​រដ្ឋមន្ត្រី​៖​ នាយករដ្ឋមន្ត្រី​អន្តរា​គមន៍​ឲ្យប្រាក់​ឈ្នួលក​ម្មករ​ឡើងដល់​១៤០​ដុល្លារ​នៅ​ឆ្នាំ​២០១៦​

ដោយ៖​ ញឹម សុខន​ | ថ្ងៃព្រហស្បតិ៍ ទី8 តុលា 2015, 04:36 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

លោក អ៊ិត សូធឿត រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ


​ទី​បំផុត​ ប្រាក់​ឈ្នួល​គោលរបស់​កម្មករ​ក្នុង​វិស័យ​កាត់ដេរសម្រាប់​ឆ្នាំ​២០១៦ត្រូវ​ប្រកាស​ជា​ផ្លូវការនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ដំឡើង​ជា​ង​១០​ដុល្លារ​បន្ថែម ដែល​សរុប​កើន​ដល់​១៤០​ដុល្លារ ខណៈ​កម្មករ​ទាមទារ​១៦០​ដុល្លារ​ទើប​អាចទ្រទ្រង់​ជីវភាព​ពួកគេឲ្យ​រស់នៅ​សមរម្យ​បាន​។​

ក្រោយ​បោះឆ្នោត​សម្ងាត់នៅ​ក្រសួង​ការងារ នា​ព្រឹក​ថ្ងៃទី​៨​ ខែ​តុលា​នេះ គណៈកម្មការប្រឹក្សា​ការងារប្រកាសថា ២៤​សំឡេង​គាំទ្រ​ឲ្យ​ដំឡើង​​ប្រាក់​ឈ្នួល​១៣៥​ដុល្លារ ២​សំឡេង​គាំទ្រ​ឲ្យ​ដំឡើង​​ដល់​១៦០​ដុល្លារ និង​២​សំឡេង​អនុ​បវាទ។ 

បើ​តាម​អ្នក​រៀបចំ​កម្មវិធី គណៈកម្មការ​ប្រឹក្សា​ការងារ​នេះ​មាន​២៨​រូប​ចូលរួម​បោះឆ្នោត​នេះ ក្នុងនោះមក​ពី​សហ​ជីព​៧​រូប មកពី​តំណាង​និយោជក​៧​រូប និង​១៤​រូបតំណាង​រដ្ឋាភិបាល​។​

ភ្លាមៗ​នោះ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ប្រកាសថាលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែម​៥​ដុល្លារពីលើ​១៣៥​ដុល្លារ ធ្វើឲ្យ​ប្រាក់ខែ​គោល​កើន​ដល់​១៤០​ដុល្លារ​។​ លោក​ថា​ប្រាក់​​ឈ្នួល​នេះ នឹង​ចាប់​អនុវត្ត​ពី​ថ្ងៃ​១​ ខែ​មករា​ ឆ្នាំ​២០១៦​តទៅ​។ លោក​ថ្លែងថា៖ “បន្ថែមពីលើ​១៣៥ដុល្លារសហរដ្ឋអាមេរិកនេះ គឺ​សម្តេច​តេជោនាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង លោកបាន​ផ្តល់​បន្ថែម​៥ដុល្លារបន្ថែមទៀត​។ ដូច្នេះ​ប្រាក់​ខែ​គោល​អប្បបរិមា​ប្រចាំ​ឆ្នាំ​២០១៦ គឺ​១៤០ដុល្លារ​សហរដ្ឋអាមេរិក​”

ប្រធាន​សភាព​ការងារ​កម្ពុជា លោក អត់ ធន់ ដែល​បាន​ចូលរួម​បោះឆ្នោត​ដែរអះអាងថាបើទោះបី​លោក​បាន​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​ដំឡើង​​ប្រាក់​ឈ្នួល​នេះបាន​ដល់​១៦០​ដុល្លារក៏ដោយ ប៉ុន្តែ​លោក​ថាសមាសភាព​នៃ​គណៈ​កម្មការ​ប្រឹក្សា​ការងារ​នេះ ភាគច្រើន​គាំទ្រ​ខាង​និយោជក រួម​ទាំង​សហជីព​មួយចំនួន​ដែល​មាន​សិទ្ធិ​បោះឆ្នោត​នេះ​ផង​ដែរ​។​

