តុលាការកោះហៅ​តំណាងរាស្រ្ត​ដែលរងការវាយដំ​មកសាកសួរ​​នៅសប្តាហ៍ក្រោយ

ដោយ៖​ ទូច សុខា​​ | ថ្ងៃសុក្រ ទី25 ធ្នូ 2015, 03:22 PM​
http://vodhotnews.com

តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ​​ដែលរងការវាយដំ គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ពេលវិលត្រឡប់ពីការព្យាបាលនៅក្រៅប្រទេស (រូបថតដោយ ទេព សូនី​)​

តុលាការ​កោះហៅ​តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ​​ដែលរងការវាយដំ គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា មកសាកសួរ​បន្ថែម​ នៅថ្ងៃចន្ទ​សប្តាហ៍​ក្រោយ ករណី​ពួកគេ​ដាក់ពាក្យ​បណ្តឹង​ទៅតុលាការ​។​

 

កាលពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិបាន​រង​របួស​ធ្ងន់​ធ្ងរ​ដោយ​ការ​ព្រួតវាយ​ក្បែរ​របង​រដ្ឋសភា ដោយ​​គណបក្សប្រឆាំង​បាន​​ចោទប្រ​កាន់​ថា​​អ្នក​បង្កហិង្សា​នេះគឺ​ជា​បាតុករ​មួយ​ក្រុម​តូច​ដែល​បាន​ចូល​រួម​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋសភាដក​តំណែង​​របស់​​លោក​ កឹម សុខា។​

មេធាវីការពារក្តីឲ្យតំណាងរាស្ត្រ លោក ជួង ជូងី ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះ​ថា​ចៅក្រមស៊ើបសួរ​បាន​កោះហៅ​​លោក គង់​ សភា ឲ្យ​ចូលខ្លួន​នៅពេលព្រឹកនិង​លោក ញ៉យ ចំរើន នៅ​ពេលរសៀលថ្ងៃទី ២៨ខែ​ធ្នូ​ ដើម្បី​សាក​សួរ​អំពី​ហេតុការណ៍ដែលបានកើតឡើង​និង​ការ​ទាម​ទារ​របស់​ជន​រងគ្រោះ។​ លោក​មិនទាន់អាចបញ្ជាក់ថាតើ​​តំណាងរាស្រ្ត​ទាំងពីរ​នឹង​មានវត្តមាននៅតុលាការ​​យ៉ាងណានោះទេ ដោយ​ថាពួកគេ​​កំពុង​ស្នាក់នៅ​សហអាមេរិកដើម្បីព្យាបាលជំងឺ​។ ទោះ​ជាយ៉ាងណា​លោក​ថា​លោក​បានត្រៀម​ខ្លួន​ការ​ពារកូនក្តីរបស់លោករួចហើយ​។​

កន្លងទៅ តំណាង​រាស្រ្ត​ទាំង​ពីរ​រូបបាន​​ដាក់ពាក្យ​បណ្តឹង​ទៅ​សាលាដំបូងរាជធានីភ្នំពេញ ដោយ​ប្តឹង​ពី​បទ​ប៉ុន​​ប៉ង​មនុស្ស​ឃាតដោយ​ចេតនា​និង​ទាម​ទារ​ប្រាក់សំណង ក្នុងម្នាក់ៗចំនួន​​១០០លានរៀល(ស្មើប្រមាណ​​២៥០០០ដុល្លារ)។​ តំណាងរាស្រ្ត​ក៏​បាន​ស្នើ​ឲ្យ​រក​ជនដៃដល់បន្ថែម​ទៀតទៀតនិង​អ្នក​នៅពីក្រោយ​ការ​វាយ​ពួកគេ។​

 

ក្រោយ​ពីមានការថ្កោលទោសទាំងស្ថាប័នជាតិនិងអន្តរជាតិព្រមទាំងការបញ្ជាផ្ទាល់ពី​​នាយករដ្ឋ​មន្ត្រី​ផងនោះ ជនសង្ស័យ​៣​នាក់​ដែលគេស្គាល់ថាអ្នកខ្លះជាទា​ហានផងនោះ​បានចេញ​​សារភា​​ពថា​ពួក​គេ​ជា​អ្នកវាយតំណាងរាស្ត្រ។ បុរស៣នាក់នោះមានឈ្មោះ ចាយ សារិទ្ធ អាយុ​៣៣ឆ្នាំរស់នៅ​សង្កា​​​ត់​​​តា​ខ្មៅ ខេត្តកណ្តាល ម្នាក់ទៀតឈ្មោះ ម៉ៅ ហឿន អាយុ​៣៤ឆ្នាំ ស្រុកពាម​​រក៍ ខេត្តព្រៃវែង ​និងឈ្មោះ សុត វណ្ណ​​នី អាយុ​៤៥ឆ្នាំ រស់នៅ​ភូមិ​ព្រែក​រាំង​ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕

សរសេរមកកាន់លោក ទូច សុខា តាមរយៈsokha@vodhotnews.com 

What Next?

Recent Articles