អង្គការ​ជិត​២០​ត្រៀម​ជួប​អភិបាល​ខេត្ត​ព្រះសីហនុ​ពិភាក្សា​ការ​រំលោភ​ដី​ចំណី​បឹង​ព្រែក​ទប់

ដោយ ដែន អយុធ្យា
2015-11-03
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ឈូស​ឆាយ​ដី​ចូល​មាត់​បឹង​ព្រែក​ទប់ ព្រះសីហនុ ៦២០
រថយន្ត​ដឹក​ដី និង​គ្រឿងចក្រ​ឈូស​ឆាយ​ដី​ចូល​ទៅ​មាត់​បឹង​ព្រែក​ទប់ ស្ថិត​នៅ​ក្នុង​សង្កាត់​៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៥។ RFA/Den Ayuthyea


ក្រុម​សង្គម​ស៊ីវិល​ជិត ២០​អង្គភាព​នៅ​ខេត្ត​ព្រះសីហនុ ត្រៀម​លើក​យក​បញ្ហា​ប្រឈម​​ដែល​កើត​មាន​នា​មូលដ្ឋាន​នេះ មាន​ដូចជា ករណី​រំលោភ​​ចំណី​មាត់​បឹង​ព្រែក​ទប់ និង​ដី​អនុក្រឹត្យ​លេខ​៧៦ សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត ជាដើម ដាក់​ជូន​អភិបាល​ខេត្ត​ព្រះសីហនុ បំភ្លឺ ដើម្បី​រួម​គ្នា​រក​ដំណោះស្រាយ។

បណ្ដាញ​អង្គការ​មិន​មែន​រដ្ឋាភិបាល ឬ​ហៅ​ថា បណ្ដាញ​តស៊ូ​មតិ​ដែល​មាន​អង្គការ​សមាគម​ជិត ២០​ស្ថាប័ន​ជា​សមាជិក​នៅ​ខេត្ត​ព្រះសីហនុ នឹង​បើក​កិច្ច​ប្រជុំ​​លើក​យក​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​បាន​កើត​​មាន​នា​មូលដ្ឋាន​នេះ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​មិន​ទាន់​បាន​ដោះស្រាយ យក​ទៅ​ពិភាក្សា​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ខាង​មុខ។

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម មាន​ប្រសាសន៍​​ថា លទ្ធផល​ដែល​ទទួល​បាន​ពី​កិច្ច​ប្រជុំ​នេះ នឹង​ដាក់​ជូន​ទៅ​អភិបាល​ខេត្ត​ព្រះសីហនុ បំភ្លឺ ឬ​​រួម​គ្នា​រក​ដំណោះស្រាយ។ លោក​បន្ត​ថា ឯកសារ​ដែល​ត្រៀម​ដាក់​ជូន​អភិបាល​ខេត្ត​ព្រះសីហនុ នា​សប្ដាហ៍​ក្រោយ គឺ​ផ្ដោត​ទៅ​លើ​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​នៅ​ជុំវិញ​មាត់​បឹង​ព្រែក​ទប់ និង​ករណី​ទន្ទ្រាន​កាន់​កាប់​ដី​អនុក្រឹត្យ​លេខ​៧៦ នៅ​តំបន់​ក្បាល​ឆាយ សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត។

លោក សុខ សុខុម រិះគន់​ថា ករណី​ចំនួន​ពលរដ្ឋ​ដែល​មាន​លំនៅឋាន និង​រស់នៅ​អចិន្ត្រៃយ៍​នា​មាត់​បឹង​ព្រែក​ទប់ ប្រមាណ ៥០​គ្រួសារ អាជ្ញាធរ​ខេត្ត​នេះ​មិន​​បាន​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ទេ ប៉ុន្តែ​បែរ​ជា​ទៅ​ឃុបឃិត​លួច​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ឈ្មួញ និង​មន្ត្រី​មាន​អំណាច ដែល​លួច​ចាក់​ដី​រំលោភ​ដី​ចំណី​មាត់​បឹង​ព្រែក​ទប់​ស្ងាត់ៗ​ទៅ​វិញ។

