថ្ងៃ៖ «កម្មករ​ខំ​ប្រឹង​ធ្វើ​ការ​ថែម​ម៉ោង​ចាប់​ពី ២ ទៅ ៤​ម៉ោង​ទៀត ហើយ​គាត់​ទៅ​ធ្វើ​ការ​ក្រៅ​ម៉ោង ឬ​ក៏​គាត់​ដេរ​ស៊ី​ប៉ុង ដែល​គាត់​មិន​គិត​ពី​បញ្ហា​សុខភាព​របស់​គាត់​ទេ អ៊ីចឹង​ការ​ឡើង​បាន ១០​ដុល្លារ​ទៀត វា​គ្រាន់​តែ​ថែម​បាន​បន្តិច តែ​វា​មិន​មែន​មាន​ន័យ​ថា ដល់​កម្រិត​ឲ្យ​ពួក​គាត់​រស់នៅ​សមរម្យ​បាន​ទេ»

​នីតិវិធី​នៃ​ការ​ដំឡើង​ប្រាក់​ឈ្នួល​នោះ គឺ​ធ្វើ​ឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត​សម្ងាត់​លើ​តួលេខ​ចំនួន​៣ គឺ​តួលេខ ១៣៥​ដុល្លារ​របស់​ភាគី​រដ្ឋាភិបាល តួលេខ ១៦០​ដុល្លារ​របស់​ភាគី​សហជីព និង​តួលេខ ១៣៣​ដុល្លារ​របស់​ថៅកែ​រោងចក្រ។ លទ្ធផល​បង្ហាញ​ថា តួលេខ ១៣៥​ដុល្លារ​ដែល​កំណត់​ដោយ​ភាគី​រដ្ឋាភិបាល ទទួល​បាន​សំឡេង​គាំទ្រ ២៤ លើ ២៨​សំឡេង។ ចំណែក​តួលេខ ១៦០​ដុល្លារ​កំណត់​ដោយ​ភាគី​សហជីព មាន​សំឡេង​គាំទ្រ ២ លើ ២៨​សំឡេង និង​តួលេខ ១៣៣​ដុល្លារ​របស់​ថៅកែ​រោងចក្រ គឺ​គ្មាន​សំឡេង​គាំទ្រ​នោះ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​តុលា ថា តួលេខ​ប្រាក់ខែ​ថ្មី ១៤០​ដុល្លារ​នេះ គឺ​ជា​លទ្ធផល​មួយ​ដែល​មាន​ការ​សិក្សា​ខាង​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកទេស​យ៉ាង​ល្អិតល្អន់ ដូច្នេះ​គ្រប់​ភាគី​នឹង​អាច​ទទួល​យក​បាន​តាម​រយៈ​លទ្ធផល​បោះ​ឆ្នោត៖ «ខ្ញុំ​ជឿ​ថា វា​មិន​ប៉ះពាល់​សម្រាប់​ការ​វិនិយោគ​ទេ ជាពិសេស​តំណាង​របស់​គេ​នៅ​ទីនេះ គឺ​គេ​គាំទ្រ ហើយ​ដោយឡែក​បង​ប្អូន​សហជីព មាន​ការ​ទាមទារ​ចំនួន​ច្រើន​ជាង​នេះ ប៉ុន្តែ​ចំនួន​នោះ វា​គង់​តែ​ទៅ​ដល់​ទេ យើង​បាន​ប៉ុណ្ណឹង យើង​យក​សិន​ទៅ នៅ​ឆ្នាំ​ក្រោយ យើង​បន្ត​ជជែក​គ្នា​ទៀត។ អ៊ីចឹង​វា​អត់​មាន​ចាំបាច់​អី​ទៅ​ធ្វើ​ការ​តវ៉ា​ទេ បាតុកម្ម​អី​ទេ គឺ​វេទិកា​សម្រាប់​ជជែក​ចរចា​គ្នា​នេះ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត ដើម្បី​សុខដុមនីយកម្ម​នៅ​ក្នុង​សង្គម»

ក្នុង​កិច្ច​ពិភាក្សា​ត្រី​ភាគី និង​ដំណើរ​ការ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ ដែល​មាន​ភាគី​រដ្ឋាភិបាល​មាន​ចំនួន ១៤​រូប ភាគី​និយោជក ៧​រូប និង​ភាគី​សហជីព​ចំនួន ៧​រូប​នោះ គឺ​លោក អាត់ ធន់ រិះគន់​ថា មាន​ភាព​មិន​ប្រក្រតី​នោះ​ទេ។ មិន​ប្រក្រតី ដោយសារ​សហជីព​ខ្លះ​មាន​និន្នាការ​ទៅ​រក​រដ្ឋាភិបាល៖ «នៅ​ក្នុង​សហជីព​ចំនួន ៧ ហ្នឹង គឺ​វា​មាន​សហជីព​បួន​ទៅ​ប្រាំ​ហើយ ដែល​មិន​ឯករាជ្យ ដែល​មិន​រក្សា​នូវ​គោល​ជំហរ​របស់​របស់​កម្មករ​ខ្លួន​ឯង ហើយ​បែរ​ជា​ទៅ​គាំទ្រ​តួលេខ​គេ​ផ្សេង»

ទាក់ទិន​នឹង​ប្រាក់ខែ ១៤០​ដុល្លារ​នេះ កញ្ញា មីមី ដែល​ជា​កម្មការិនី​រោងចក្រ ខូថប វ័ន (COTOP1) ក្នុង​រាជធានី​ភ្នំពេញ ប្រាប់​ថា គាត់​មិន​សុខចិត្ត​នោះ​ទេ ព្រោះ​នៅ​មាន​ចំនួន​តិច​ដែល​មិន​អាច​ដោះស្រាយ​ជីវភាព​បាន​សមរម្យ​នៅ​ឡើយ៖ «អត់​គ្រាន់​ទេ ដឹង​ថា​អត់​គ្រាន់​ហ្មង​នៅ​តិច​ណាស់! ដូច​គេ​និយាយ​អ៊ីចឹង​ថា ១៥០ ទៅ ១៦០ គឺ​វា​សមរម្យ»

ការ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​របស់​កម្មករ​បាន​ថមថយ​កម្ដៅ​ទៅ​វិញ​ខ្លះ បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា​រវាង​កម្មករ និង​សមត្ថកិច្ច នៅ​លើ​ផ្លូវ វ៉េង ស្រេង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ កន្លង​ទៅ ហើយ​ក្នុង​នោះ បាន​បណ្ដាល​ឱ្យ​បាតុករ​ចំនួន ៤​នាក់​ស្លាប់ ម្នាក់​បាត់​ខ្លួន និង ២៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ ក្រុម​សហជីព​យល់​ថា ប្រាក់​ឈ្នួល​នេះ​មិន​ទាន់​ប្រាកដ​ថា ធ្វើ​អោយ​កម្មករ​ស្ងប់ចិត្ត​នោះ​ទេ ពោល​គឺ​ពួកគេ​អាច​នឹង​ផ្ទុះ​ការ​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​ម្ដង​ទៀត។

លោក អាត់ ធត់ សង្កត់​ធ្ងន់​ថា ប្រសិនបើ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ​នោះ គឺ​មិន​អាច​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ដក​ខ្លួន​ចេញ​ពី​កម្ពុជា នោះ​ទេ ព្រោះ​កម្ពុជា នៅ​មាន​កត្តា​អនុគ្រោះ​ច្រើន​ដល់​អ្នក​វិនិយោគ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles