លោក វ៉ា គឹមហុង ថា​វៀតណាម​ចង់​យក​ទឹក​ដី​កម្ពុជា​នៅ​តំបន់​ដាក់ដាំ​ដាក់ហ៊ូត

ដោយ ប្រាជ្ញ ចេវ
2015-11-03
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

វ៉ា គឹមហុង បង្ហាញ​ផែនទី ៦២០
ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បង្ហាញ​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Rann Samnang


មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​កិច្ចការ​ព្រំដែន​កម្ពុជា ចោទ​ថា វៀតណាម ចង់​បាន​ទឹក​ដី​របស់​កម្ពុជា នៅ​ក្នុង​តំបន់​ដាក់ដាំ ដែល​ជា​ទីតាំង​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម។ ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ថ្លែង​ដូច​នេះ ដើម្បី​រក្សា​ជំហរ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​អះអាង​ថា តំបន់​ដាក់ដាំ ជា​របស់​កម្ពុជា ខណៈ​ដែល​ភាគី​វៀតណាម កំពុង​ឈ្លាន​ពាន​យក និង​អះអាង​ថា​ជា​ដី​របស់​ខ្លួន។

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លើក​ឡើង​បែប​នេះ​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា បន្ទាប់​ពី​ក្រសួង​ការ​បទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដ៏​កម្រ​មួយ ប្រតិកម្ម​ឆ្លើយ​តប​នឹង​សម្ដី​របស់ លោក ហ៊ុន សែន ទាក់ទង​នឹង​រឿង​ដី​នៅ​ព្រំដែន​កម្ពុជា-វៀតណាម នៅ​តំបន់​ដាក់ដាំ​ដាក់ហ៊ូត។

សេចក្តី​ថ្លែងការណ៍​ដដែល​បញ្ជាក់​ថា វៀតណាម មាន​គ្រប់គ្រាន់​នូវ​មូលដ្ឋាន​ច្បាប់ ប្រវត្តិសាស្ត្រ និង​ការ​គ្រប់គ្រង​ស្ថានភាព​ពិត​ដើម្បី​បញ្ជាក់​ថា តំបន់​នេះ​ស្ថិត​ក្នុង​បូរណភាព​ទឹក​ដី​ពេញ​លេញ និង​គ្រប់គ្រាន់​របស់​វៀតណាម។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ លោក វ៉ា គឹមហុង បញ្ជាក់​ថា កម្ពុជា មាន​សេចក្តី​សម្រេច​របស់​អគ្គទេសាភិបាល​បារាំង ឆ្នាំ​១៩១៤ ខ្សែ​ព្រំដែន​តាម​ព្រែក​ដាក់ហ៊ូត។ ដូច្នេះ តំបន់​ដាក់ដាំ​ដាក់ហ៊ូត ស្ថិត​ក្នុង​បូរណភាព​ទឹក​ដី​របស់​កម្ពុជា។ លោក​បន្ត​ថា ការ​អះអាង​របស់​វៀតណាម ព្រោះ​វៀតណាម ចង់​បាន​តំបន់​នោះ៖ «គេ (វៀតណាម) ធ្លាប់​កាន់​កាប់​រួច​ហើយ គេ​ចង់​កាន់​កាប់​បន្ត​ទៀត គេ​មិន​ព្រម​ទទួល​ស្គាល់​សិទ្ធិ​ក្នុង​ការ​ទាមទារ​របស់​យើង។ យើង​មាន​សិទ្ធិ​ក្នុង​ការ​ទាមទារ ព្រោះ​សេចក្តី​សម្រេច​របស់​អគ្គទេសាភិបាល​បារាំង នៅ​ពេល​នេះ គឺ​ជា​ច្បាប់»

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា លោក ហ៊ុន សែន បាន​ថ្លែង​ពី​ប្រទេស​បារាំង ថា វៀតណាម បាន​ចរចា​ក្រៅ​ផ្លូវ​ការ​ជាមួយ​លោក ដោយ​ភាគី​វៀតណាម យក​តំបន់​ដាក់ដាំ ៦០​ភាគរយ ហើយ​ឲ្យ​កម្ពុជា ៤០​ភាគរយ ប៉ុន្តែ លោក ហ៊ុន សែន មិន​បាន​យល់​ព្រម​ទេ។ លោក​បញ្ជាក់​ថា ទីតាំង​នោះ​ជា​របស់​កម្ពុជា ដូច្នេះ​កម្ពុជា ត្រូវ​ជា​ម្ចាស់​លើ​ដែនដី​នោះ។ លោក ហ៊ុន សែន ប្រកាស​ជំហរ​មុខ​ពលរដ្ឋ​ខ្មែរ​នៅ​បារាំង ថា លោក​នៅ​តែ​តស៊ូ​ជាមួយ​វៀតណាម ព្រោះ​ប្រសិន​បើ​វៀតណាម យក​ដី​នោះ​បាន កម្ពុជា នឹង​បាត់បង់​ផ្ទៃ​ដី​អស់​ជាង ៥១​គីឡូ​ម៉ែត្រ​ការ៉េ។

ទោះ​បែប​នេះ​ក្ដី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម លោក ឡេ ហាយប៊ិញ (Le Hai Binh) បាន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ថា តំបន់​ព្រំដែន​ដាក់ដាំ​របស់​ខេត្ត​ដាក់ណុង (វៀតណាម) ជាប់​នឹង​ខេត្ត​មណ្ឌលគិរី (កម្ពុជា) គឺ​ស្ថិត​ក្នុង​បូរណភាព​ទឹក​ដី​ពេញ​លេញ និង​គ្រប់គ្រាន់​របស់​វៀតណាម តាំង​ពី​ដើម​រៀង​មក។

ឆ្លើយ​តប​ករណី​នេះ លោក វ៉ា គឹមហុង លើក​ឡើង​ថា ត្បិត​តំបន់​ដាក់ដាំ​ដាក់ហ៊ូត សព្វថ្ងៃ​ត្រូវ​វៀតណាម គ្រប់គ្រង ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា មាន​សិទ្ធិ​ពេញ​លេញ ឬ​មាន​បូរណភាព​លើ​តំបន់​នោះ​ទេ។ លោក​ថា កម្ពុជា នៅ​តែ​រក្សា​បន្ត​ការ​ចរចា ដើម្បី​រក​ដំណោះស្រាយ​លើ​បញ្ហា​មិន​ទាន់​ដោះស្រាយ​នៅ​តំបន់​ដាក់ដាំ​ដាក់ហ៊ូត៖ «កម្ពុជា នៅ​តែ​បន្ត​ការ​ចរចា ហេតុ​ដូច្នេះ​នៅ​ក្នុង​សន្ធិសញ្ញា​បំពេញ​បន្ថែម ប្រការ​១ វាក្យខណ្ឌ​១ ថា ភាគី​ទាំង​ពីរ​បន្ត​ការ​ចរចា»

ដោយឡែក​សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក ទិប ទាវ បញ្ចេញ​ទស្សនៈ​ថា ការ​ឆ្លើយ​តប​របស់​វៀតណាម នៅ​ពេល​នេះ ជា​ការ​ឆ្លើយ​តប​ដដែល ដើម្បី​បំភ្លៃ​យក​ទឹក​ដៃ​កម្ពុជា នៅ​តំបន់​ដាក់ដាំ។ លោក​បន្ត​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា យក​ផែនទី​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​ឆ្នាំ​១៩៥៤ មក​តតាំង​ជាមួយ​វៀតណាម នោះ​កម្ពុជា នឹង​អាច​គ្រប់គ្រង​តំបន់​នោះ​បាន៖ «រាល់​អ្វី​ដែល​ភាគី​វៀតណាម ចេះ​តែ​លើក​ឡើង គឺ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ពុំ​ទាន់​មាន​អំណះអំណាង​អ្វី​ជាក់លាក់​ឆ្លើយ​តប​ទៅ​ភាគី​វៀតណាម»

លោក ហ៊ុន សែន ថា មួយ​ឆ្នាំៗ​រដ្ឋាភិបាល​កម្ពុជា ផ្ញើ​កំណត់​ទូត​ច្រើន​ណាស់​ទៅ​រដ្ឋាភិបាល​វៀតណាម ស្នើ​ឲ្យ​បញ្ឈប់​ការ​សាងសង់​ផ្លូវ​ថ្នល់ ប្រឡាយ​ទឹក សាលា​រៀន ដែល​ភាគី​វៀតណាម សាងសង់​លើ​តំបន់​ដាក់ដាំ​ដាក់ហ៊ូត ដែល​កំពុង​មាន​បញ្ហា​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

3 Responses to "លោក វ៉ា គឹមហុង ថា​វៀតណាម​ចង់​យក​ទឹក​ដី​កម្ពុជា​នៅ​តំបន់​ដាក់ដាំ​ដាក់ហ៊ូត"

  1. sokhon says:

    ​សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក ទិប ទាវ និយាយអត់យល់បើតាមផែនទី យើងចាញ់វៀតណាម តែតាមសេចក្កីសម្រេចទើមយើងឈ្នះ

  2. ឆ្មាខ្មៅ says:

    នរណាក៏ដឹងថាដីដាកដាំនិងដាកហ៊ូតស្ថិតក្រោមដែនអធិបតេយ្យរបស់ខ្មែរ យួនមិនអាចលេបត្របាក់បាននោះទេ។ប៉ុន្តែគេប្រើល្បិចធ្វើជាចង់បានដែនដីទាំងនេះ ហើយមន្រ្តីរដ្ឋាភិបាលធ្វើល្បិចជាតតាំងនឹងយួនដើម្បីអោយប្រជាពលរដ្ឋខ្លួនមើលឃើញថារដ្ឋាភិបាលខិតខំណាស់ដើម្បីការពារទឹកដីខ្លួន តែតាមពិតយួនវាមិនអាចយកបាននោះទេ ់ល្បិចនេះរាក់ណាស់ មិនអាចបំភ័នភ្នែកប្រជាពលរដ្ឋខ្មែរបាននោះទេ។

  3. លឹង្គនាគរាជ says:

    ធ្វើឬកអែងតតាំង,ស្ទុះស្ទាការពារដី តាមពឹតវាជាល្បិចនៃពួកអាទមិឡក្បត់ជាតិសោះ។