បន្ថែម​លើ​នេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ក៏​បាន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​សាងសង់​វីឡា​ធំ​ស្កឹមស្កៃ​នៅ​ជាប់​មាត់​​​បឹង​ព្រែក​ទប់ អាច​បន្ត​ដំណើរ​ការ​សាងសង់​ដោយ​រលូន និង​គ្មាន​ការ​ហាម​ឃាត់​ទេ៖ «កន្លង​មក​មិន​ថា​តែ​ដី​ចំណី​មាត់​បឹង​ព្រែក​ទប់​ទេ នៅ​តំបន់​ផ្សេងៗ​ទៀត​ក៏​ដូច​គ្នា​ដែរ គឺ​អាជ្ញាធរ​ខេត្ត ឬ​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ ឲ្យ​តែ​អ្នក​មាន​លុយ​មាន​អំណាច គឺ​បាន​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បាន​ឆាប់​បំផុត ប៉ុន្តែ​ចំពោះ​ពលរដ្ឋ​ក្រីក្រ​វិញ ទោះ​បី​រាជ​រដ្ឋាភិបាល​ចេញ​សេចក្តី​ជូន​ដំណឹង​ឲ្យ​កាត់​ឆ្វៀល​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ និង​មាន​ការ​ចុះ​វាស់វែង​ពី​អាជ្ញាធរ​ជំនាញ​ជូន​ពលរដ្ឋ​បែប​ណា​ក៏ដោយ ក៏​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ មិន​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ ឬ​មិន​រវល់​អើពើ​នឹង​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ដែរ។ ប៉ុន្តែ​បើ​សម្រាប់​មន្ត្រី​មាន​អំណាច និង​ទ្រព្យ​ធន​វិញ ចង់​ប្លង់​ដី​នៅ​តំបន់​ណា​ក៏ដោយ ក៏​អាច​ចេញ​បាន​ដោយ​ឆាប់​រហ័ស និង​រលូន​បំផុត»

បញ្ហា​នេះ​ដែរ លោក ប៊ួន ណារិទ្ធិ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ ចាត់​ទុក​ថា រាល់​ការ​ចេញ​​ប័ណ្ណ​កម្មសិទ្ធិ​អនុញ្ញាត​ដោយ​មន្ទីរ​សុរិយោដី​ខេត្ត ទៅ​លើ​ដី​ចំណី​មាត់​បឹង​ព្រែក​ទប់ ឬ​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ធម្មជាតិ​មួយ​នេះ កើត​ឡើង​ដោយ​ការ​ឃុបឃិត​ខុស​នីតិវិធី​ច្បាប់។ លោក​ថា ករណី​នេះ​គួរ​តែ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​លូក​ដៃ​ជួយ​អន្តរាគមន៍​បញ្ហា​នេះ៖ «ករណី​ដី​នៅ​មាត់​បឹង​ព្រែក​ទប់​នេះ គឺ​អ្នក​មាន​មហិច្ឆតា​ចង់​ទន្ទ្រាន​កាន់​កាប់​ធ្វើ​កម្មសិទ្ធិ បាន​បន្ត​ធ្វើ​សកម្មភាព​ចាក់​ដី​ចូល​មាត់​បឹង ចាក់​សំរាម និង​បន្ត​សង់​វីឡា ព្រម​ទាំង​សំណង់​រឹងមាំ​ជាច្រើន​រូបភាព នៅ​ជាប់​មាត់​បឹង​ព្រែក​ទប់​សព្វថ្ងៃ​នេះ។ ដូច្នេះ បើ​អភិបាល​ខេត្ត​មាន​ឆន្ទៈ​ចង់​រក្សា​តំបន់​នេះ​ទុក​ជា​ប្រភព​ទឹក​ស្អាត​តាម​បទបញ្ជា​របស់​រាជ​រដ្ឋាភិបាល​ពិត​ប្រាកដ ហើយ​អំណាច​ថ្នាក់​ខេត្ត​មិន​អាច​ដោះស្រាយ​បាន គឺ​ត្រូវ​សុំ​គោលការណ៍​ពី​រាជ​រដ្ឋាភិបាល ដើម្បី​មោឃភាព​ប្លង់​សិទ្ធិ​ដី​នៅ​ជុំវិញ​បរិវេណ​មាត់​បឹង​ព្រែក​ទប់ មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ។ បើ​មិន​ដូច្នេះ​ទេ អាជ្ញាធរ​ខេត្ត​មិន​អាច​ទប់ស្កាត់​មហិច្ឆតា​រំលោភ​កាន់​កាប់​ពី​សំណាក់​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​ទាំង​នោះ​ដោយ​ខ្លួន​ឯង​បាន​ទេ ហើយ​បឹង​ព្រែក​ទប់ នឹង​ត្រូវ​បាត់បង់ ឬ​រលាយ​ហិនហោច»

ទាក់ទិន​បញ្ហា​នេះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា រាល់​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​បុគ្គល​របស់​​​មន្ទីរ​ជំនាញ​ខេត្ត​នេះ​ទៅ​លើ​ដី​ចំណី​មាត់​បឹង​ព្រែក​ទប់​កន្លង​មក គឺ​ទុក​មួយ​ឡែក​សិន ប៉ុន្តែ​បច្ចុប្បន្ន អាជ្ញាធរ​ខេត្ត​នេះ​អាច​ទប់ស្កាត់​ទាំង​ស្រុង​មិន​ឲ្យ​មាន​សកម្មភាព​ដឹក​ដី​ចាក់​ចូល​បឹង​ព្រែក​ទប់​ទៀត​ទេ។

យ៉ាង​នេះ​ក្តី មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា រាល់​ថ្ងៃ​នេះ សកម្មភាព​សាងសង់​វីឡា​ធំ​ស្កឹមស្កៃ​មាន​ទីតាំង​នៅ​ជាប់​មាត់​បឹង​ព្រែក​ទប់ ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ដែល​គេ​ស្គាល់​ថា ជា​កម្មសិទ្ធិ​របស់ លោក តាក់ វណ្ណថា អតីត​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ និង​បច្ចុប្បន្ន​ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​នេះ បាន​បន្ត​ដំណើរ​ការ​សាងសង់​ដោយ​គ្មាន​អាជ្ញាធរ​ហាម​ឃាត់​ទេ។

​ត្រង់​ចំណុច​នេះ ទាំង លោក ប៊ួន ណារិទ្ធិ ប្រធាន​អង្គការ​លីកាដូ និង​លោក សុខ សុខុម មន្ត្រី​អង្គការ​ស៊ីអ៊ិនរ៉ូ ប្រចាំ​ខេត្ត​ព្រះសីហនុ ចាត់​ទុក​សំណង់​វីឡា​ធំ​ស្កឹមស្កៃ​ជា​កម្មសិទ្ធិ​របស់ លោក តាក់ វណ្ណថា ដែល​កំពុង​បន្ត​សាងសង់ ថា​បាន​ផ្គើន​ទៅ​នឹង​បទបញ្ជា​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ឲ្យ​អាជ្ញាធរ​អភិរក្ស​​តំបន់​នេះ​សម្រាប់​​​ប្រភព​ទឹក​​ស្អាត។

​​វីឡា​ធំ​ស្កឹមស្កៃ​ជា​កម្មសិទ្ធិ​របស់ លោក តាក់ វណ្ណថា ត្រូវ លោក នួន ប៉ុក ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ ទើប​ឡើង​កាន់​តំណែង​​ថ្មី បញ្ជាក់​ថា លោក​បាន​សុំ​ចុះ​បញ្ជី​ស្នើ​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ​ពី​ស្ថាប័ន​ខ្លួន​នា​ពេល​កន្លង​មក។ លោក​ថា សំណង់​នេះ​សង់​មាន​ច្បាប់ ឬ​អត់​ច្បាប់​អនុញ្ញាត គឺ​មិន​បាន​ដឹង​ទេ ព្រោះ​មិន​ស្ថិត​ក្រោម​ជំនាញ​របស់​លោក​គ្រប់គ្រង​ទេ៖ «ច្បាប់​សំណង់ ឬ​ច្បាប់​សាងសង់​ស្ថាប័ន​ខ្ញុំ​មិន​បាន​ដឹង ឬ​មាន​សមត្ថកិច្ច​ក្នុង​ការ​គ្រប់គ្រង​ទេ ប៉ុន្តែ​ចំពោះ​ដី​វិញ គឺ​ឃើញ លោក តាក់ វណ្ណថា បាន​ដាក់​ពាក្យ​ស្នើសុំ​ប្លង់​កម្មសិទ្ធិ​មក​ស្ថាប័ន​ខ្លួន​នា​ពេល​កន្លង​មក»

​ទាក់ទិន​បញ្ហា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ធ្លាប់​ព្រមាន​ធ្ងន់ៗ​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​ទាំងឡាយ​ណា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​សកម្មភាព​រំលោភ​យក​ដី​បឹង​ព្រែក​ទប់ ត្រូវ​ដក​ខ្លួន​ជា​បន្ទាន់ ដើម្បី​ទុក​តំបន់​នេះ​សម្រាប់​អភិរក្ស​ប្រភព​ទឹក​សាប​ប្រើប្រាស់​នៅ​ទាំង​ខេត្ត​ព្រះសីហនុ។

​ទោះ​យ៉ាង​ណា បទបញ្ជា​នេះ ទាំង​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ថ្លែង​ថា មិន​ទាន់​ឃើញ​អាជ្ញាធរ​ខេត្ត​នេះ​មាន​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​​ជន​រំលោភ​ដី​ចំណី​មាត់​បឹង​ព្រែក​​ទប់ ដែល​បាន​ហ៊ុមព័ទ្ធ​របង​ថ្ម ឬ​ចាក់​ដី​លុប​មាត់​បឹង​ទុក​ចោល​នោះ​ទេ។ ជាង​នេះ ចំពោះ​វីឡា​ធំ​ស្កឹមស្កៃ​ដែល​កំពុង​​សាងសង់​នៅ​ខាង​លើ​ជាប់​មាត់​បឹង​ព្រែក​ទប់ ជា​កម្មសិទ្ធិ​របស់ លោក តាក់ វណ្ណថា សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ព្រះសីហនុ ក្នុង​តំណែង​​សព្វថ្ងៃ​នេះ បាន​បន្ត​សកម្មភាព​សាងសង់​ដោយ​គ្មាន​ការ​ហាម​ឃាត់​ពី​អាជ្ញាធរ​ខេត្ត​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles