ដោយ៖ ទូច សុខា | ថ្ងៃសុក្រ ទី9 តុលា 2015
http://vodhotnews.com
តម្លៃសំបុត្ររថយន្តក្រុងរបស់ក្រុមហ៊ុនកាពីតូល គឺ៣ម៉ឺនរៀលសម្រាប់ការធ្វើដំណើរពីភ្នំពេញទៅខេត្តបាត់ដំបង (រូបថតពីហ្វេសប៊ុក)
តម្លៃសំបុត្ររថយន្តក្រុងរបស់ក្រុមហ៊ុនកាពីតូល នៅថ្ងៃសុក្រនេះ ចាប់ផ្តើមឡើងថ្លៃប្រហែល១ម៉ឺនរៀល ខណៈប្រជាពលរដ្ឋចាប់ផ្តើមសម្រុកចាកចេញពីរាជធានីភ្នំពេញទៅស្រុកកំណើត ដើម្បីអបអរបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
បើតាមតម្លៃសំបុត្ររថយន្តក្រុង ពីភ្នំពេញទៅបាត់ដំបង មានតម្លៃ៣ម៉ឺនរៀល ដែលពីមុនតម្លៃ២២០០០រៀល។ ចំណែកអ្នករត់តាក់ស៊ីម្នាក់នៅផ្សារអូរឬស្សីបាននិយាយថាខ្លួននឹងដំឡើងថ្លៃ១ម៉ឺនរៀលដែរសម្រាប់ការធ្វើដំណើរអំឡុងពេលជិតភ្ជុំធំនេះ។
កាលពីថ្ងៃទី២២ខែកញ្ញា លោក ហ៊ុន សែន បានអំពាវនាវឲ្យក្រុមហ៊ុនដឹកអ្នកដំណើរ និងរថយន្តឈ្នួលទាំងឡាយកុំឲ្យឡើងថ្លៃនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ លោកបន្តថារដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជាពិសេសកម្មករនិងសិស្សនិស្សិតដែលត្រូវធ្វើដំណើរទៅស្រុកកំណើត។ លោកបានថ្លែងថា៖ “ឲ្យតែដល់ពេលបុណ្យទាន ការធ្វើដំណើរឡើងថ្លៃហ្មង អញ្ចឹងអំពាវនាវទុកឲ្យហើយ ព្រោះឆ្នាំហ្នឹង ខ្ញុំអត់បាននៅភ្ជុំនៅស្រុកខ្មែរទៀត”។ ចំណែកកាលពីថ្ងៃទី១ខែតុលា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក៏បានអំពាវនាវកុំឲ្យម្ចាស់រថយន្តធ្វើដំណើរដំឡើងថ្លៃផងដែរ។ លោកមានប្រសាសន៍ថា៖ "អ៊ីចឹងហើយខ្ញុំមានតែម្យ៉ាងទេ ចូលរួមជាមួយសម្តេចតេជោដើម្បីអំពាវនាវឲ្យអ្នកធ្វើអាជីវកម្ម ម្ចាស់រថយន្តទាំងឡាយ…សូមមេត្តាយោគយល់អធ្យាស្រ័យ បន្ធូរបន្ថយ ព្រោះថាបើសិនជាមានអ្នកធ្វើដំណើរច្រើន តម្លៃធម្មតាក៏ បានចំណូលច្រើនដែរ"។
អ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹងជញ្ជូន លោក ផែង សុវិជ្ជានោ ប្រាប់វីអូឌី(VOD)ថាក្រសួងតែងតែជូនដំណឹងនិងអំពាវនាវដល់ម្ចាស់រថយន្តឈ្នួលកុំឲ្យឡើងថ្លៃនៅរដូវបុណ្យទានម្តងៗ។ លោកបន្តថានៅរដូវបុណ្យភ្ជុំបិណ្ឌនេះដែរ មន្ត្រីរបស់ក្រសួងក៏បានណែនាំដល់ម្ចាស់រថយន្តឈ្នួលកុំឲ្យឡើងថ្លៃឈ្នួលរថយន្តដូចគ្នាដែរ។ លោកបន្ថែមថា៖ “យើងក៏បានស្នើសុំចេញជាលិខិតកុំឲ្យឡើង(ថ្លៃឈ្នួល) អ៊ីចឹងដែរ តែយើងមិនមានវិធានការថាមិនត្រូវឡើង មិនត្រូវអី មិនមានវិធានការទេ គ្រាន់តែមានវិធានការស្នើសុំគឺ អ៊ីចឹង”។
គួរបញ្ជាក់ថានៅពេលរដូវបុណ្យទានម្តងៗប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅស្រុកកំណើតតែងតែរអ៊ូរទាំចំពោះការឡើងថ្លៃឈ្នួលរថយន្ត។ ចំណែករដ្ឋាភិបាល ក៏តែងតែអំពាវនាវកុំឲ្យមានការដំឡើងថ្លៃធ្វើដំណើរ។ ទោះយ៉ាងណា ការអំពាវនាវរបស់រដ្ឋាភិបាលមិនសូវមានប្រសិទ្ធភាពនោះទេ ដោយថ្លៃឈ្នួលរថយន្តនៅតែឡើងថ្លៃដដែល៕
សរសេរមកកាន់ លោក ទូច សុខា តាមរយៈ sokha@vodhotnews.com