ដោយ៖ វង្ស សុម៉ាលីន | ថ្ងៃអង្គារ ទី3 វិច្ឆិកា 2015, 07:28 AM
http://vodhotnews.com
មិនខុសពីតារាសិល្បៈជើងចាស់កម្សត់ៗភាគច្រើន តារាកំប្លែងល្បីឈ្មោះគឺអ្នកស្រីណយ សំណាង ហៅយាយណាងក៏មានជីវិតបច្ចុប្បន្នគួរឲ្យសង្វេគណាស់ដែរ។ អ្នកស្រីបានលាតត្រដាងឲ្យឃើញពីវាំងននខ្មៅនៅក្រៅសិល្បៈរបស់ខ្លួន ព្រមជាមួយការអះអាងថាជីវិតរបស់អ្នកស្រីគឺមិនខុសពីស្លាប់ទាំងរស់នោះឡើយ។
នៅក្នុងពិធីទទួលអំណោយពីព្រះសង្ឃគង់នៅវត្តនាគវ័ន្ត ពីសមាគមសិល្បករខ្មែរនិងពីសប្បុរសជនមួយចំនួនកាលពីថ្ងៃទី២ ខែវិច្ឆិកា អ្នកស្រីបានថ្លែងប្រាប់ថាជីវិតចុងក្រោយរបស់អ្នកស្រីគឺមិនមានអ្វីជាទីពឹងនោះទេ បើទោះជាលើកញ្ចក់ទូរទស្សន៍អ្នកស្រីប្រឹងសើចប្រឹងយំដែលមិនខុសពីមនុស្សគ្មានទុក្ខ។ អ្នកស្រីបានទាំងចាត់ទុកថាការរស់នៅរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំនេះមិនខុសពីស្លាប់ទាំងនៅដង្ហើម ដោយសារតែភាពខ្មៅងងឹតនៅបាំងពេញទំហឹង មិនអាចលេចឡើងនូវក្ដីសង្ឃឹមទាល់តែសោះ។ អ្នកស្រីបានប្រកាសក្នុងជំនួបដែលមានអ្នកកាសែតចូលរួមនោះថា៖ “ម៉ែរាល់ថ្ងៃកូន ពិបាកណាស់ ឈឺក៏ឈឺ លុយកាក់អត់មានទេ ឡើងកំប្លែងឥឡូវក៏មិនសូវកើត ហើយត្រូវបង្ខំចិត្តរកលុយចិញ្ចឹមចៅកំព្រាដល់ទៅ៧នាក់នៅក្នុងបន្ទុកទៀត បើកុំតែម៉ែអាណិតចៅ ម៉ែសុខចិត្តអត់ដង្ហើមឲ្យស្លាប់បាត់ទៅហើយ បើតាមតែវាពិបាកពេក!”។
អ្នកស្រីលើកឡើងដោយភាពក្ដុកក្ដួលថាក្រោយពេលកូនប្រុសច្បងរបស់ខ្លួនគឺលោក អ៊ាច វណ្ណៈ ហៅវណ្ណៈ ដេវិដ ស្លាប់ក្នុងហេតុការណ៍ក្រឡាប់រថយន្តរបស់លោកខេមរៈ សិរីមន្ត កាលពីខែមីនា ឆ្នាំ២០១៣ កូនរបស់លោកចំនួន៧នាក់(ប្រុស៥ ស្រី២) ត្រូវបានម្ដាយរបស់ពួកគេទម្លាក់ចោល ហើយទុកឲ្យអ្នកស្រីចិញ្ចឹមទាំងស្រុង។ ជាប់ជួនជាក្នុងពេលនេះ អ្នកស្រីកាន់តែធ្លាក់ខ្លួនជរានិងចេញសម្ដែងលែងសូវកើត ទើបធ្វើឲ្យសភាពអត់បាយ កើតឡើងញឹកញាប់។ អ្នកស្រីមានប្រសាសន៍ថា៖ “ពីមុនបានឪពុកម្ដាយចៅៗអស់ហ្នឹងវារ៉ាប់រង ម្យ៉ាងកាលហ្នឹងខ្ញុំរកលុយបានច្រើនផង ប៉ុន្តែតាំងពីកូនខ្ញុំអាបងគេហ្នឹងស្លាប់មក ប្រពន្ធរបស់វាក៏ទៅមានប្ដីក្រោយចោលៗកូនអស់ ទុកឲ្យខ្ញុំនិងវណ្ណា ស័ក្ត កូនពៅរបស់ខ្ញុំ ចិញ្ចឹមយ៉ាងវេទនាបំផុត ហើយកូនគិតមើលផ្ទះក៏យើងជួលគេ មាត់យើងក៏ច្រើនតើបានអីហូប? ខ្ញុំអត់លាក់លៀមទេ ភាគច្រើនណាស់ដែលខ្ញុំស្គាល់តែផ្អកប្រហុកនិងទិញមីពីរបីកញ្ចប់មកឆុងហូបបាយជាមួយចៅៗ!”។ អ្នកស្រីប្រាប់ថាលោកវណ្ណា ស័ក្ត ដែលអ្នកណាក៏ដឹងថាគឺជាតារាចម្រៀងកុងត្រារបស់ផលិតកម្មអឹម(M) មិនមានប្រាក់ចំណូលពីសិល្បៈច្រើនទេ ក្នុងពេលដែលលោកចេញច្រៀងក៏ត្រូវផលិតកម្មកាត់យកប្រាក់ចំណេញ៥០ភាគរយ ដែលជាគោលការណ៍ក្រោមការព្រមព្រៀងបែបនេះ។ ប្រាក់ចំណូលខ្លះ លោកបានត្រឹមតែទប់លើថ្លៃសម្លៀកបំពាក់និងតម្រូវការផ្ទាល់ខ្លួនប៉ុណ្ណោះ ទើបអ្នកស្រីនិងចៅៗពេលខ្លះក៏មិនអាចរំពឹងទៅលើកូនប្រុសរូបនេះទាំងស្រុង។ អ្នកស្រីនិយាយថា៖ “វណ្ណា ស័ក្ត រាល់ថ្ងៃគ្នាចង់ខ្សោះខ្លួនហើយកូន មួយរយមកបាត់២រយមកបាត់ ព្រោះមាត់យើងវាច្រើន ម្យ៉ាងយើងជួលផ្ទះនៅកូនដឹងស្រាប់ហើយ គឺលើកកញ្ជើរដើរតែរហូតហ្នឹង នៅពេលគេឡើងថ្លៃ! ហ្នឹងបានចៅអធិការវត្តទួលទំពូងលោកអាណិត ជួយចេញលិខិតសុំឲ្យនាយកសាលាដែលចៅៗខ្ញុំរៀន កុំឲ្យយកលុយផង កុំអីចៅខ្ញុំអត់មានអ្នកណាស្គាល់សាលាទេ!”។

អ្នកស្រីណយ សំណាង បានរៀបរាប់ថា ក្រោយបែកសម័យប៉ុល ពត ផ្ទះសម្បែងរបស់អ្នកស្រីត្រូវបានគេចាប់យកអស់ ហើយចំណែកអ្នកស្រីក៏មិនទទួលបានរបបផ្ទះដីឬបានចាប់ដីផ្ទះរបស់អ្នកណាវិញដែរ។ អ្នកស្រីបានក្លាយជាសិល្បករជ្រកក្នុងផ្ទះជួលពីមួយកន្លែងទៅមួយកន្លែងយ៉ាងលំបាកវេទនា ក្នុងវ័យ៧២ឆ្នាំរបស់ខ្លួន ក៏ធ្វើឲ្យអ្នកស្រីលែងមានលទ្ធភាពរកចំណូលបានដូចមុន។ អ្នកស្រីបន្តទាំងអួលដើមករថា៖ “រាល់ថ្ងៃហ្នឹងខ្ញុំមានជំងឺបេះដូងផង ខ្វះជាតិស្ករផង លើសឈាមផង និងចុកដៃចុកជើងផង! ខ្ញុំអត់ដែលបានទៅតាមដានជំងឺអីទេ គឺបានត្រឹមតែឈឺផ្សំថ្នាំលេបហ្នឹង ខ្ញុំអត់មានសង្ឃឹមអីទេ នៅពេលខ្លួនឯងកាន់តែចាស់អញ្ចឹង រាល់ថ្ងៃបើនិយាយពីគឺអត់ណាស់ ម្យ៉ាងខ្ញុំមានកូនត្រឹមតែ២ វាបែរជាស្លាប់មួយ ហើយបន្សល់ចៅតូចៗឲ្យរញ៉ុងឲ្យខ្ញុំអញ្ចឹមទៀត បើបោះបង់ទៅណា”។ អ្នកស្រីប្រាប់ថាមិនទាន់ដាច់ចិត្តយកចៅកំព្រាណាមួយឲ្យទៅរស់នៅមណ្ឌលនោះទេ ដោយសារមណ្ឌលភាគច្រើនគេអត់ទទួលយកទាំងអស់ ហើយមិនចង់ឲ្យចៅបែកបងបែកប្អូននិងរស់នៅឆ្ងាយពីខ្លួន។ អ្នកស្រីបានសម្រក់ទឹកភ្នែកនៅពេលទទួលយកអំណោយជាអង្ករ៣បាវ មី ទឹកត្រី ទឹកក្រូ ថ្នាំសង្កូវ និងគ្រឿងប្រដាប់ប្រដាចានឆ្នាំង ព្រមទាំងថវិកាចំនួន៤០០ដុល្លារ ដែលផ្ដល់ឲ្យដោយព្រះគ្រូនី សុវណ្ណមុនីរ៉េត គង់នៅវត្តនាគវ័ន្ដ ពីលោកឧកញ៉ា ប៉ែន នួន និងពីសមាគមសិល្បករខ្មែរ កាលពីថ្ងៃចន្ទទី២ វិច្ឆិកានោះ។
លោកនាយឃ្លោក ប្រធានកិត្តិយសមាគមសិល្បករខ្មែរ បានប្រកាសឲ្យដឹងថាលោកនឹងផ្ដល់អាហារបំប៉នជួយថែទាំសុខភាពដល់អ្នកស្រី ដើម្បីកុំឲ្យសុខភាពអ្នកស្រីកាន់តែទ្រុឌទ្រោម ហើយធ្លាក់ខ្លួនសម្ដែងលែងកើតក្នុងស្ថានភាពកម្សត់នេះ៕
សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com
