ខៀវ សានសាណា៖​ រឿង​ស្នេហា​សូមមិន​និយាយ

សានសាណា និង​គូស្នេហ៍​បណ្ដើរ​គ្នាទៅ ២ កម្មវិធី​ជាប់ៗគ្នា​​។​ ហ្វេសប៊ុក វុទ្ធី

សានសាណា និង​គូស្នេហ៍​បណ្ដើរ​គ្នាទៅ ២ កម្មវិធី​ជាប់ៗគ្នា​​។​ ហ្វេសប៊ុក វុទ្ធី





ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ទាំង​មហាជន​ក៏សង្កេត​ឃើញ​ថា ទំនាក់​ទំនងរវាង​ពិធីការិនី​កូនពីរអ្នកនាង ខៀវ សាន​សា​ណា និង​លោក Seraj Sutton អ្នកគ្រប់គ្រង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Herbalife Cambodia ក៏​កាន់តែ​មានភាព​ស្និទ្ធស្នាល បណ្តើរ​គ្នាស្និទ្ធ​ស្អិត​កៀកកិតមិន​ឃ្លាត​គ្នាមួយ​ជំហានបែប​នោះក្តី​ ប៉ុន្តែ​នាង ខៀវ សានសាណា បុប្ផាខ្មែររាងរៅ​តូច​ច្រឡឹងឆ្វាក់ស្នេហ៍កន្លង់​អឺរ៉ុបរូបនេះ តែងពោលយ៉ាង​ទទូច​សុំ​មិនបរិយា​យទេ ពី​ជុំវិញរឿងស្នេហានេះ​។

ស្នេហាទី​ពីរ​ជា​មួយ​បុរសពោះ​ម៉ាយ​ជនជាតិ​អូស្រ្តាលី ​វ័យ ៦០ ឆ្នាំ​ លោក ​Seraj Sutton អ្នកគ្រប់គ្រង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុនអាហារបំប៉ន Herbalife Cambodia ជាមួយពិធី​ការិនីកូនពីរ​​មាឌល្អិត​សម្ដី​​ស្រួយ​ស្រែស​នាង ខៀវ​ សានសាណា បាន​ផ្ទុះ​ឡើង​ជិត ២ ឆ្នាំ ហើយ ហើយ​ក៏ធ្លាប់​ល្បីថា​ បុរសស្បែកស​បរទេស​រូបនេះ​ មានគម្រោង​ដឹកដៃ​​សិល្បការិនី​ខ្មែរ​មាឌល្អិត​នាង ខៀវ សានសាណា ចូល​រោងការ​ផង​ដែរ​កាលពីអំឡុង​ពាក់កណ្តាលឆ្នាំ ២០១៤​។

ប៉ុន្តែ យ៉ាង​ណាដំណឹង​ដ៏​រំជើបរំជួល​នេះ ប្រែ​ស្ងប់រលត់​ជា​មួយ​ព័ត៌មានចចេកចចូចក៏​សាយ​ភាយ​ឡើង​ថា ចំណង​ស្នេហ៍​រវាង​អ្នកនាង​ខៀវ សាន​សាណា និង​លោក Seraj Sutton អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុននេះ មាន​គម្រោង​រៀបការ​បើកចំហកាល​ពីអំឡុង​ចុង​ឆ្នាំ ២០១៤។ ប៉ុន្តែ​រហូតមកទល់​ពេលនេះ មាន​ដំណឹង​ថានាង ខៀវ សាន​សាណា​ និងអតីតស្វាមីឪពុកកូន​ទាំងពី​រនោះ​ មិន​មាន​លិខិតលែងលះ​ឡើយ ទើប​ធ្វើឲ្យ​លោក Seraj Sutton បាត់បង់​ទំនុកចិត្ត​។


ពិធីការិនី ខៀវ សានសាណា។ ភ្នំពេញ ប៉ុសិ៍្ត

ពិធីការិនី ខៀវ សានសាណា។ ភ្នំពេញ ប៉ុសិ៍្ត

បើ​ទោះ​ជា​យ៉ាងណា​ ពី​មួយ​ថ្ងៃទៅ​មួយថ្ងៃ ពិសេសពេល​មានកម្ម​វិធី​សិល្បៈ​អ្នកនាង ខៀវ សានសាណា និង​ ​បុរស​ជនជាតិ​អូស្រ្តាលី លោក Seraj Sutton ហាក់​បានបង្ហាញ​ពី​ស្និទ្ធស្នាល​នឹងគ្នា​កាន់​តែខ្លាំងជា​ងមុន។

ជា​មួយ​គ្នានោះ ពិធីការិនី​កូន​ពីរ​រាង​តូច​ច្រឡឹង ​មានកំណើត​ពី​ទឹក​ដីជនបទខេត្តព្រៃវែង អ្នកនាង ខៀវ សា​ន​សាណា​ ពេល​ខ្លះ​ក៏​ធ្លោយ​​មាត់ ហៅ លោក Seraj Sutton ថាជា​ប្តី​ពេញ​ៗ​មាត់​ហើយដែរ។ ​

ជាក់ស្តែង​នៅ​កាល​ពី​រាត្រី​ថ្ងៃ​ទី ២៩ ​ខែ​តុលា​ គូស្នេហ៍ខុសសញ្ជាតិ​អ្នកនាង ខៀវ សាន​សាណា និង​ លោក Seraj Sutton ជនជាតិ​អូស្រ្តាលី ក្រោយ​ពីបណ្តើរគ្នា​ក្នុង​ទឹកមុខ​ញញឹម​ពព្រា​យទៅ​ចូលរួមពិធីកាត់​ចំណង​ដៃតារា​សម្តែង សុវណ្ណ មករា និង​ តារាចម្រៀង​ ឈិន ចាន់​សុធារី នៅ​សណ្ឋាគារកាំបូឌីយ៉ាណានោះ គូ​ស្នេហ៍​​ទាំងពីរនេះក៏បានបណ្តើរគ្នា​បន្ត​ទៅ​ចូល​រួម​ពិធីបុណ្យហាឡូវីនបែប​បស្ចិម​ប្រទេស​ និង​បាន​ឱបថើបគ្នា​ស្និទ្ធស្នាល​ដូចគូស្នេហ៍​រួមរស់​តាមគន្លងប្រពៃណី​រួចហើយ​។

បើ​ទោះ​ជា​រូប​ភាព ​និង​សកម្មភាព​បាន​បង្ហាញថា គូស្នេហ៍​នេះ​កាន់​តែមាន​ភាព​ស្និទ្ធ​ស្នាល​​ផ្អែម​ល្ហែមនឹងគ្នាយ៉ាង​ដូច្នេះ​ក្តី ប៉ុន្តែ​តារាស្រី​ល្បី​ឆ្វាក់​ស្នេហ៍បុរសបរទេស​ អ្នក​​នាង ខៀវ សាន​សាណា សុំមិន​បរិយាយ​​ឡើយ​ពី​ចំណង​ស្នេហា​នេះ​ ដោយ​​នាង​​បញ្ជាក់​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍​ ដោយ​សម្ដីម៉ាត់ៗថា៖ «សូម​ទោស​បង បើ​សួររឿងការងារ​សិល្បៈ​ឬក៏របររកស៊ីអី​ខ្ញុំ​អាច​និយាយបាន។ ប៉ុន្តែ​បើ​សួរ​នាំរឿងស្នេហា​មួយ​ហ្នឹង​ខ្ញុំ​សូមមិន​និយាយ​ទាំងអស់»។

បន្ថែម​លើសម្ដី​​លើកឡើងនេះ ដែល​ស្នើសុំមិនបើកកកាយ​ពី​អាថ៌កំបាំង​ស្នេហ៍ ទាំងស្នេហ៍អតីតកាល និង​បច្ចុប្បន្ន​កំពុង​បង្អួតភ្នែកមហាជននោះ នាង ខៀវ សានសាណា ប្រាប់ថា៖ «មែន! បង​សុំមិន​ចង់​និយាយទេពី​ជីវិតស្នេហ៍​ បើទោះ​ជា​ថាម៉េច​ក៏​ថាទៅ​ សូមមិននិយាយ​ទេ ទុកជារឿង​អាថ៌កំបាំងមួយ​ក៏​ថាទៅ​»។

គួរ​រំឭកថា ក្រោយ​បែក​ស្វាមី​ជា​ជនជាតិ​កាណាដាជាង ២ ឆ្នាំ ដោយ​បន្សល់​ទុក​នូវ​ចំណង​និស្ស័យ​កូនប្រុស​ស្រីពីរ​នាក់​នោះ ពិធី​ការិនី​នាង ខៀវ សាន​សាណា តែងព្យាយាម​​មិនបរិយាយ​រឿង​ចំណង​ស្នេហ៍​ថ្មីឡើយ បើទោះ​ជា​មានការ​បណ្ដើរ​គ្នា​យ៉ាង​បើក​ចំហ រហូតនាងធ្លោយ​មាត់​ហៅ​បុរស​នោះ​ថា ប្ដីៗ​ពេញមាត់ក្ដី៕

What Next?

Recent Articles