Fri, 9 October 2015
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ លទ្ធផលនៃការប្រកួតប្រជែងពិព័រណ៍ស្នាដៃស្ថាបត្យកម្មក្រោមប្រធានបទ «លំនៅឋានរួម» របស់និស្សិតផ្នែកស្ថាបត្យកម្មនៃបណ្តាគ្រឹះស្ថានឧត្តមសិក្សាចំនួន ៨ ដែលបានចូលរួមនោះរកឃើញម្ចាស់ជយលាភីធំជាក្រុមហើយកាលល្ងាចថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៥ កន្លងមកនៅឯវិទ្យាស្ថានបារាំង។
ស្នាដៃរបស់និស្សិតស្ថាបត្យកម្មបីរូបមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរួមមាន យុវតី យ៉េង សិរីរ័ត្ន យុវជន ស៊ាង សត្យា និងយុវជន សូ វិទូ បានទទួលរង្វាន់ជយលាភីចំណាត់លេខ ១ ដោយមានប្រាក់រង្វាន់ចំនួន ៧០០ ដុល្លារ ខណៈនិស្សិតមកពីសាកលវិទ្យាល័យន័រតុន មានយុវតី ទេព ស្រីណែត យុវជន ហោ ដារ៉ូ និងយុវជន ម៉ី រ័ត្ន ទទួលបានចំណាត់ថ្នាក់លេខ ២ ជាមួយប្រាក់រង្វាន់ ៥០០ ដុល្លារ។
ចំណែកចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុមនិស្សិតស្ថាបត្យកម្មបីរូបរបស់សាកលវិទ្យាល័យបញ្ញាសាស្រ្តមានយុវតី ឌិន សិទ្ធិការ្យ យុវជន ជៀក ដារី និងយុវជន ម៉ី ភារម្យ ដែលទទួលបានប្រាក់រង្វាន់ចំនួន ៣០០ ដុល្លារ។ ពិព័រណ៍បង្ហាញគំរូជាស្នាដៃរបស់ក្រុមនិស្សិតនៅជុំវិញទស្សនទានមួយ ដែលស្តីពីការកសាងអគារវីឡា ហើយនេះគឺជាឆ្នាំទីបីជាប់ៗគ្នាដែលរៀបចំនៅវិទ្យាស្ថានបារាំងនៅកម្ពុជា ខណៈពិព័រណ៍ចាប់ផ្តើមដាក់តាំងពីល្ងាចថ្ងៃទី ៦ ខែតុលា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០១៥ ខាងមុខ។
គំរូស្នាដៃចំនួនបីខាងលើ ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងពីក្រុមគណ:មេប្រយោគ ហើយក៏បានប្រកាសលទ្ធផលជយលាភីនៅរាត្រី នៃការបើកសម្ពោធពិព័រណ៍នោះតែម្តង។ តាមរយៈការតាំងពិព័រណ៍ សន្និសីទ និងការបញ្ចាំងភាពយន្តឯកសារជាច្រើនវដ្តនៃប្រធានបទ «លំនៅឋានរួម» បានចោទជាសំណួរ ហើយក៏កំពុងតែត្រូវបានគេឆ្លុះបញ្ចាំងជាពិសេស ទៅលើបញ្ហានៃការអភិវឌ្ឍទីក្រុងភ្នំពេញ នារយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបង្ហាញពីសន្ទុះយ៉ាងខ្លាំងនៃកំណើនប្រជាជន។
កញ្ញា យ៉េង សិរីរ័ត្ន វ័យ ២០ ឆ្នាំ ជានិស្សិតស្ថាបត្យកម្មមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលក្រុមរបស់នាងជាប់ជយលាភីចំណាត់ថ្នាក់លេខ ១ នោះ បានពន្យល់ថា៖ «ប្រជាជនរស់នៅទីក្រុងវិញមានភាពមមាញឹកខ្លាំង។ ដូច្នេះយើងក៏បានគិតស្រមៃរកអ្វីដែលស្ថិតនៅចន្លោះរវាងស្ថានភាពតំបន់ទាំងពីរនេះដែរនៅក្នុងគម្រោងសំណង់ស្ថាបត្យកម្ម»។
សម្រាប់ឆ្នាំ ២០១៥ នេះ បណ្ដុំព្រឹត្តិការណ៍ដែលមានប្រធានបទស្តីអំពីការអភិវឌ្ឍទីក្រុង និងស្ថាបត្យកម្មនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះវិទ្យាស្ថានបារាំងនៅកម្ពុជាមានគោលបំណងផ្តិតយកនូវចំណោទបញ្ហា ផ្នែកនគរូបនីយកម្មបញ្ចូលទៅក្នុងកម្មវិធីវប្បធម៌របស់ខ្លួនដែលបានបើកចំហនូវឱកាសដ៏ចម្បងដល់ផ្នែកសិល្បៈចក្ខុភាពយន្ត និងការជជែកពិភាក្សាផ្តល់ជាគំនិតយោបល់។
ក្រៅពីកម្មវិធីពិព័រណ៍ និងប្រកួតស្នាដៃស្ថាបត្យកម្មនេះក៏មានការតាំងពិព័រណ៍ចំនួនពីរ សន្និសីទចំនួនពីរ និងខ្សែភាពយន្តចំនួនបីជាបន្តបន្ទាប់ទៀត។ ព្រឹត្តិការណ៍ទាំងអស់នេះ លោកអ្នកអាចអញ្ជើញចូលរួមដោយសេរី ជាមួយនឹងការបកប្រែសម្រួលជូនអ្នកទស្សនាជាបីភាសា (បារាំង អង់គ្លេស និងខ្មែរ) ផងដែរ៕
