គណបក្ស​ទាំង​២​នឹង​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​សហជីព​នៅ​ដើម​សប្ដាហ៍​ក្រោយ

ដោយ យាង សុជាមេត្តា
2015-12-25
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ច្បាប់ ​សហជីព ៦២០
តំណាង​សហជីព​កម្មករ និង​សមាគម​អ្នក​ធ្វើ​ការងារ​ក្រៅ​ប្រព័ន្ធ ដាក់​ញត្តិ​បដិសេធ​ការ​បង្កើត​ច្បាប់​សហជីព​ជូន​មន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ មិថុនា ឆ្នាំ​២០១៥។ RFA/Rann Samnang


ក្រុមការងារ​ចំពោះ​កិច្ច​ពិនិត្យ និង​ផ្ដល់​យោបល់​លើ​សេចក្ដី​ព្រាងច្បាប់​សហជីព មាន​សមាជិក ទាំងអស់​១០​រូប គឺ​៥​រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​៥រូប​មកពី​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ធ្នូ ថា ក្រុម​ការងារ​ចំពោះ​កិច្ច ដែល​មាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៉ែន បញ្ញា ជា​ប្រធាន និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ជា​អនុប្រធាន នឹង​ជួប​ពិនិត្យ​លើ សេចក្តី​ព្រាង​ច្បាប់​សហជីព​នៅ​ថ្ងៃ​អង្គារ ទី​២៩ ធ្នូ សប្ដាហ៍​ក្រោយ។

យ៉ាងណា លោក សុខ ឥសាន បញ្ជាក់​ថា ការ​ជួប​គ្នា​ជា​លើកដំបូង​របស់​ក្រុមការងារ​ទាំងពីរ នឹង​ពុំ មាន​វត្តមាន​របស់​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ចូលរួម​ឡើយ ព្រោះ​លោក​ថា ក្រុម​ការងារ​ត្រូវការ ពេលវេលា​ជជែក​ជាមួយគ្នា​ជា​មុន​សិន ហើយ​បើ​ពិនិត្យ​ទៅ​ឃើញ​ថា មាន​ចំណុច​មិនទាន់​ច្បាស់លាស់ ទើប​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ផ្ដល់​យោបល់​បន្ថែម៖ «ចាំ​ពិភាក្សា​នៅ​ថ្ងៃ​អង្គារ​សិន បាន​យើង​ដឹង​ថា​នៅ​មាន​ចំណុច​អ្វីខ្លះ​ដែល​លេចធ្លោ ពីព្រោះ​យើង​ធ្វើ​នេះ វា​ផ្អែក​ទៅ​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ ផ្អែក​លើ​ច្បាប់​ស្ដីពី​ការងារ យើង​ត្រូវតែ​ផ្សា​ភ្ជាប់ ហើយ​កតិកាសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ​ផ្សេងៗ ដូចជា​អង្គការ ILO ដែល​យើង​ត្រូវ​ប្រមូល​ផ្ដុំ យក​មក​ទាំងអស់ យក​មក​ពិនិត្យ យើង​មិន​អាច​ធ្វើ​ដោយ​មិន​មាន​បង្អែក​ជា​មូលដ្ឋាន​នោះ​ទេ»

សេចក្ដី​សម្រេច​រវាង​គ​ណ​បក្ស​ទាំង​២​ចុះ​ថ្ងៃ​ទី​២៣ ធ្នូ បញ្ជាក់​ថា ក្រុម​ការងារ​នេះ មាន​ភារកិច្ច ពិនិត្យ និង​ផ្ដល់​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​សហជីព ដើម្បី​ដាក់​ជូន​គណៈកម្មការ​ជំនាញ​រដ្ឋសភា ពិនិត្យ និង​សម្រេច។ សេចក្ដី​សម្រេច​បញ្ជាក់​ដែរ​ថា ក្នុង​ការ​ពិនិត្យ និង​ផ្ដល់​យោបល់​លើ សេចក្ដី​ព្រាងច្បាប់​នេះ ក្រុម​ការងារ​អាច​ពិគ្រោះ​យោបល់ ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា​តាម​ការចាំបាច់។

លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ក្រុម​ការងារ​នេះ នឹង​ពិភាក្សា​គ្នា​រក​ច្រកចេញ​រួម​មួយ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​សេចក្ដី​ព្រាង​ច្បាប់​នេះ ការពារ​ផលប្រយោជន៍​របស់​ភាគី​ពាក់ព័ន្ធ​ទាំង ភាគី​កម្មករ​និយោជិក និង​ភាគី​និយោជក។

ចំណែក​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ វិញ យល់​ឃើញ​ថា ភាគី​ពាក់ ព័ន្ធ​ទាំងអស់ ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា​នានា ដែល​មាន​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ។ លោក​ថា កន្លែង​ណា​ដែល​ឆ្លុះបញ្ចាំង​ឆន្ទៈ​របស់​ពលរដ្ឋ និង​ឆ្លើយតប​សេចក្ដី​ត្រូវ​ការ​ពិតប្រាកដ របស់​ពលរដ្ឋ នោះ​បក្ស​ប្រឆាំង​នឹង​ប្រឹងប្រែង​ចូលរួម​ដោះស្រាយ៖ «បើសិនជា​លទ្ធផល​ធ្វើ​ថ្ងៃនេះ​មិនបាន ថ្ងៃស្អែក​វា​កើត ហើយ​បើ​ថ្ងៃស្អែក​មិនបាន មាន​អំណាច​គ្រប់គ្រាន់​ធ្វើ​វិសោធនកម្ម​តែមួយ​ថ្ងៃ​ទេ ដូច្នេះ​យើង​បាន​បង្ហាញ​ទៅ​មតិ​សាធារណៈ​ថា យើង​មិន​ឈរ​អោបដៃ​មើល​ទេ»

បច្ចុប្បន្ន​កម្ពុជា​មាន​កម្មករ​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​សំលៀកបំពាក់ និង​ស្បែកជើង​ប្រមាណ​៧​សែន​នាក់ មាន​សហជីព​មូលដ្ឋាន​ចំនួន​ជាង​៣ពាន់ ២​រយ (,២១៤) សហព័ន្ធ​សហជីព ចំនួន​៨៤ សហភាព​សហព័ន្ធ​សហជីព​ចំនួន​១៣ និង​សមាគម​និយោជក​ចំនួន​៥។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា និង​ជា​ប្រធាន​សហភាព​ការងារ កម្ពុជា លោក អាត់ ធន់ សម្ដែង​ការ​រីករាយ​ចំពោះ​ជំនួប​ពិភាក្សា​រវាង​ក្រុមការងារ​គណបក្ស នយោបាយ​ទាំង​២ ព្រោះ​លោក​ថា វា​គឺជា​អ្វី​ដែល​សហជីព​ចង់​ឃើញ​ជា​យូរ​មក​ហើយ។ លោក​ទទូច​ឲ្យ​បក្ស​ទាំង​២ រួមគ្នា​ដោះស្រាយ​កង្វល់ របស់​សហ​ជីព​ដែល​មាន​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នោះ៖ «យើង​ចង់​ឲ្យ​គណបក្ស​ទាំង​២​ពិនិត្យមើល ដូចជា​មាត្រា​១០ ១២ ១៣ ១៤ ១៧ មាត្រា ២៩ ឬ​មាត្រា​៦៥ ជាដើម កុំ​ឲ្យ​ការ​តាក់តែង​លក្ខន្តិកៈ​ផ្ទុយ​ពី​ច្បាប់​រដ្ឋ ច្បាប់​ការងារ ហើយ​ច្បាប់ អន្តរជាតិ​គឺ​ល្អ​មែនទែន ប៉ុន្តែ​យើង​មើល​ច្បាប់​នេះ មាន​លក្ខខណ្ឌ​ជាច្រើន សូម្បី​លក្ខន្តិកៈ​ក៏​គេ តម្រូវ​ឲ្យ​យើង​ធ្វើ​ផង​ដែរ»

ក្រៅពី​ចាត់តាំង​សមាសភាព​ក្រុមការងារ​ពិនិត្យ និង​ផ្ដល់​យោបល់​លើ​សេចក្ដី​ព្រាងច្បាប់ សហជីព​ជាមួយ​គណបក្ស​កាន់​អំណាច គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ចាត់តាំង​សមាសភាព ក្រុម​ការងារ​ចំនួន​៦​រូប​ដើម្បី​សិក្សា​ស្រាវជ្រាវ ពិនិត្យ​លទ្ធភាព​ដំឡើង​កម្រិត​នៃ​វប្បធម៌​សន្ទនា បញ្ជូន​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួចហើយ ស្រប​តាម សេចក្ដី​ថ្លែងការណ៍​រួម ដែល​បក្ស​ទាំង​២​បាន​ព្រមព្រៀង​គ្នា ក្រោយ​ជំនួប​រវាង​លោក ស ខេង និង​លោក កឹម សុខា កាលពី​ថ្ងៃ​ទី​១០ ធ្នូ។

យ៉ាងណា លោក សុខ ឥសាន នៅ​មិនទាន់​ដឹង​ថា តើ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​តាំង​សមាសភាព​ក្រុមការងារ​នេះ​ពី​ខាង​ភាគី​ខ្លួន ឬ​យ៉ាងណា​នៅឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles