ដោយ៖ ស៊ុន ណារិន | ថ្ងៃសុក្រ ទី9 តុលា 2015
http://vodhotnews.com
ក្រសួងសុខាភិបាលប្រកាសថាខ្លួនបានរកឃើញករណីជំងឺកញ្រ្ជឹលកើតឡើងក្នុងខេត្តក្រចេះនៅខែតុលានេះ តែបានលុបបំបាត់រួចហើយ។ នេះជាករណីថ្មីមួយចុងក្រោយ បន្ទាប់ពីក្រសួងបានប្រកាសថាប្រទេសកម្ពុជាលែងមានជំងឺកញ្រ្ជឹលហើយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយកាលពីថ្ងៃទីព្រហស្បតិ៍ឲ្យដឹងថាជំងឺកញ្រ្ជឹលមួយករណីត្រូវបានបញ្ជាក់ថាកើតឡើងក្នុងខេត្តក្រចេះ នៅថ្ងៃទី០៤ខែតុលា ឆ្នាំ២០១៥ បន្ទាប់ពីបានធ្វើតេស្តដោយមន្ទីរពិសោធន៍នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ លើករណីសង្ស័យមួយដែលបានរាយការណ៍កាលពីថ្ងៃទី១៥ខែកញ្ញា។ សេចក្តីប្រកាសព័ត៌មានបន្តថាកម្ពុជាបានទទួលវិញ្ញាបនបត្រទទួលស្គាល់ពីគណៈកម្មការវាយតម្លៃថ្នាក់តំបន់របស់អង្គការសុខភាពពិភពលោកនៅថ្ងៃទី ២៧ខែមីនា ឆ្នាំ២០១៥ថាប្រទេសបានសម្រេចជោគជ័យក្នុងការលុបបំបាត់ជំងឺកញ្រ្ជឹល។
បើតាមសេចក្តីប្រកាសព័ត៌មាន មានករណីសង្ស័យមួយទៀតដែលត្រូវបានរាយការណ៍កាលបពីថ្ងៃទី១៣ខែកញ្ញាពីខេត្តកំពង់ធំ ប៉ុន្តែលទ្ធផលតេស្តពីមន្ទីរពិសោធន៍មានលក្ខណៈមិនទាន់ច្បាស់លាស់ ដែលតម្រូវឲ្យមានការធ្វើតេស្តបន្ថែមទៀត។
សេចក្តីប្រកាសបញ្ជាក់ថា៖ “ការកើតឡើងជាថ្មីនូវជំងឺកញ្រ្ជឹលនៅក្នុងប្រទេសមួយដែលជំងឺនេះ ត្រូវបានលុបបំបាត់រួចទៅហើយនោះ គឺអាចកើតមានផងដែរ ដោយហេតុថាមេរោគនេះមានលក្ខណៈឆ្លងខ្លាំង ហើយអាចរីករាលដាលដោយងាយពីមនុស្សម្នាក់ទៅម្នាក់ទៀត ដោយឆ្លងព្រំដែនប្រទេសនានា។ អ្នកដែលឆ្លងជំងឺកញ្រ្ជឹលគឺអាចចម្លងទៅអ្នកដទៃទៀតបាន សូម្បីតែមុនពេលលេចចេញស្នាមកន្ទួលក្តី”។
ក្រសួងសុខាភិបាលប្រកាសថានឹងបើកយុទ្ធនាការផ្តល់ថ្នាំបង្ការបន្ទាន់នៅក្នុងតំបន់ដែលប៉ះពាល់ ចាប់ពីថ្ងៃទី២០ខែតុលា ឆ្នាំ២០១៥៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com