សហភាព​សហព័ន្ធយុវជនកម្ពុជាត្រូវក្រសួងការបរទេស​ជ្រើសឲ្យទទួល ”រង្វាន់ប្រជាជនអាស៊ាន”​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃចន្ទ ទី2 វិច្ឆិកា 2015
http://vodhotnews.com

លោក ហ៊ុន ម៉ានី និង​លោក ហោ ណាំហុង ក្នុងពិធី​ប្រគល់លិខិតបញ្ជាក់​ (រូបថតពីហ្វេសប៊ុក​របស់​លោក ហ៊ុន ម៉ានី​)

លោក ហ៊ុន ម៉ានី និង​លោក ហោ ណាំហុង ក្នុងពិធី​ប្រគល់លិខិតបញ្ជាក់​ (រូបថតពីហ្វេសប៊ុក​របស់​លោក ហ៊ុន ម៉ានី​)

សហភាព​សហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ដែលដឹកនាំដោយកូនប្រុស​របស់​នាយករដ្ឋមន្រ្តី ត្រូវបានក្រសួងការបរទេសជ្រើសរើសជាតំណាងប្រទេសកម្ពុជា ក្នុងការទទួលពានរង្វាន់ប្រជាជនអាស៊ាន(ASE​AN ​peo​ple’s Award) ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងកូឡាឡាំពួរនៃ​ប្រទេសម៉ាឡេស៊ី។

បើតាមលិខិតបញ្ជាក់​ដែល​ចេញដោយក្រសួងការបរទេសកម្ពុជា គណៈកម្មាធិការជ្រើសរើសរង្វាន់ប្រជាជន​អា​​ស៊ាននៃក្រសួងការបរទេស បានសម្រេចជ្រើសរើសសហ​ភា​ព​សហ​​ព័ន្ធយុវជនកម្ពុជា ដោយផ្អែកលើ​លក្ខ​ខណ្ឌ​មួយ​ចំនួន​កំណត់ដោយប្រទេសម៉ាឡេស៊ី។ លិខិត​បន្ត​​ថា​សហព័ន្ធមាន”ស្នាដៃលេចធ្លោរក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមនិងយុវជន ព្រមទាំងបានលើកកម្ពស់ទំនាក់ទំនងជាមិត្តភា​ពនិងស​ហប្រតិបត្តិការជាមួយប្រទេសសមាជិកអាស៊ាននិងសហគម​ន៍អន្តរជាតិ”។ សហព័ន្ធត្រូវបាន​​ជ្រើសរើសជាជ័យលាភីជាតិ ដើម្បីទទួលរង្វាន់ប្រជាជនអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ខែ​វិច្ឆិកា​។

រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានថ្លែងនៅពេលប្រគល់លិខិត​បញ្ជាក់​ទៅសហភាព​​​សហព័ន្ធយុវជនកម្ពុជា​នៅ​ព្រឹ​កថ្ងៃចន្ទនេះថាក្រសួងបានប្រកាសយ៉ាងទូលំទូលាយឲ្យមានការដាក់ពាក្យ​ចូលរួម​​ប្រ​កួតប្រជែង ដោយ​ថា​មាន​អង្គ​កា​រសង្គមស៊ីវិលនិងបុគ្គល”ច្រើន​ដែរ”​ចូលរួម។ លោក​បន្ត​ថាគណៈក​ម្មការ​បាន”ពិនិត្យ​ពិច័យ​បេក្ខជនយ៉ាងយកចិត្តទុក​ដាក់” ហើយ​បាន​សម្រេច​យក​សហភាព​សហព័ន្ធ​យុវជនមួយនេះ​ ដោយ​យល់​ថា​សហភាព​បាន​ចូលរួមចំណែក​ក្នុង​ការ​រក្សាវប្ប​ធម៌ ជួយសង្គម យុវជន និង​ការ​ចូលរួម​ចំណែកដល់​​សហគមន៍អាស៊ាន។​ លោកចាត់ទុកការ​ជ្រើសរើស​សហភាព​សហព័ន្ធយុវជនកម្ពុជា”ជាជា​ការ​សមស្របបំផុតដែលស.ស.យ.ក ​បានទទួលជ័យលាភីនេះ”​

បើ​តាម​លោក​ ហោ ណាំហុង​ ការជ្រើសរើសផ្អែកលើការចូលរួមចំណែកជួយដល់សង្គម វប្បធម៌ ការ​ចូលរួមចំណែក​ក្នុងការងារអាស៊ាននិងសហគមន៍អាស៊ានតែមួយនិងការចូលរួម​ចំណែក​អភិវឌ្ឍប្រទេស។​

កូនប្រុសរបស់លោក ហ៊ុន សែន និងជាប្រធានសហភាព​សហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី មានប្រសាស​ន៍ថានេះជាមោទនភាពមួយ​សម្រាប់សហភាព​និងប្រជាជាតិកម្ពុជា។ លោកបន្តថាលោកអរគុណដែលក្រសួងការបរទេស​ផ្តល់ជំនឿទុកចិត្តលើអ្វីដែលសហភាព​បានធ្វើ។ លោកបន្ថែម​ថាសហភាព​បានរៀប​​ចំជាព្រឹ​ត្តិការណ៍​មួយ​ហៅថា​មហាស្របវប្បធម៌ យុវជនអន្តរជាតិ ដែលលោកថានេះជាការចូលរួមចំណែ​ក​មួយរប​ស់​ស​ហព័ន្ធក្នុងការងារយុវជនអាស៊ាន។

បើ​តាម​សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស​ រង្វាន់​ប្រជាជនអាស៊ាននេះ​មាន​តម្លៃ​ជា​ទឹកប្រាក់​១ម៉ឺនដុល្លារ៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com 

What Next?

Recent Articles