រដ្ឋាភិបាល​ចេញបញ្ជា​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​​សហការជាមួយ​គយ​និង​រដ្ឋាករ​ទប់ស្កាត់ការរត់គេចពន្ធ​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃចន្ទ ទី2 វិច្ឆិកា 2015
http://vodhotnews.com


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ (រូបថតដោយ ទេព សូនី)


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ចេញ​បទបញ្ជា​ថ្មី​មួយសម្រាប់​ការ​បង្កើ​នប្រសិទ្ធ​ភាព​ក្នុង​ការ​​បង្រ្កាប​បទ​ល្មើ​សរត់គេចពន្ធ ដោយ​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​គយនិងរដ្ឋាករ​​សហការជាមួយកងកម្លាំងប្រដាប់អាវុធ​លើ​ការ​បង្រ្កាបបទល្មើសគេចពន្ធនានា។​

លោក ហ៊ុន សែន បាន​លិខិត​បញ្ជា​មួយ​ចុះថ្ងៃទី​៩ខែតុលា ឆ្នាំ​​២០១៥ ដែល​ជា​វិធានមួយក្នុង​ការ​បង្កើនប្រសិទ្ធ​ភាព​ក្នុងការទប់ស្កាត់​និងបង្រ្កាប​អំពើរត់គេចពន្ធ។ លិខិត​បញ្ជា​ឲ្យ​ដឹងថា​កន្លងទៅ​រដ្ឋាភិបាល​​បាន​ចេញ​ជា​​​បន្តបន្ទាប់​ នូវអនុក្រឹត្យ លិខិត​បញ្ជា​ឬ​សារាចរណែនាំ​នានា​ ដើម្បី​បង្កើ​នប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​និងកែ​ទម្រង់សដ្ឋកិច្ច​និងហិរញ្ញវត្ថុ​សាធារណៈ។ លិខិ​ត​បន្ត​ថា​ ទោះ​​ជា​យ៉ាងណា រដ្ឋាភិបាល​បាន​សង្កេតឃើ​ញ​ថា​​ប្រសិទ្ធ​ភាព​នៃ​​ទប់ស្កាត់​និងការបង្រ្កាបអំពើរត់គេចពន្ធពុំទាន់​ត្រូវ​បាន​បង្កើ​ន​ឲ្យ​អ​ស់​​លទ្ធភាព​នៅឡើយ​ ដោយថា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់ចំណូលថវិកា​រដ្ឋ​និង​បណ្តាល​ឲ្យ​មាន​ភាព​អ​យុត្តិ​ធ​ម៌​ក្នុងកា​​រ​​ប្រកួត​ប្រជែង​ពាណិជ្ជ​កម្ម​ថែមទៀត។

ដើម្បីបង្កើន​ប្រសិទ្ធ​ភាព​ក្នុងការទប់ស្កាត់​និងការ​បង្ក្រាប​អំពើ​រត់គេចពន្ធ​  រដ្ឋាភិបាល​បា​នសម្រេ​ចនៅក្នុង​លិខិតបញ្ជាថា៖ “​​កងយោធ​ពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់​និងស​មត្ថកិច្ច​ពាក់​ព័ន្ធ​មានកាតព្វ​កិច្ច​​ត្រូវ​គាំទ្រ​និងចូល​​រួម​សហការ​យ៉ាងសកម្មបំផុត ប្រក​ប​ដោយ​ភាព​ស្មោះ​​ស្ម័គ្រ​និង​ទាន់​ពេល​វេលា​ជាមួយ​សមត្ថកិច្ច​គយ​និង​រដ្ឋា​ករ​”។ លិខិត​បញ្ជាបន្ថែម​ថា​​សមត្ថកិច្ចគយនិងរដ្ឋាករ​ត្រូវ​ស្នើ​សុំការគាំទ្រ​ ហើយកងកម្លាំងប្រដាប់អាវុធ​ត្រូវ​​ជៀស​វាង​ការ​លូក​ដៃ​​​ធ្វើ​កិច្ច​​ការ​រ​បស់​សមត្ថកិច្ច​គ​យ​និងរដ្ឋា​ករ​ដោយផ្ទាល់។​

បើ​តាមលិខិត​បញ្ជា រដ្ឋាភិបាល​ក៏​បាន​បង្កើតគណៈកម្មការ​អន្តរក្រសួង​មួយ ដោយ​មាន​រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច​ជា​​ប្រធាននិងអគ្គ​នាយក​នៃ​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករ​កម្ពុជា​ជា​អនុប្រធានអចិន្រ្តៃយ៍ ក្នុង​ការ​ចាត់ការ​លើ​​​ប​ទល្មើសទ្រង់ទ្រាយធំ។​ គណៈ​កម្មការ​នេះ​មាន​សិទ្ធិ​ប្រើ​ប្រាស់​កងកម្លាំង​ប្រដាប់អាវុធ​និងមធ្យោ​បាយ​ការ​ងារននា ដែល​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់ក្រសួង​ ស្ថាប័ន​​ឬ​អង្គភាព​សាមី​ពាក់ព័ន្ធ​តាម​ទំហំ​សម​ស្រ​ប​មួយ ដោយ​មា​ន​ការ​ឯក​ភាព​ពី​ប្រធាន​។

សម្រាប់​ការបង្រ្កាបបទល្មើសទ្រង់ទ្រាយមធ្យម​នៅតាមមូលដ្ឋាន​រាជធានី-ខេត្ត​ ត្រូវ​ដឹកនាំការ​បង្ក្រាប​ដោយ​គណៈ​កម្មកា​រ​ចម្រុះ​តា​មរាជ​ធានីខេត្ត​នីមួយៗ ដោយ​មាន​អភិបាលខេត្ត​ជា​ប្រធាន​និង​ប្រធាន​សាខាគយ​​និង​រដ្ឋាករ​រាជធានី​ខេត្ត​ជា​អនុប្រធាន​អចិ​ន្រ្តៃ​យ៍។ ចំណែក​បទល្មើស​ជាក់ស្តែងដែល​ត្រូវ​ការ​ប្រតិបត្តិការស្រាវជ្រា​វ​ពួន​ស្ទាក់​ជាលក្ខណៈ​បន្ទាន់​បំផុត​ ​ កងកម្លាំង​ប្រដាប់អាវុធ​គ្រ​ប់អង្គភាព អាជ្ញាធរ​ដែនដីគ្រប់លំដាប់ថ្នាក់ ព្រម​ទាំង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ផ្សេងទៀត​ដែលបានពិនិត្យ​ឃើញនូវបទល្មើស​គយ​ជាក់ស្តែងនា​​នា ត្រូវ​ជូនដំណឹង​ជាបន្ទាន់​ដល់សមត្ថកិច្ច​គយ​និង​រដ្ឋា​ភិបាល​ដែលកំពុងឈរ​ជើង​បំពេញ​ភារកិច្ច​នៅកន្លែ​ង​​ជិត​បំ​ផុ​ត​នៃ​កន្លែងកើត​ហេតុ។

បើ​តាម​លិខិត​បញ្ជា អគ្គនាយករដ្ឋានគយ​និង​រដ្ឋាករ​កម្ពុជានៃក្រសួង​សេដ្ឋកិច្ច​ត្រូវ​ទទួល​រ៉ាប់រង​នូវ​ការ​ចំណា​យ​ចាំ​បា​ច់នានា ក្នុងប្រតិ​បត្តិការនីមួយៗ ក៏ដូចជា​ការ​ចំណាយ​សម្រាប់ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តផ្សេងៗចំ​ពោះប្រតិបត្តិករ​ដែលបានចូលរួម ដោយ​​​មាន​សិទ្ធិ​ប្រើ​ប្រាស់ទឹក​ប្រាក់​នៃ​ផល​ដែល​បានមកពីប្រតិបត្តិការ​បង្រ្កាបនីមួយៗ​ ដែលត្រូវ​កំណត់ដោយប្រកាស​ក្រសួងសេដ្ឋ​កិច្ច។ ក្នុងករណី​ទឹកប្រាក់ដែលត្រូវផ្តល់រង្វាន់​លើ​សពី​១០​០​លានរៀល(ប្រមាណ​២៥០០០ដុល្លារ)​ ក្រសួងសេដ្ឋកិច្ច​ត្រូវ​សុំយោ​បល់​សម្រេចពីប្រមុខរដ្ឋាភិបា​ល។​

