ដោយ៖ ញឹម សុខន | ថ្ងៃចន្ទ ទី2 វិច្ឆិកា 2015, 05:55 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
សាលាដំបូងខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃចន្ទនេះ បានចេញសាលក្រមកំបាំងមុខកាត់ទោសសកម្មជនបក្សប្រឆាំងមួយរូប ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ចោទពីបទកាន់កាប់ដីរដ្ឋខុសច្បាប់ ខណៈមេធាវីអះអាងថា សកម្មជនរូបនោះបានការពារដីដែលបន្សល់ទុកពីការកាប់រានរបស់ឪពុកម្តាយ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ុក ម៉ៅស៊ីណា បានអានសាលក្រមដោយអះអាងថាក្រោយពីស្តាប់សាក្សី តំណាងអយ្យកានិងមេធាវីការពារក្តីនិងជនជាប់ចោទ តុលាការសម្រេចឲ្យជនជាប់ចោទលោក សោម សាវុធ ជាប់ពន្ធនាគារ៥ឆ្នាំពីបទទន្ទ្រានដីព្រៃរដ្ឋធ្វើជាកម្មសិទ្ធិខុសច្បាប់។
ប៉ុន្តែមេធាវីការពារជនជាប់ចោទលោកស្រី សន ស៊ីដាណែត អះអាងថាសាលក្រមនេះមិនបានផ្តល់យុត្តិធម៌ឲ្យកូនក្តីលោកស្រីទេ។ លោកស្រីថានឹងបន្តពិភាក្សាជាមួយកូនក្តី ដើម្បីស្វែងរកយុត្តិធម៌នៅសាលាឧទ្ធរណ៍។ មេធាវីរូបនោះអះអាងទៀតថាកូនក្តីលោកស្រីគឺលោក សោម សាវុធ មិនបានកាប់រានដីព្រៃ របស់រដ្ឋដូចការចោទប្រកាន់ទេ គឺគ្រាន់តែការពារដី២១ហិកតា តពីឪពុកម្តាយ។
បើតាមឯកសារនានា ដីជម្លោះនោះស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
មេធាវីលោកស្រី សន ស៊ីដាណែត ឲ្យដឹងទៀតថាអាជ្ញាធរធ្លាប់លួងលោមលោក សោម សាវុធ ជាកូនក្តី ឲ្យទៅកាន់កាប់ដីនៅកន្លែងថ្មី ដើម្បីបញ្ឈប់កាន់កាប់ដីចាស់។ ប៉ុន្តែមេធាវីរូបនោះអះអាងថាដោយសារតែការចរចាតម្លៃមិនត្រូវគ្នាទើបមានការប្តឹងផ្តល់មកតុលាការ។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សសមាគមអាដហុកប្រចាំខេត្តពោធិ៍សាត់ លោក ភួង សុភា ដែលតាមដានករណីនេះបានចាត់ទុកសាលក្រមនោះថាអាចជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ដោយលោកអះអាងថាជនជាប់ចោទ លោក សោម សាវុធ ជាសកម្មជនគណគណបក្សសង្គ្រោះជាតិនិងជាអ្នកចេញមុខការពារដីអ្នកភូមិដែលមានជម្លោះផ្សេងទៀត។
វីអូឌីមិនអាចទាក់ទងមន្ត្រីរដ្ឋបាលព្រៃឈើជាដើមបណ្តឹង ក្នុងសំណុំរឿងនេះបានទេ។ ប៉ុន្តែប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក អ៊ុក ម៉ៅ ស៊ីណា ប្រគល់សិទ្ធិឲ្យមេធាវី ប្តឹងទៅឧទ្ធរណ៍តាមនីតិវិធី។
បើតាមពាក្យបណ្តឹង ជម្លោះដីធ្លីនោះបានមកដល់ដៃតុលាការ នៅថ្ងៃទី២៥ ខែតុលាឆ្នាំ២០១២ និងបើកសវនាការនៅថ្ងៃទី២៨ ខែតុលាឆ្នាំ២០១៥ ពេលនោះជនជាប់ចោទ លោក សោម សាវុធ បានចូលឆ្លើយបំភ្លឺការពារភាពត្រឹមត្រូវរបស់ខ្លួន។ ប៉ុន្តែនៅថ្ងៃប្រកាសសាលក្រមនៅរសៀលថ្ងៃចន្ទនេះ លោក សោម សាវុធ មិនបានបង្ហាញមុខទេ ចំណែកអ្នកចូលរួមស្តាប់ការប្រកាសសាលក្រម មានតែមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស៣នាក់ប៉ុណ្ណោះ៕
សរសេរមកកាន់លោក ញឹម សុខន តាមរយៈsokhorn@vodhotnews.com