ពិព័រណ៍គំនូរ​វិចិត្រករ​ស្រី ​កាហ្សាក់​ស្ថាន ​នៅ​មជ្ឈមណ្ឌល​វប្បធម៌ រុ​ស្ស៊ី

«The Flow» កម្រង​ពិព័រណ៍​ស្នាដៃវិចិត្រ​កម្មរបស់​វិចិត្រករ​ស្រី នាង ម៉ាសា ទេពលូឃីណា ជាតិកាហ្សាក់ស្ថាន។ រូប សហការី

«The Flow» កម្រង​ពិព័រណ៍​ស្នាដៃវិចិត្រ​កម្មរបស់​វិចិត្រករ​ស្រី នាង ម៉ាសា ទេពលូឃីណា ជាតិកាហ្សាក់ស្ថាន។ រូប សហការី




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: កម្រង​ស្នាដៃគំនូរ ​៣០ ផ្ទាំង​ក្រោម​ចំណង​ជើងថា «The Flow» របស់​វិចិត្រ​ករស្រី​ជាតិកាហ្សាក់​ស្ថាន ​ នាង ម៉ាសា ទេពលូឃីណា នឹង​ត្រូវដាក់​តាំងបង្ហាញ​​នៅឯ​មជ្ឈមណ្ឌល​វិទ្យាសាស្រ្ដ​ និង​វប្បធម៌រុស្ស៊ី ចាប់ពី​វេលាម៉ោង ៦ ល្ងាចនៃថ្ងៃទី ៣ ខែវិច្ឆិកា​បន្ដ​រហូត​ដល់ថ្ងៃទី ៣ ខែ​ធ្នូឆ្នាំ ២០១៥ ខាងមុខ​នេះ​ នាឱកាស​ប្រារព្ធ​ពិធី​ខួប​អនុស្សាវរីយ៍លើកទី ៣៥ នៃកិច្ចសហការ​ និង​ភាពជាដៃ​គូដ៏​យូរ​អង្វែង​នៅ​ក្នុង​វិស័យវប្បធម៌ វិទ្យាសាស្រ្ដ​ព័ត៌មាន អាជីវកម្ម និង​សាសនា រវាងកម្ពុជា និង​រុស្ស៊ី​។


PPP-Masha-Teplukhina-kazakhstan-russia-exhibition

ពិព័រណ៍​ស្នាដៃ​វិចិត្រករ​ស្រី​ជាជាតិ​កាហ្សាក់ស្ថាន ដែល​មានកំណើត​នៅ​ឯទីក្រុង​អាល់ម៉ាអាតា និង​កើតឆ្នាំ ១៩៨០​ រូបនេះ គឺ​ជាឱកាសបង្ហាញ​មួយ​ស្តី​ពី​ទិវា​នៃ​ការ​បង្រួមបង្រួមប្រជាជន​តាម​រយៈ​ភាសា​សិល្បៈ​ដោយសារវាគឺ​ជា​ភាសាអន្ដរជាតិមួយ​ និង​តំណាង​ឲ្យ​ការ​រួបរួម​ និងការយល់​ដឹងអំពី​គ្នាទៅ​វិញ​ទៅមក​ដោយប្រើ​នូវគំនិត​ច្នៃ​ប្រឌិត​នៃ​បណ្តា​ប្រទេស​នានានៅស្ថិត​ក្នុង​ទ្វីបផ្សេងៗ​គ្នា។

បើតាមការ​សរសេររៀបរាប់​ឲ្យ​ដឹង​ពីអារម្មណ៍​ខ្លួនឯង​នៃ​ផ្ទាំងគំនូរ​ក្រោម​ចំណង​ជើង​ថា​ «The Flow» នោះ​នាង ម៉ាសា ទេពលូឃីណា ​(Masha Teplukhina) ក៏​បញ្ជាក់ឲ្យ​ដឹងថា៖ «​ខ្ញុំ​ជឿថាចកក្រវាឡ​និយាយ​មក​កាន់ពួកយើងបាន​តាម​រយៈសិល្បៈ»។​

ចំណែក​លោកស្រី ប៉ូលីណា បេឡូវ៉ា (Polina​ Belova) ប្រធាន​គ្រប់គ្រង​កម្មវិធី​តាំងពិព័រណ៍​ បានឲ្យ​ដឹង​ថា៖ «The Flow គឺជាបណ្តុំ​នៃ​ស្នាដៃ​គំនូរសរុបចំនួន ៣០ ផ្ទាំង​របស់​វិចិត្រ​ករ​ស្រី​ ម៉ាសា ទេពលូឃីណា ដោយ​ក្នុងនោះក៏មានរាប់​ញ្ចូល​ផ្ទាំងគំនូរបែប​ស៊េរី ស និង​ ខ្មៅ ​ក្រោម​ចំណងជើង​ថា Dreams ផង​ដែរ។ បើ​តាមការសង្កេត​ និង​កត់សម្គាល់ទៅ​លើ​កម្រង​ស្នាដៃ​ទាំងឡាយ​នោះ ​យើងឃើញ​ថា​លក្ខណៈ​ពិសេស​នៃ​វិចិត្រកម្ម​គឺការ​ប្រើបច្ចេកទេសគំនូស​រង្វង់ ជានិមិត្រ​រូបនៃការ​រួបរួមគ្នា​ដើម្បី​បង្ហាញ​នៅ​​ក្នុង​ស្នា​ដៃរបស់នាង»។

លោកស្រី​ ប៉ូលីណា បេឡូវ៉ា បាន​បន្ដ​ថា៖ «វិចិត្រ​ករស្រីរូប​នេះចូលចិត្ត​គូរ​គំនូរ​បែប​អរូបីនៅ​លើផ្ទាំងក្រណាត់​។ គាត់​បាន​រកឃើញ​នូវ​បែប​ផែនសិល្បៈ​ផ្ទាល់​ខ្លួន ដ៏​​ពិត​ប្រាកដ​មួយ​នា​ពេល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​អាស៊ី​អាគ្នេយ៍​។ហើយ​ស្នាដៃ​របស់នាង​បាន​គូរនា​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ​ ខណៈពេល​នាងបាន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។សម្រាប់​គំនូរ​របស់​នាង​នឹងដាក់​បង្ហាញ​នោះ​ មាន​ពីររបៀប​ផ្សេងៗ​គ្នា​ទៅ​តាម​ស្នាដៃគឺ The Flow ប្រើ​ទឹក​ថ្នាំពណ៌​បែប​អាគ្រីលីក និង​ Dreams ប្រើទឹកថ្នាំពណ៌ស និង​ខ្មៅ​គូរ​លើ​ផ្ទាំង​ក្រដាស ស»៕​


What Next?

Recent Articles