ដោយ ហ៊ុំ ចំរើន
2015-11-02
RFA

ពលរដ្ឋមានជម្លោះដីធ្លីក្នុងខេត្តបន្ទាយមានជ័យ មកពី២ស្រុកផ្សេងគ្នា តវ៉ានៅបិទផ្លូវជាតិលេខ៥ មុខសាលាខេត្ត នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥។ Photo Provided
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីប្រមាណ ៣០០នាក់ មកពី ២ស្រុកផ្សេងគ្នា គឺស្រុកអូរជ្រៅ និងស្រុកថ្មពួក នៃខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា នាំគ្នាតវ៉ាបិទផ្លូវជាតិលេខ៥ នៅមុខសាលាខេត្ត ដើម្បីជំរុញឲ្យអាជ្ញាធរខែត្រជួយដោះស្រាយបញ្ហាជម្លោះដីធ្លីនេះជូនពួកគាត់ឲ្យបានឆាប់រហ័ស។
ប្រជាពលរដ្ឋដែលតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យ នោះ រៀបរាប់ឲ្យដឹងថា ការដោះស្រាយរឿងទំនាស់ដីធ្លីរបស់ពួកគាត់ពីសំណាក់អាជ្ញាធរខេត្តកន្លងមកបានត្រឹមតែសន្យាខ្យល់ ហើយពុំទទួលបានលទ្ធផលនោះទេ។
តំណាងប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អ្នកស្រី ឡុង សុគន្ធី ថ្លែងនៅថ្ងៃទី៣ ខែវិច្ឆិកា ថា ផ្ទៃដីដែលមានទំនាស់ ១.៤៣០ហិកតារ នៅចំណុចភូមិថ្នល់បត់ ឃុំអូរបីជាន់។
អ្នកស្រីបន្តថា ដីនេះដើមឡើយជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋចំនួន ២៤៦គ្រួសារ នៅឃុំអូរបីជាន់ នៃស្រុកអូរជ្រៅ មានទំនាស់ជាមួយក្រុមហ៊ុន សំផាន់ ណារិទ្ធ និងក្រុមហ៊ុន សេង ហុងហេង ដោយសារការកំណត់ព្រំប្រទល់មិនច្បាស់លាស់ ដោះស្រាយមិនចេញតាំងពីឆ្នាំ២០០៥ រហូតមក។
អ្នកភូមិអះអាងថា ប្រជាពលរដ្ឋបានប្ដឹងតវ៉ាឲ្យអាជ្ញាធរស្រុក និងខេត្តដោះស្រាយជាបន្តបន្ទាប់ ប៉ុន្តែពុំទទួលបានលទ្ធផលនោះទេ៖ «កាលថ្ងៃទី១៥ មុនភ្ជុំបិណ្ឌអាជ្ញាធរខេត្តថា ចុះដោះស្រាយឲ្យប្រជាពលរដ្ឋ តែអាជ្ញាធរបែរជាមិនបានដោះស្រាយតាមការសន្យាទៅវិញ ទើបធ្វើឲ្យពួកគាត់នាំគ្នាមកតវ៉ាសាជាថ្មី»។
រីឯតំណាងប្រជាពលរដ្ឋមកពីថ្មពួក វិញ គឺលោក សាម ម៉ាប់ រៀបរាប់ឲ្យដឹងថា ផ្ទៃដីដែលមានទំនាស់ប្រមាណ ២៩០ហិកតារនៅចំណុចឃុំថ្មពួក ស្រុកថ្មពួក។ ប្រជាពលរដ្ឋចំនួន ១៧០គ្រួសារមានទំនាស់ជាមួយក្រុមហ៊ុន លី សំអាន កើតឡើងដោយភាពមិនច្បាស់លាស់នៃប័ណ្ណកម្មសិទ្ធិដីធ្លីដោះស្រាយមិនចេញតាំងពីឆ្នាំ២០០៧ រហូតមក៖ «អាជ្ញាធរខេត្តគាត់មិនដោះស្រាយឲ្យប្រជាពលរដ្ឋទេ ដោយឲ្យពួកខ្ញុំទៅដោះស្រាយនៅតុលាការវិញ។ រឿងនេះខ្ញុំនឹងនាំគ្នាទៅតវ៉ាឲ្យតុលាការដោះស្រាយនៅម៉ោង ២រសៀលថ្ងៃដដែលបន្តទៀត»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលដោះស្រាយផ្នែកដីធ្លី លោក លី សារី មានប្រសាសន៍ថា បញ្ហាដីធ្លីដែលមានទំនាស់នោះ អាជ្ញាធរខេត្តកំពុងធ្វើការដោះស្រាយនៅឡើយ។ លោកអះអាងថា មូលហេតុដែលដោះស្រាយមិនទាន់ចប់ ដោយសារដីទំនាស់នោះមានភាពស្មុគស្មាញច្រើន ហើយត្រូវចំណាយពេលយូរក្នុងការដោះស្រាយ៖ «កន្លងមកយើងបានដោះស្រាយជាច្រើនលើកច្រើនសាមកហើយ គ្រាន់តែថា ប្រជាពលរដ្ឋមួយចំនួនគាត់មិនទាន់យល់ស្រប ដោយសារមានអ្នកនៅពីក្រោយខ្នងពួកគាត់»។
ទោះយ៉ាងនេះក្ដីមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សំគាល់ថា បញ្ហាទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋដែលដោះស្រាយពុំទទួលបានលទ្ធផលនេះ ដោយសារអាជ្ញាធរស្រុក និងអាជ្ញាធរខេត្តពុំមានចេតនាពិតប្រាកដក្នុងការជួយដោះស្រាយជូនប្រជាពលរដ្ឋ៖ «ពួកគាត់អត់ចង់ជួបលោកអភិបាលរងខេត្តចាស់ទទួលបន្ទុកដោះស្រាយដីធ្លី គឺលោក ចុង ផែត ទៀតទេ។ ប្រជាពលរដ្ឋចង់ជួបអភិបាលរងខេត្តបន្ទាយមានជ័យ ថ្មីទទួលផ្នែកដីធ្លីឲ្យដោះស្រាយវិញ អាចសង្ឃឹមមានប្រសិទ្ធភាពជាង»។
បន្ទាប់ពីការតវ៉ារបស់ប្រជាពលរដ្ឋប្រមាណកន្លះម៉ោង អាជ្ញាធរខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឲ្យតំណាងប្រជាពលរដ្ឋចំនួន ៥នាក់ ចូលជួបពិភាក្សានៅក្នុងសាលាខេត្ត ប៉ុន្តែពុំទទួលបានលទ្ធផលនៅឡើយ ដោយប្រជាពលរដ្ឋមកពីស្រុកអូរជ្រៅ អាជ្ញាធរខេត្ត នឹងចុះដោះស្រាយជូនពួកគាត់នៅ ២សប្ដាហ៍ខាងមុខ។ រីឯប្រជាពលរដ្ឋមកពីស្រុកថ្មពួក ត្រូវដោះស្រាយបន្តទៅតាមនីតិវិធីរបស់តុលាការ ដោយសារកន្លងមកតុលាការបានចេញដីការក្សាការពារដីបណ្ដោះអាសន្នតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន និងប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋបានរំសាយការតវ៉ាត្រឡប់ទៅផ្ទះវិញនៅរសៀលថ្ងៃដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ស្ថានភាពអ្នកភូមិបណ្ដែតទឹកជនជាតិចាមមួយចំនួនដែលផ្លាស់លំនៅរស់នៅលើគោក
- ពលរដ្ឋខេត្តកោះកុងចោទអាជ្ញាធរថាបិទច្រកនិងហ៊ុមព័ទ្ធមិនឲ្យធ្វើកូដកម្មប្រឆាំងក្រុមហ៊ុនចិន
- ពលរដ្ឋ៦គ្រួសារនៅខេត្តស្ទឹងត្រែងចោទមេបញ្ជាការវីរសេនាធំង៤២ថារំលោភយកដី
- ពលរដ្ឋចោទមេភូមិក្នុងស្រុកសំឡូតថាឃុបឃិតគ្នាឆ្វៀលដីសាលាបឋមសិក្សាលក់
- ពលរដ្ឋខេត្តកោះកុងបោះតង់ក្បែរក្រុមហ៊ុនយូញៀនទាមទារដំណោះស្រាយដីធ្លី
- ពលរដ្ឋរស់នៅជិតព្រំដែនកម្ពុជា-ឡាវបារម្ភខ្លាចអាជ្ញាធរបណ្ដេញចេញពីដីចំណីផ្លូវ
- សាក្សី៖ អង្គរក្សលោក ហ៊ុន សែន ជិត២០០នាក់ចូលរួមធ្វើបាតុកម្មទម្លាក់លោក កឹម សុខា
- អ្នកបុរីកីឡាតវ៉ាឲ្យក្រុមហ៊ុនផ្អាកការសាងសង់
- ពលរដ្ឋមួយគ្រួសារចោទមន្ត្រីតុលាការខេត្តរតនគិរីថាបង្ខំរុះរើផ្ទះចេញពីដីដោយអយុត្តិធម៌