ដោយ៖ ទូច សុភាត់ | ថ្ងៃអង្គារ ទី3 វិច្ឆិកា 2015, 03:19 PM
http://vodhotnews.com
សមាហរណកម្មអាស៊ានគឺជាការរួមបញ្ចូលគ្នារវាងសមាជិកទាំង១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)នឹងចូលមកដល់នៅថ្ងៃទី៣១ ខែធ្នូ ២០១៥ខាងមុននេះ។
នៅក្នុងសមាហរណកម្មអាស៊ានបានបង្កើតជាសហគមន៍សេដ្ឋកិច្ចអាស៊ាន(AEC)ដែលផ្ដោតសំខាន់ទៅលើលំហូរដោយសេរីនៃការផ្លាស់ប្ដូរទំនិញ សេវាកម្ម មូលធន ការវិនិយោគទុននិងកម្លាំងពលកម្មជំនាញ។
លំហូរដោយសេរីនៃការវិនិយោគទុនមានន័យថាវិនិយោគិនក៏ដូចជាសហគ្រិន(ម្ចាស់សហគ្រាស) អាចធ្វើការវិនិយោគដោយសេរីនៅក្នុងប្រទេសជាសមាជិកទាំងអស់របស់អាស៊ាន។
សហគ្រាសធនតូចនិងមធ្យម(SMEs)នៅកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យឯកជននិងអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាចាប់តាំងពីដើមឆ្នាំ១៩៩០។ សហគ្រាសធនតូចគឺជាសហគ្រាសដែលមានកម្លាំងពលកម្មចាប់ពី១០នាក់រហូតដល់៤៩នាក់ជាមួយដើមទុនចាប់ពី១០ ០០០ដុល្លាររហូតដល់១៩៩ ០០០ដុល្លារ។ រីឯសហគ្រាសធនមធ្យមគឺជាសហគ្រាសដែលមានកម្លាំងពលកម្មចាប់ពី៥០នាក់រហូត ១៩៩នាក់ ជាមួយដើមទុនចាប់ពី២០០ ០០០ដុល្លារ រហូតដល់ជិត១ ០០០ ០០០ដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងឧស្សាហកម្មនិងសិប្បកម្ម។
តើលំហូរសេរីនៃការវិយោគទុនបង្កើតបញ្ហាប្រឈមនិងឱកាសអ្វីខ្លះដល់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា?
អ្នកស្រាវជ្រាវឯករាជ្យ លោក ឈាត ស្រ៊ាង យល់ឃើញថាក្រោយសមាហរណកម្មអាស៊ានកម្ពុជានឹងជួបនូវបញ្ហាប្រឈមមួយចំនួន។ លោកលើកឡើងថាសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាជាសហគ្រាសដែលមិនសូវមានធនធានរឹងមាំ មានន័យថាសហគ្រិនមួយចំនួនមានដើមទុនតិចតួច។ ជាមួយគ្នានេះដែរ សហគ្រិនមួយចំនួនក៏មិនអាចគ្រប់គ្រងធនធានមនុស្សដែលមានសមត្ថភាពផងដែរ។ លោកថា៖ “គំរាមកំហែងត្រង់ថាខណៈដែលគាត់កំពុងធ្វើBusiness ធ្វើជំនួញនៅក្នុងទម្រង់តូចនៅឡើយ ហើយបើសិនជាមានក្រុមហ៊ុនគេធំៗមកពីតំបន់ឬមកពីក្រៅ មកប្រកួតប្រជែងជាមួយយើងខាងក្នុង យើងអត់មានកម្លាំង ប្រកួតប្រជែងជាមួយគេទេ ឧទាហរណ៍ជាក់ស្ដែង ដូចមានការជជែកគ្នា អារឿងហាងកាហ្វេក៏ដោយ ក្រុមហ៊ុនផលិតតូចៗ ដូចនំញ៉ាំអី បើមានក្រុមហ៊ុនគេមកពីក្រៅគេមានដើមទុនធំជាង អាហ្នឹងក៏ជាការគំរាមកំហែងពួកគាត់ដែរ”។
ស្របជាមួយគ្នានេះដែរ សាស្ត្រាចារ្យសេដ្ឋកិច្ច លោក ស្រី ចន្ធី បានលើកឡើងថាបញ្ហាប្រឈមសម្រាប់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាក្រោយសមាហរណកម្មអាស៊ានគឺការប្រកួតប្រជែងជាមួយបណ្ដាសហគ្រិនធំៗមកពីប្រទេសជាសមាជិកអាស៊ាន ហើយសហគ្រាសមួយចំនួនអាចនឹងដួលរលំ។ លោកថា៖ “ទីមួយគឺបច្ចេកទេសរបស់សហគ្រាសខ្នាតតូចនិងមធ្យមរបស់យើង ប្រៀបធៀបនឹងសហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងតំបន់ហ្នឹងគឺចាញ់គេ ទីពីរទាក់ទងហ្នឹងដើមទុន ដោយសារដើមទុននៅប្រទេសយើង សេវា អត្រាការប្រាក់អីនៅថ្លៃ ហើយមួយទៀតទាក់ទងហ្នឹងតម្លៃថាមពល អគ្គីសនីហើយហ្នឹងប្រេង យើងវាថ្លៃជាងគេ នៅប្រទេសយើង”។
ទន្ទឹមនឹងបញ្ហាប្រឈមសម្រាប់សហគ្រាសធុនតូចនិងមធ្យម សមាហរណកម្មអាស៊ានក៏ជាឱកាសសម្រាប់សហគ្រាសទាំងនេះផងដែរ។
លោក ស្រី ចន្ធី លើកឡើងថាក្រៅពីបញ្ហាប្រឈម ប្រជាជនកម្ពុជាក៏ទទួលបានប្រយោជន៍ពីចូលសមាហរណកម្មអាស៊ានផងដែរ។ លោកថានៅពេលដែលមានទីផ្សារប្រកួតប្រជែង គុណភាពទំនិញនឹងល្អប្រសើរឡើងជាមួយគ្នានេះដែរតម្លៃទំនិញក៏ត្រូវតែថោកជាងមុន។ ដោយឡែកឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមវិញគឺការខិតខំពង្រឹងខ្លួនដើម្បីអាចប្រកួតជាមួយសហគ្រាសដទៃទៀត។
ជាមួយគ្នានេះ លោក ឈាត ស្រ៊ាង បានលើកឡើងថាសហគមន៍សេដ្ឋកិច្ចអាស៊ានដែលនឹងចូលមកដល់នៅពេលខាងមុខនេះគឺជាឱកាសមួយសម្រាប់សហគ្រាសក្នុងស្រុកដើម្បីអភិវឌ្ឍខ្លួន។ លោកបន្ដថា៖ “អ្វីដែលខ្ញុំសង្កេតឃើញគឺឱកាសដែលយើងអាចបានគឺទីមួយយើងអាចជាដៃគូរបស់ក្រុមហ៊ុនដែលគេអត់ទាន់ឈរជើងនៅឡើយ នៅក្នុងស្រុកខ្មែរ ដូច្នេះគេ (SMEs) អាចយកចំណេញពីអាហ្នឹងបាន ប៉ុន្ដែនៅក្នុងហ្នឹងយើងត្រូវមានលក្ខខណ្ឌហ្នឹង ជាពិសេសលក្ខខណ្ឌច្បាប់និងដំណើរការក្រុមហ៊ុន ហើយទីពីរយើងអាចចាប់ផ្ដើមរៀនសូត្រពីគេ(សហគ្រាសក្រៅប្រទេស) បានច្រើន”។
ស្របពេលដែលកម្ពុជាទទួលបានឱកាសពីសមាហរណកម្មអាស៊ាននេះដែរ លោក ឈាត ស្រ៊ាង ក៏បានអំពាវនាវឲ្យសហគ្រាសទាំងអស់ធ្វើការចុះបញ្ជីត្រឹមត្រូវដើម្បីទទួលបានឱកាសនេះ។ អាជីវកម្មដែលមិនបានចុះឈ្មោះត្រឹមត្រូវ មិនអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលការគាំទ្រ។
យោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្ម សហគ្រាសទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវមានចំនួនជាង៣០០០សហគ្រាស។
ដើម្បីជំរុញឲ្យសហគ្រាសធនតូចនិងមធ្យមនៅកម្ពុជាអាចប្រកួតប្រជែងជាមួយបណ្ដាសហគ្រាសនៅក្នុងតំបន់អាស៊ាន លោក ឈាត ស្រ៊ាង បានឲ្យដឹងថាសហគ្រាសទាំងនោះត្រូវខិតខំរៀនសូត្រនិងពង្រឹងខ្លួនឯងឲ្យខ្លាំង។ លោកបន្ដថាបច្ចុប្បន្នរដ្ឋាភិបាលកំពុងសម្រួលក្នុងការបញ្ជីឈ្មោះក្រុមហ៊ុន ដូច្នេះសហគ្រិនទាំងអស់គួរតែស្វះស្វែងចុះបញ្ជីឲ្យបានមុនពេលសមាហរណកម្មអាស៊ានមកដល់ ហើយរដ្ឋាភិបាលក៏បានសម្រួលឲ្យមានការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគណនី និងប្រព័ន្ធគ្រប់គ្រងធនធានមនុស្សដែលជារឿងល្អសម្រាប់សហគ្រាសទាំងនោះ។ លោកបន្ដថាការលុបបំបាត់អំពើពុករលួយគឺជារឿងចម្បងដែលមានប្រសិទ្ធសម្រាប់ជំរុញឲ្យសហគ្រាសធុនតូចនិងមធ្យមធ្វើការប្រកបដោយតម្លាភាពនិងយុត្តិធម៌៕
សរសេរមកកាន់ ទូច សុភាត់ តាមរយៈ sophorth@vodhotnews.com