គួរបញ្ជាក់​ថា​កាលពីខែតុលា ឆ្នាំ​២០១៤ ​រដ្ឋា​ភិបាលបាន​​សម្រេច​ផ្តល់​សិទ្ធិ​ឲ្យ​ទៅ​មន្រ្តី​ពន្ធ​ដារ​ក្នុង​ការ​ដើរតួនាទី​ជា​មន្រ្តី​នគរ​បាល​​យុត្តិ​ធម៌ ដើម្បី​អាច​ស៊ើប​អង្កេត​បញ្ហា​អំពើ​ពុក​រលួយ​ក្នុង​ការ​ប្រមូល​ពន្ធ​។ សេចក្តីសម្រេច​របស់រដ្ឋាភិបាល​លើកឡើង​ថា​៖ “[រដ្ឋា​ភិបាល]ផ្តល់​នីតិ​សម្បទា​ជូន​មន្រ្តី​ពន្ធ​ដារ​ជា​មន្រ្តី​នគរ​បាល​យុត្តិ​ធម៌ ដើម្បី​ទទួល​បាន​សិទ្ធ​អំណាច​ពេញ​លេញ​ក្នុង​ការ​ស៊ើប​អង្កេត​​បទ​ល្មើស​ស្តីពី​ពន្ធ​ដារ​និង​កិច្ច​សហ​ការ​ពី​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ក្នុង​ពេល​បំពេញ​បេសកកម្ម​បង្រ្កាប​បទ​ល្មើស​ស្តី​ពី​ពន្ធ​ដារ ក្នុង​​គោល​បំណង​ធានា​ប្រសិទ្ធ​ភាព​ក្នុង​ការ​ជំរុញ​ការ​កៀរគរ​ចំណូលនិង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តីពី​ពន្ធ​ដារ​”

ក្រោយ​ការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ២០១៣ ​រដ្ឋា​ភិបាល​សម្រេច​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធដែល​នេះ​ជា​កំណែ​ទម្រង់​មួយ​ក្នុ​ង​ចំណោម​​កំណែ​ទម្រង់​ផ្សេងៗ​ទៀត​។

​គួរ​បញ្ជាក់​ថា​ថ្មីៗនេះ អគ្គនាយក​រដ្ឋា​ន​គយនិង​រដ្ឋាករ​កម្ពុជាបាន​ក្រើន​រំ​ឮ​ក​ដល់​ម្ចាស់​ហាង​លក់​ទូរស័ព្ទនិង​គ្រឿង​អេឡិចត្រូនិក ទៅ​ប្រកាស​បង់ពន្ធ​ឲ្យទាន់ពេល មិនឲ្យ​​ហួស​ថ្ងៃ​ទី៣១ ខែមករា ឆ្នាំ២០១៦ បើ​ពុំនោះ​នឹង​ចាត់ទុក​ជា​ទំនិញ​ខុសច្បាប់ ហើយ​នឹង​ទទួល​​ការផាកពិន័យ​។​ អគ្គនាយក​រដ្ឋា​ន​គយព្រមានតាមរយៈ​សេចក្តីជូនដំណឹង​មួយ ​ដល់​អាជីវករ​លក់​ទូរ​ស័ព្ទនិង​គ្រឿង​អេឡិ​ច​ត្រូនិក ឈប់​នាំ​ចូល ឈប់​ទទួលនិង​ឈប់​ចែកចាយ​ទំនិញ​គ្មាន​ពន្ធ និង​អាករតទៅទៀត បើ​ពុំនោះ​ទេ​នឹង​ធ្វើការ​ផាកពិន័យ​ធ្ងន់​ធ្ងរ​៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles