ដោយ៖ ណាត សុភាព | ថ្ងៃសុក្រ ទី9 តុលា 2015
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ពលរដ្ឋម្នាក់កំពុងចង្អុលបង្ហាញពីគំនរសំរាម ដែលធ្វើឲ្យខូចដល់ប្រភពទឹកក្នុងភូមិ (រូបថត៖ ណាត សុភាព)
រយៈពេល២ឆ្នាំហើយ គំនរសំរាមមួយកន្លែងមានផ្ទៃដី៥ហិកតា ស្ថិតនៅភូមិផ្សារ ខេត្តក្រចេះ មានក្លិនស្អុយ និងមានទឹកជ្រាបចេញពីគំនរសំរាម ហូរចូលទៅក្នុងអាងរក្សាទឹក ដែលអ្នកភូមិប្រើប្រាស់តាំងពីសម័យ ប៉ុល ពត។
ទឹកស្អុយពីគំនរសំរាមនេះ បានបង្កទៅជាសត្វមូស និងសត្វរុយជាច្រើន ដែលជាកង្វល់របស់ប្រជាជនក្នុងការឆ្លងរោគរាតត្បាត។
ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះអះអាងថា បញ្ហាប្រឈមធំ គឺរដូវវស្សានៅពេលភ្លៀងធ្លាក់ ទឹកស្អុយពីគំនរសំរាមនោះ ក៏បានហូរលាយឡំជាមួយទឹកភ្លៀង ចូលក្នុងអាងផ្ទុកទឹកមួយកន្លែងមានឈ្មោះថា “ទំនប់ស្តុកទឹកអូរកន្ទួត” ដែលបន្សល់ទុកតាំងពីសម័យ ប៉ុល ពត។ អាងស្តុកទឹកនោះមានចំងាយពីគំនរសំរាមប្រហែល២គីឡូម៉ែត្រ។ ពលរដ្ឋថា ពួកគេរាប់រយគ្រួសារក្នុងចំនួន៣ឃុំ រងផលប៉ះពាល់សុខភាព ដោយសារពួកគេប្រើប្រាស់ទឹកប្រឡាយនោះ។
អង្គុយនៅក្រោមផ្ទះធ្វើពីឈើ សម្លៀកបំពាក់រាងចាស់បន្តិច អ្នកស្រី ទឹម សុផាត អាយុជាង៥០ឆ្នាំរស់នៅភូមិកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ រៀបរាប់ប្រាប់អ្នកយកព័ត៌មានទាំងទឹកមុខមុតមាំថា គាត់សង្កេតឃើញថា ចន្លោះពី១ទៅ៣ថ្ងៃ រថយន្តដឹកសំរាមឯកជនឈ្មោះ តុកគុណ ដឹកសំរាម៣ទៅ៤ឡានពីទីរួមខេត្តក្រចេះ យកទៅចាក់ចោលនៅភូមិផ្សារ ចំណាយ២គីឡូម៉ែត្រពីទំបន់ស្តុបទឹកអូរកន្ទួត។ អ្នកស្រីថា ដោយសារការចាក់សំរាមចោលពាសវាលពាសកាលនោះ ធ្វើឲ្យពួកគាត់ព្រួយបារម្ភពីការប៉ះពាល់បរិស្ថាន និងសុខភាព៖ “ប្រជាពលរដ្ឋ ខែប្រាំងឡើងអត់ទឹកសោះ ដាច់ទឹក អ៊ីចឹងយើងត្រូវទៅទិញគេ ៣ខែ ២ខែ តាមមានទឹក តាមអត់ទឹក ទិញគ្រប់ផ្ទះតែម្តង មិនថាអត់តែផ្ទះណាដែលប៉ះពាល់ដោយអត់មានអណ្តូងទឹកប្រើទេស្រុកយើងនេះ តែខែប្រាំងឡើងគឺដាច់ទឹកហើយ។ យើងព្រួយបារម្ភ ទៅថ្ងៃអនាគតប្រាកដជាមាន ដោយសារតែទឹកហ្នឹងវាអត់ស្អាត វាហូរមកសំរាម មិនដឹងជាតិស្អីខ្លះ គេយកមកចាក់ចោលហ្នឹង យើងអត់បានដឹង តែសម្រាម វាគគ្រិចហើយ ហើយទឹកហ្នឹងវាត្រូវតែហូរមក យើងមិនប្រើទឹកហ្នឹង?”។
បើតាមពលរដ្ឋ បញ្ហាសុខភាពដែលពួកគេប៉ះពាល់នោះរួមមាន កើតរម៉ាស់ ជំងឺសួត(ប៉ះពាល់ផ្លូវដង្ហើម) ជំងឺគ្រុនឈាម ឈឺក្បាល និងបញ្ហាផ្សេងៗទៀត។ ចំណែកឯសត្វគោ ក្របី ពេលផឹកទឹកនោះក៏មានជំងឺហើមពោះ និងបូសខ្យល់ទៀតផង។
វ័យជាង៦០ លោក ឈីន ខន អះអាងថាជា អ្នកប៉ះពាល់ដោយសារទឹកកង្វក់នេះ ស្នើទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនៅខេត្តនិងមូលដ្ឋាន ឲ្យពិនិត្យឡើងវិញលើបញ្ហានេះ ដើម្បីការពារកុំឲ្យប្រជាពលរដ្ឋកើតជំងឺធ្ងន់ធ្ងរនៅថ្ងៃខាងមុខ៖ “ខ្ញុំក៏ចង់អំពាវនាវដល់(មន្ត្រី)គ្រប់ជាន់ថ្នាក់ក្នុងរាជរដ្ឋាភិបាលក្តី ក្នុងអង្គការក្រៅរាជរដ្ឋាភិបាលក្តី គួរតែជួយចាប់អារម្មណ៍ និងជួយមើលឃើញថា រាល់វិធានការគឺជួយទប់ស្កាត់ធ្វើយ៉ាងណា កុំឲ្យវាប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ខ្ញុំចង់ថា គួរតែឈប់ចាក់(សំរាម) យកទៅចាក់នៅកន្លែងណាផ្សេងឲ្យឆ្ងាយ គួរផ្លាស់ចោល ដាក់ក្បែរហ្នឹងនៅតែហៀរហ្នឹងតិចច្រើន យូរឆាប់ នៅតែប៉ះពាល់ នៅតែហូរចូលហ្នឹង”។
ឈរនៅក្រោមដើមឈើមុខផ្ទះ ភ្នែកទាំងគូសម្លឹងមើលច្រកទ្វាចេញទៅផ្លូវជាតិ លោក ពីម ទីម បន្ថែមថា ប្រជាពលរដ្ឋនឹងប្រមូលស្នាមម្រាមដៃ ធ្វើលិខិតស្នើទៅអភិបាលស្រុកនិងខេត្ត ដើម្បីទាមទារឲ្យស្ថាប័នទាំងនោះ កុំឲ្យចាក់សំរាមនៅជិតអាងស្តុកទឹកសម្រាប្រើប្រាស់នោះ៖ “បើថាអត់ដំណោះស្រាយទេ អាចនឹងធ្វើពាក្យទៅត្រឹមស្រុក នាំភូមិនាំឃុំទៅដល់ស្រុក បើស្រុកដោះស្រាយមិនចេញដល់ខេត្ត ព្រោះសរសេររបាយការណ៍អស់ហើយ។ ដើម្បីទប់ស្កាត់រឿងសំរាមហ្នឹង ព្រោះប្រជាពលរដ្ឋច្រើនឲ្យយោបល់”។
មេឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ លោក ស៊ឹង ផល ប្រាប់អ្នកយកព័ត៌មានVODថា គាត់បានប្រជុំជាមួយប្រជាពលរដ្ឋនៅក្នុងភូមិ/ឃុំ និងយកសំណើដែលប្រជាពលរដ្ឋស្នើនោះ ដាក់ទៅស្រុករួចហើយ ប៉ុន្តែលោកថា រហូតមកដល់ពេលនេះមិនទាន់មានដំណោះស្រាយនៅឡើយ៖ “មានសំណូមពរដល់ស្រុកហើយ ធ្វើរបាយការណ៍ប្រចាំខែ ក៏ដូចខ្ញុំលើកអង្គប្រជុំ ជម្រាបជូនហើយថា ការចាក់សំរាមនេះ បើប៉ះពាល់បញ្ហាសុខភាព ការហូរទឹក ការធំក្លិនស្អុយ នៅកន្លែងហ្នឹងគឺខ្លាំងណាស់ ប៉ុន្តែមកមិនមានការរាយការណ៍ ក៏មិនទាន់មានការប្រែប្រួលអ្វីដែរ។ ខេត្តមកមើលដែរ ស្រុកក៏មកមើលដែរ ប៉ុន្តែមិនទាន់សម្រេចពេលវេលាណាដែលត្រូវជីកកន្លែងដាក់សំរាមហ្នឹង”។
បទយកការណ៍ផ្សេងទៀត
លោក ស៊ឹង ផល បន្ថែមថា មានជម្រើសពីរ ដែលអាចទប់ស្កាត់កុំឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ គឺទី១ មន្ទីរបរិស្ថាន ស្រុក និងខេត្ត ត្រូវជីករណ្តូវឲ្យជ្រៅ រួចចាក់ស៊ីម៉ង់បាតខាងក្រោម និងជុំវិញកំផែង រីឯជម្រើសទី២ ត្រូវប្តូរទីតាំងចាក់សំរាមនោះទៅឆ្ងាយពីអាងស្តុបទឹកអូរកន្ទួត។
ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ដែលទើបឡើងកាន់តំណែងថ្មីនៅដើមខែតុលានេះលោក ឆាយ ឌួងសាវុធ បានទទួលស្គាល់ថា ការចាក់សំរាមនៅតំបន់នោះ ពិតជាធ្វើឲ្យប៉ះពាល់ដល់ទឹកដែលប្រជាពលរដ្ឋប្រើប្រាស់មែន។ ប៉ុន្តែលោកថា ក្រុមការងារមន្ទីរបរិស្ថាន និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីពិនិត្យលើបញ្ហាទាំងនោះឡើងវិញ៖ “ប៉ុន្តែមិនយូរទេ ខ្ញុំនឹងសន្យាថា នឹងចុះទៅសិក្សាឲ្យជាក់លាក់ដើម្បីបង្វែរទឹកហ្នឹង ឬមួយធ្វើទឹកហ្នឹងឲ្យហូរទៅ ដើម្បីកាត់បន្ថយខ្លះទេ បើថាឲ្យ១០០ភាគរយ គឺអត់ទាន់ទេ។ អ៊ីចឹងបានថា ឥឡូវហ្នឹងមន្ទីរក៏រៀបចំក្រុមការងារមួយក្រុម ដើម្បីចុះទៅពិនិត្យម្តងទៀតជាក់ស្តែង។ ទី១ ត្រូវយកសាលាខេត្ត មន្ទីរសាធារណការ អភិបាលស្រុកចិត្របុរី និងនាំអ្នកម៉ៅការប្រមូលសំរាមដឹកទៅចាក់ទីលានហ្នឹងទៀត ដើម្បីឲ្យទៅមើល”។
លោក ឆាយ ឌួងសាវុធ ឲ្យដឹងទៀតថា កាលពីឆ្នាំ២០១៣ អតីតប្រធានមន្ទីរបរិស្ថាន ធ្លាប់ស្នើថវិកា៣០០លានរៀលទៅមន្ទីរហិរញ្ញវត្ថុខេត្ត ដើម្បីយកទៅកែទីលានចាក់សំរាមនៅតំបន់នោះ តាំងពីឆ្នាំ២០១៤ដែរ ប៉ុន្តែមន្ទីរហិរញ្ញវត្ថុអះអាងថា រដ្ឋមិនមានកញ្ចប់ថវិកាគ្រប់គ្រាន់។
ទោះជាយ៉ាងណា លោក ឆាយ ឌួងសាវុធ អះអាងថា នៅឆ្នាំ២០១៦លោកនឹងយកសំណើនេះស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្តទៀត។
មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តក្រចេះ លោកស្រី ហ៊ាន ជាវគុណ មានប្រសាសន៍ថា មន្ទីរបរិស្ថានត្រូវរកទីតាំងថ្មីសម្រាប់ដាក់សំរាមនោះ ដើម្បីកុំឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ។ លោកស្រីបញ្ជាក់ថា បើអាជ្ញាធរមិនរកដំណោះស្រាយឲ្យប្រជាពលរដ្ឋទេ នោះពួកគេមានសិទ្ធិប្តឹងទៅក្រសួងបរិស្ថានឲ្យដោះស្រាយបញ្ហានេះ៖ “ប្រសិនជាប្រជាពលរដ្ឋ គាត់មើលទៅឃើញថា វាធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់គាត់ ស្ថានភាពនៅក្នុងការរស់នៅ គាត់អាចដាក់ពាក្យបណ្តឹងប្តឹងបាន ទាក់ទងនឹងសិទ្ធិរបស់គាត់ គេហៅថាទាក់ទងនឹងសេវាកម្មសុខភាព។ អ៊ីចឹងប្រសិនជាប៉ះពាល់សុខភាពរបស់គាត់ គាត់អាចដាក់ពាក្យបណ្តឹង ឬគាត់ផ្តិតមេដៃពីប្រជាពលរដ្ឋ ទៅមន្ទីរបរិស្ថាន ដើម្បីឲ្យគាត់ជួយអន្តរគមន៍លើករណីហ្នឹង”។
គួររំឭកថា ទីតាំងចាក់សំរាមស្ថិតនៅភូមិផ្សារ ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវមន្ទីរបរិស្ថានខេត្តរៀបចំឡើងកាលពីឆ្នាំ២០១៣ លើផ្ទៃដី៥ហិកតា និងចំណាយថវិកាអស់៨០០០ដុល្លារ។
ដោយឡែក អាងស្តុកទឹកអូរកន្ទួតឯណោះវិញ ប្រធានសហគមន៍ លោក គឹម សាន អះអាងថា លោកជាអ្នកមើលថែ។ លោកថា អាងស្តុកទឹកអូរកន្ទួតនេះ ត្រូវបានលោក ប៉ុល ពត បង្កើតឡើងឆ្នាំ១៩៧៨ ឬ១៩៧៩ ដែលមានទទឹង៣០០ម៉ែត្រ និងបណ្តោយ៦០០ម៉ែត្រ។ លោកថា ក្រោយមករដ្ឋាភិបាលអភិវឌ្ឍបន្ថែមលើទំនប់នេះនៅ២០០៥ សម្រាប់ទុកឲ្យប្រជាពលរដ្ឋចំនួន៣ឃុំ រួមមាន ឃុំដារ ឃុំថ្មី និងឃុំកន្ទួត ប្រើប្រាស់ទឹកទាំងរដូវប្រាំង និងរដូវវស្សា៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com