ដោយ ជិន ជេដ្ឋា
2015-11-29
RFA
១៨-មីនា-២០១៤៖ កន្លែងបញ្ចូលអាគុយលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ RFA/Chin Chetha/Photo: RFA
អាជ្ញាធរ និងមន្ត្រីជំនាញខេត្តកំពង់ឆ្នាំង អះអាងថា ពួកគេបានបើកយុទ្ធនាការទប់ស្កាត់សកម្មភាពបញ្ចូលអាគុយ និងជួសជុលគ្រឿងម៉ាស៊ីនលើផ្ទៃបឹងទន្លេសាប បានទាំងស្រុងហើយ។ វិធានការនេះ ត្រូវបានមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការផ្ទាល់ជាមួយជនជាតិភាគតិច ជាពិសេសជនជាតិវៀតណាម ដែលរស់នៅលើផ្ទៃទឹកបឹងទន្លេសាប បានថ្លែងគាំទ្រសកម្មភាពនេះ ដោយគិតពីបញ្ហាបរិស្ថាន។
ក្រុមការងារចម្រុះដែលមានអាជ្ញាធរខេត្ត មន្ទីរឧស្សាហកម្ម និងសិប្បកម្ម និងតំណាងមន្ទីរបរិស្ថាន កំពុងមានវិធានការម៉ឺងម៉ាត់ចំពោះអាជីវកម្មទាំងឡាយដែលប៉ះពាល់ដល់ទឹក និងចលនាអ្នកភូមិរស់នៅផ្ទះបណ្ដែតទឹក ឲ្យរកទីតាំងរស់នៅលើគោកដោយខ្លួនឯង ដើម្បីបញ្ចៀសការបំពុលទឹក។ វិធានការនេះ គឺបន្ទាប់ពីអាជ្ញាធរបញ្ឈប់អាជីវកម្មជួសជុលម៉ាស៊ីន និងបញ្ចូលអាគុយលើទឹកចំនួន ៤កន្លែង។
ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង និងជាសមាជិកនៃគណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ផ្ទះបណ្ដែតទឹក និងសោភ័ណភាពក្រុង លោក ពៅ ប៊ុនថន ថ្លែងនៅថ្ងៃទី២៩ ខែវិច្ឆិកា ថា រោងអាជីវកម្មដែលអាចបង្កផលប៉ះពាល់ដល់ទឹកចំនួន ៤កន្លែងចុងក្រោយក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ក្នុងចំណោមរោងអាជីវកម្មជាង ១០កន្លែង បានបញ្ឈប់សកម្មភាពទាំងស្រុងកាលពីជិតកន្លះខែមុន។ លោកថា មន្ត្រីជំនាញនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ជាអ្នកទទួលបន្ទុកបន្តលើបញ្ហានេះ៖ «តាមការពិនិត្យជាក់ស្ដែង នៅសល់តែ ៤កន្លែងទៀតទេ។ ឥឡូវយើងបញ្ឈប់តែម្ដង។ រាល់ថ្ងៃកំពុងមមាញឹកគិតគូរអំពីការផ្លាស់ទីពីទឹកមកលើគោក គឺឲ្យមានទៀតទេ ឲ្យមានតែបែរត្រីទេ គឺដល់យុទ្ធនាការជំហានទី៣ ឬទី៤ ដែលត្រូវរៀប»។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយលម្អិតលើវិធានការគ្រប់គ្រងនេះបានទេពីប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពង់ឆ្នាំង លោក ទិត្យ ណាន នៅថ្ងៃទី២៩ ខែវិច្ឆិកា ដោយលោកប្រាប់ថា រវល់ជញ្ជូនអីវ៉ាន់ និងបើកឡាន។ ប៉ុន្តែកន្លងទៅ អភិបាលរងខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់ថា អាជ្ញាធរ ឬជំនាញ មិនដែលបានចេញច្បាប់អនុញ្ញាតឲ្យអាជីវករធ្វើអាជីវកម្មបញ្ចូលអាគុយ ឬធ្វើម៉ាស៊ីនលើទឹកនោះទេ។
ទាក់ទងបញ្ហានេះ មន្ត្រីសម្របសម្រួលនៃអង្គការការពារសិទ្ធិជនជាតិភាគតិចប្រចាំខេត្តកំពង់ឆ្នាំង លោក ទត គឹមស្រូយ គាំទ្រចំពោះវិធានការរបស់អាជ្ញាធរបញ្ឈប់អាជីវកម្មទាំងឡាយដែលប៉ះពាល់ដល់ទឹក ប៉ុន្តែលោកស្នើឲ្យពិចារណាដោះស្រាយជូនពលរដ្ឋបានបន្តមុខរបរនេះនៅលើគោក ឬលើទឹកដដែល ដោយមានការត្រួតពិនិត្យផ្នែកបច្ចេកទេស និងគ្រប់គ្រងសារធាតុគីមីកុំឲ្យធ្លាក់ចូលក្នុងទឹក។
លោកបន្តថា បើអាជ្ញាធរអនុវត្តបាន ដូច្នេះអាចសម្រួលដល់ជីវភាពជាងជួសជុលផង និងកាត់បន្ថយការចំណាយរបស់ម្ចាស់ទូកម៉ាស៊ីនខូចផង ព្រោះគ្រឿងម៉ាស៊ីនធុនធំលំបាកយកឡើងគោក ដើម្បីជួសជុល៖ «អ៊ីចឹងទេ បើការចាត់ចែងនេះជៀសវាងប៉ះពាល់ដល់ជីវភាព ឬការរស់នៅរបស់ពួកគាត់ គួរតែមានវិធានការណាមួយ ដើម្បីឲ្យគាត់បានធ្វើនៅលើទឹក ប៉ុន្តែយើងចង់ថា ឲ្យគាត់ធ្វើបែបណាដើម្បីបញ្ចៀស និងការពារកាកសំណល់ដែលធ្លាក់ទៅលើទឹក»។
កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ មានរោងជួសជុលម៉ាស៊ីនចំនួន៨ រោងបញ្ចូលអាគុយ៤ និងរោងជួសជុលទូកស្មាច់ ១កន្លែង ធ្វើអាជីវកម្មយ៉ាងប្រញឹកនៅលើផ្ទៃទឹក ឋិតនៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ រោងអាជីវកម្មទាំងនោះ ទើបផ្លាស់ពីភូមិកណ្ដាល និងភូមិចុងកោះ នៃសង្កាត់ផ្សារឆ្នាំង ដែលអាជ្ញាធរផ្លាស់ទីផ្ទះបណ្ដែតទឹកជនជាតិវៀតណាម ចាម និងខ្មែរជិត ១.៥០០ខ្នង ទៅស្នាក់នៅទីនោះ។
ស្របពេលគ្នានេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង គ្រោងសង់ផ្សារ និងហេដ្ឋារចនាសម្ពន្ធមួយចំនួនទៀត ឋិតនៅមិនឆ្ងាយប៉ុន្មានពីមាត់ទន្លេ ហើយចលនាឲ្យអ្នកភូមិរស់នៅផ្ទះបណ្ដែតទឹកចំនួន ៩៩៦គ្រួសារ រកទិញដីរស់នៅលើគោកដោយខ្លួនឯងតាមលទ្ធភាព ក្នុងទិសដៅរៀបចំសណ្ដាប់ធ្នាប់ និងបញ្ចៀសការបំពុលទឹកបឹងទន្លេសាបផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- យុវជនខេត្តបាត់ដំបងជិះកង់ផ្សព្វផ្សាយពីតម្លាភាពព័ត៌មានពីការគ្រប់គ្រងរ៉ែនិងថាមពល
- អ្នកជំនាញរិះគន់គណៈកម្មការទន្លេមេគង្គថាមិនទប់ស្កាត់ការសង់ទំនប់វារីអគ្គិសនីដនសាហុង
- បណ្ដាញសហគមន៍ព្រៃឡង់ទទួលបានរង្វាន់អន្តរជាតិពីការអភិរក្សព្រៃ
- ពលរដ្ឋស្រុករុក្ខគិរីជាង១០០នាក់តវ៉ាសុំដកតំណែងនាយសង្កាត់រដ្ឋបាលព្រៃឈើ
- ផលប៉ះពាល់បរិស្ថានបណ្ដាលមកពីអាជីវកម្មជួសជុលគ្រឿងម៉ាស៊ីននិងបញ្ចូលអាគុយលើទឹក
- បទសម្ភាសន៍ស្ដីពីការគ្រប់គ្រងធនធានរ៉ែថ្មកែវនិងចម្លាក់ថ្មកែវនៅខេត្តពោធិ៍សាត់
- WWF៖ អត្រាស្លាប់ត្រីផ្សោតទន្លេមេគង្គធ្លាក់ចុះ
- ភាគីពាក់ព័ន្ធឯកភាពលើលទ្ធផលវាយតម្លៃផលប៉ះពាល់ពីគម្រោងអាជីវកម្មរ៉ែមាសនៅរតនគិរី
- ពលរដ្ឋខេត្តព្រះសីហនុជំទាស់នឹងការអនុញ្ញាតឲ្យសាងសង់ផែថ្មចំកណ្ដាលឆ្នេរអូរត្រេះ