ដោយ៖ វង្ស សុម៉ាលីន | ថ្ងៃសុក្រ ទី9 តុលា 2015, 07:32 AM
http://vodhotnews.com
តារាចម្រៀងពេជ្រ សោភា បានអះអាងថាការប្រកួតចម្រៀងរបស់នាងនៅក្នុងប្រទេសកូរ៉េទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងចំណោមប្រទេសទាំង១៥ ដែលបានបញ្ជូនតារាចម្រៀងឲ្យចេញទៅប្រកួតដូចគ្នាជាតំណាងប្រទេស។ យ៉ាងណាក៏ដោយ នាងបែរជាមិនសប្បាយចិត្ត១០០%នោះទេ ដោយសារតែមានជនអនាមិកខ្លះរិះគន់សកម្មភាពច្រៀងរាំរបស់នាងនិងបានវាយប្រហារថានាងមិនជ្រើសយកបទចម្រៀងដែលឆ្លុះបញ្ចាំងនូវវប្បធម៌ខ្មែរបែបរម្យទម យកទៅប្រកួត។
ពេជ្រ សោភា ថ្លែងប្រាប់វីអូឌី(VOD)ថានាងបានត្រឡប់មកពីប្រទេសកូរ៉េខាងត្បួង កាលពីយប់ថ្ងៃទី៦ តុលា បន្ទាប់ពីត្រូវបានសមាគមខ្មែរជួយខ្មែរដែលមានទីតាំងនៅក្នុងប្រទេសនោះអញ្ជើញជាតារាចម្រៀងតំណាងកម្ពុជាឲ្យទៅប្រកួតក្នុងព្រឹត្តិការណ៍«Mamf Migrants’ Arirang Multicultural Festival 2015» ដែលជាការប្រកួតសិល្បៈវប្បធម៌ចម្រុះប្រទេស។ នាងថានេះជាការរៀបលើកទី១០ដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែកម្ពុជាទើបតែបានទៅប្រកួតជាលើកទី១ប៉ុណ្ណោះ។ តារាចម្រៀងនៅក្នុងតំបន់អាស៊ានរួមមានថៃ ឡាវ ឥណ្ឌូនេស៊ី កម្ពុជានិងនៅទ្វីបអាស៊ីមួយចំនួនសរុប១៥ប្រទេស ត្រូវបានអញ្ជើញឲ្យចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ។ ការប្រកួតគឺចែកចេញជា២ប្រភេទ ដោយពេលថ្ងៃប្រកួតសម្លៀកបំពាក់តំណាងវប្បធម៌របស់ជាតិនីមួយៗនិងពេលយប់តម្រូវឲ្យតារាចម្រៀងមកពី១៥ប្រទេស ជ្រើសយកបទសម័យពេញនិយមរបស់ខ្លួន ដែលមានលក្ខណៈសប្បាយៗនិងជាបទនិពន្ធផ្ទាល់ច្រៀងប្រកួតប្រជែងគ្នា។ ចំពោះការផ្ដល់ពិន្ទុ គេផ្ដោតលើការគាំទ្ររបស់អ្នកទស្សនាជាធំ បន្ថែមពីលើការផ្ដល់ពិន្ទុដោយអ្នករៀបចំការប្រកួត។
ពេជ្រ សោភា និយាយថាការប្រកួតវប្បធម៌ចម្រុះជាតិសាសន៍នេះ ធ្វើឡើងនៅក្នុងទីក្រុងឆាងវ៉ុនប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៤ ខែតុលា ដោយក្រុមតារាចម្រៀងទាំងអស់ ទើបតែបានមកដល់ស្រុកកាលពីយប់ថ្ងៃទី៦ខែតុលា មុននោះប៉ុណ្ណោះ។ នាង និងឌីជេ ដាវីត ដែលអ្នករ៉េបនៅក្នុងផលិតកម្មហង្សមាសដូចគ្នា បានជ្រើសយកបទ«កាហ្វេ១៥០០» និងបទ«Like Money» ធ្វើការប្រកួតប្រជែង ដោយទទួលបានចំណាត់ថ្នាក់លេខ៣។ នាងនិយាយថា៖ “សម្រាប់ការប្រកួតហ្នឹងខ្មែរបានលេខ៣ ដោយពេលខ្ញុំ និងដេវីតឡើងច្រៀង គឺមានបងប្អូនយើងគាត់ទះដៃ និងរាច្រៀងតាមច្រើនមែនទែន ទើបខ្មែរយើងបានទទួលចំណាត់ថ្នាក់ហ្នឹង ប៉ុន្តែជាប់លេខ៣ហ្នឹងមិនមែនតែខ្ញុំម្នាក់ឯងទេ គឺរាប់បញ្ចូលទាំងការប្រកួតសម្លៀកបំពាក់នៅពេលថ្ងៃហ្នឹងដែរ និយាយទៅគឺយើងបានលេខ៣ជាក្រុម!”។ នាងថាពានសម្គាល់ចំណាត់ថ្នាក់និងប្រាក់រង្វាន់ ត្រូវបានប្រគល់ជូនសមាគមខ្មែរជួយខ្មែរ ដែលជាអ្នកធានាឲ្យយករក្សាទុក ដោយតារាទាំងអស់មិនមានការបែងចែកគ្នានោះទេ។ នាងនិយាយថាក្រុមតារាចម្រៀងមកពីប្រទេសវៀតណាមបានទទួលចំណាត់ថ្នាក់លេខ១ ដោយសារពេលច្រៀងគេមានគ្នាច្រើន ហើយទទួលបានសំឡេងទះដៃលើសលប់ជាងគេ ព្រោះតែភាពរស់រវើកនៅលើឆាក។ ចំពោះចំណាត់ថ្នាក់លេខ២ ត្រូវបណ្ដាញហ្វេសប៊ុកដែលបានបង្ហោះនិងចែកចាយពីព្រឹត្តិការណ៍នេះ បញ្ជាក់ថាបានទៅលើតារាចម្រៀងវ័យក្មេងមកពីប្រទេសឥណ្ឌូនេស៊ី។

(រូបថតផ្តល់ឲ្យ)
ពេជ្រ សោភា និយាយថា៖ “ទោះជាខ្ញុំមិនបានចំណាត់ថ្នាក់លេខ១ ប៉ុន្តែខ្ញុំចាត់ទុកថាការបង្ហាញសមត្ថភាពរបស់ខ្ញុំ និងដេវីត ជោគជ័យហើយ ព្រោះបើយើងក្រឡេកមើលទៅតារាចម្រៀងរបស់ប្រទេសផ្សេងទៀត អត់ជាប់ចំណាត់ថ្នាក់ច្រើនណាស់ ហើយខ្ញុំដឹងថាពិធីករកូរ៉េ គាត់សរសើរសិល្បៈយើងច្រើន ដោយគ្រាន់តែខ្ញុំអត់ដឹងថាគាត់និយាយថាមិចប៉ុណ្ណោះ!”។
នៅក្នុងវេទិកានោះ គេឃើញតារាចម្រៀងពេជ្រ សោភា និងឌីជេដេវីត ទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយឃើញអ្នកទស្សនាលើកគ្រវីទង់ជាតិអមសកម្មភាពច្រៀងរាំរបស់នាងទៀតផង។ ជនជាតិខ្មែរដែលគាំទ្រភាគច្រើននៅក្នុងព្រឹត្តិការណ៍នោះ ជាពលករខ្មែរដែលចេញទៅបម្រើការនៅក្នុងប្រទេសនោះ។ ពេជ្រ សោភា និយាយថា៖ “នៅក្នុងការប្រកួតហ្នឹង ខ្មែរយើងមានតែអ្នកធ្វើការនៅហ្នឹងទេ(ពលករ) ប៉ុន្តែមកពីយើងសម្ដែងមានជនបរទេស ពិសេសគឺជនជាតិកូរ៉េ គាត់ទះដៃអប់អរយើងខ្លាំង ទើបធ្វើឲ្យក្រុមយើងបានជាប់លេខ៣!”។ នាងថាការប្រកួត គេតម្រូវឲ្យតារាចម្រៀងតំណាងប្រទេសជ្រើសយកតែបទពេញនិយមបែបសម័យនិងគិតថាអាចទាក់ទាញអ្នកគាំទ្រយកទៅបង្ហាញសមត្ថភាពប៉ុណ្ណោះ អញ្ចឹងទើបជនអនាមិកដែលរិះគន់ថានាងមិនយកវប្បធម៌តំណាងជាតិយកទៅប្រកួត គឺជាអ្វីដែលនាងមិនអាចទទួលយកបាន។
អានអត្ថបទកំសាន្តផ្សេងទៀត…
នាងបានវាយបកនឹងការរិះគន់នោះភ្លាមៗបន្ទាប់ពីបានមកដល់ប្រទេសកម្ពុជាបានមួយថ្ងៃ។ នាងនិយាយថាសកម្មភាពច្រៀងរាំមិនអាចតម្រូវចិត្តមហាជនបានទាំងអស់នោះទេ ប៉ុន្តែនាងថាអ្នករិះគន់គួរឲ្យយល់ឲ្យច្បាស់ពីគោលដៅរបស់កម្មវិធី ត្បិតទាំងការស្លៀកពាក់និងការច្រៀងរាំរបស់នាង មុននឹងបានឡើងឆាក សុទ្ធតែមានការឯកភាពជាមុនពីអ្នករៀបចំកម្មវិធីនិងពីម្ចាស់ទូរទស្សន៍នៅក្នុងប្រទេសកូរ៉េទាំងអស់ ដើម្បីឲ្យស្របនឹងប្រធានបទប្រកួតប្រជែង៕
សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com