លោក អាត់ ធន់ យល់​ថា​កម្រិត​ប្រាក់​ឈ្នួល​អប្បរ​មា​មាន​ត្រឹម​១៤០​ដុល្លារ​នេះ នៅតែ​មិន​អាច​ដោះស្រាយ​ជីវភាព​កម្មករឲ្យ​ប្រសើ​រនៅ​ឡើយ​៖ “យើង​មើលតាម​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ គឺ​កម្មករ​រស់​បាន​នៅក្នុង​រាជធានីគឺ​១៤២ដុល្លារ​នៅឆ្នាំ​២០១៣ ហើយ​មក​ដល់​ឆ្នាំ​ហ្នឹង វា​កើន​ដល់​១៥៨ដុល្លារ​យ៉ាង​តិច។ ហើយ​តាមការ​ស្រាវជ្រាវ​របស់​អ្នកសេដ្ឋកិច្ច​ឆ្នាំ​ហ្នឹង​រក​ឃើញថា ២០៧,៥ដុល្លារ​ ប៉ុន្តែ​យើង​បាន​បញ្ចុះ​មក​ដល់​ត្រឹម​១៦០ដុល្លារ​។ ប៉ុន្តែទោះបីយ៉ាង​ណា​ក៏ដោយ​ មក​ដល់​ពេល​នេះ​លេខ​១៦០របស់​យើង មិនបាន​ជោគជ័យនៅក្នុង​ការ​បោះឆ្នោត​ទេ​ ដោយសារ​តែ​នៅក្នុងគណៈកម្មការ​ យើង​ដឹង​ថា​មាន​មនុស្ស​ភាគច្រើន​គឺ​និន្នាការ​នយោបាយ​ខាង​រដ្ឋាភិបាល និង​និន្នាការ​ខាង​ក្រុមហ៊ុន​”

កិច្ច​ប្រជុំ​នៅក្រសួង​ការងារ​ស្តីពីប្រាក់ខែគោលកម្មករ កាលពីព្រឹកមិញ


​គណបក្សប្រឆាំងនិង​សហជីព​មួយចំនួន កន្លងមក​បាន​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ ប៉ុន្តែ​ត្រូវបាន​បាញ់​បង្ក្រាប​ដោយ​កម្លាំង​រដ្ឋាភិបាល​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ អះអាងថាបើ​ទោះជា​ពេលនេះ ប្រាក់​ឈ្នួល​កម្មករ​ត្រូវ​លោក ហ៊ុន សែន អន្តរាគមន៍​បន្ថែម​៥​ដុល្លារ​ឲ្យបាន​ដំឡើង​ដល់​១៤០​ដុល្លារ តែ​លោក​ថាមិន​ទាន់​ឆ្លើយតប​នឹង​តម្រូវការចាំបាច់​របស់​កម្មករ​នោះទេ​៖ “តាម​លក្ខណៈវិទ្យាសាស្ត្រ​ ស្ថានភាពថ្លៃទំនិញ តម្លៃ​រស់​នៅ​សេវា​សាធារណៈ​ដែលអាចធ្វើ​ឲ្យ​កម្មករ​រស់នៅបាន​ដោយ​សមរម្យ​នោះ គឺ​១៦៨ដុល្លារ​យ៉ាង​តិច។ ប៉ុន្តែ​ប្រសិនជា​ក្រោម​(១៦៨ដុល្លារ)នោះ គាត់​នៅមាន​ការ​ខ្វះខាត​”។​

​យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួង​ការងារ លោក អ៊ិត សំហេង អះអាងថាប្រាក់​ឈ្នួលត្រឹម​១៤០​ដុល្លារ​នេះ មិនទាន់​បំពេញ​តម្រូវការ​ទាំងស្រុងរបស់​កម្មករ​ទេ ប៉ុន្តែ​លោក​ថាកម្រិត​ប្រាក់​ឈ្នួល​ដែល​បាន​ដំឡើង​​សម្រាប់​ឆ្នាំ​២០១៦​នេះ នឹង​អាចជួយ​សម្រួល​បន្ទុក​ក​ម្មករបាន​មួយកម្រិត​ទៀត​។ លោក​ថាការដំឡើង​បាន​ត្រឹមនេះ ដើម្បីធានា​លទ្ធភាព​ឲ្យ​និយោជកក្នុង​ការប្រកួតប្រជែង​ទីផ្សារជាមួយ​បណ្តា​ប្រទេស​នានា​៕

សូមសរសេរមកលោក ញឹម សុខន​ តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles