Fri, 25 December 2015
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
ឧត្ដរមានជ័យ: សឹងតែមិនមានភ្ញៀវទេសចរក្នុងស្រុកខ្មែរមានឱកាសបានឃើញ ឬស្គាល់នូវទេសភាពដ៏អស្ចារ្យ នឹកស្មានមិនដល់ថាគឺមានពិតនៅប្រទេសខ្មែរនោះឡើយជាមួយនឹងបណ្តុំថ្ម ដីដុះច្រូងច្រាងពណ៌មាស ដែលហ៊ុមព័ទ្ធដោយព្រៃរបោះតូចធំ និងស្មៅកម្រម្យ៉ាងដុះនៅជាប់ផ្ទាំងថ្មនោះគឺជាតំបន់រមណីយដ្ឋានទេសចរណ៍សហគមន៍រលួសធំ។
រមណីយដ្ឋាននេះស្ថិតនៅក្នុងភូមិខ្នាចឫស្សី សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅភាគខាងជើងឆៀងខាងលិចនៃប្រទេសកម្ពុជា មានទំហំដីទទឹងប្រហែលជា ៨ គីឡូម៉ែត្រ និងបណ្តោយប្រហែល ១០ គីឡូម៉ែត្រ មានចម្ងាយ ៤៣៩ គីឡូម៉ែត្រពីភ្នំពេញ នៅជាប់ព្រំប្រទល់ប្រទេសថៃខណ្ឌដោយជួរភ្នំដងរែក។

ផ្ទាំងដីដុះ លាយរុក្ខជាតិតូចៗនៅក្នុងតំបន់ទេសចរណ៍សហគមន៍រលួសធំ ខេត្តឧតរមានជ័យ។ ហ្វេសប៊ុក
លោក ហុក សំវិជ្ជា ដែលអតីតជាអនុប្រធានមន្ទីរទេសចរណ៍នៅខេត្តឧត្តរមានជ័យ និងបច្ចុប្បន្នជាប្រធានការិយាល័យអប់រំ និងបណ្តុះបណ្តាលនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា៖ «សហគមន៍រលួសធំនេះនៅមិនឆ្ងាយពីទីប្រជុំជនឡើយ គឺចម្ងាយប្រមាណជា ១៨ គីឡូម៉ែត្រពីក្រុងសំរោង។ នេះគឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិពិត មានទេសភាពដ៏ស្រស់ស្អាតកម្រមានណាស់។ ហើយទេសភាពបែបនេះ ពេញនិយមនៃក្រុមទេសចរបែបផ្សងព្រេង មិនចាញ់តំបន់នៅអឺរ៉ុប ឬអាមេរិកប៉ុន្មានទេ»។
លោកបន្ដថា៖ «បណ្តុំផ្ទាំងដីដុះច្រូងច្រាងទាំងនោះគឺជាសំណល់ដីឥដ្ឋ សល់ពីការហូរច្រោះរបស់ទឹកដែលមានប្រភពចេញពីជួរភ្នំដងរែកដោយវាជាប្រភេទដីល្បាយដីឥដ្ឋ និងដីខ្សាច់ ហើយពេលទឹកហូរច្រោះវាក៏របេះនាំដីខ្សាច់នៅសល់តែដីឥដ្ឋ។ ចំណែកផ្ទាំងថ្មជាប្រភេទថ្មមានអាយុកាលចាស់ជាងគេនៅជួរភ្នំដងរែក ខណៈព្រៃរបោះក្រាស់ៗច្រើនសម្រាប់ជាជម្រកសត្វទាំងឡាយ។ ឯបឹងមានច្រើននៅព័ទ្ធជុំវិញសហគមន៍នេះ»។
ទោះជាសហគមន៍រលួសធំនេះមានទេសភាពល្អយ៉ាងណាក្តី ភាពមិនសូវមានគេស្គាល់ ឬភ្ញៀវទៅកម្សាន្ដដល់នោះទំនងជាមានមូលហេតុរាំងស្ទះខ្លះៗហើយ ជាពិសេសលើផ្នែកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងធនធានគំនិតដើម្បីកែច្នៃអភិវឌ្ឍសហគមន៍នេះឲ្យបានរីកចម្រើនតែម្ដង។
បើតាមលោកគ្រូបង្រៀននៅវិទ្យាល័យមួយនៅក្នុងក្រុងសំរោងម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានលើកឡើថា៖ «ទីនេះល្អមែន! តែមិនសូវសម្បូរទេសចរមកកម្សាន្ដប៉ុន្មានឡើយ ដោយសារផ្លូវចូលទៅទីនោះមិនទាន់ល្អប្រសើរ ហើយតាមផ្លូវចូលនៅខ្វះការលើកដាក់ស្លាកសញ្ញា ឬដាក់អក្សរសញ្ញាបង្ហាញតាមផ្លូវចូល ដែលជាហេតុអាចឲ្យទេសចរងាយវង្វេងផ្លូវ សូម្បីតែទេសចរក្នុងស្រុកទៅលេងតិចតួចណាស់ មានតែក្នុងរដូវកាលបុណ្យទានប៉ុណ្ណោះ»។
ចំណែកលោក ហុក សំវិជ្ជា ក៏មានប្រសាសន៍ដែរថា៖ «ពិតជាមិនទាន់មានស្លាកសញ្ញា ឬអក្សរសញ្ញាបង្ហាញផ្លូវទៅទីនោះមែន! អាជ្ញាធរដែនដី ពិសេសមន្ទីរទេសចរណ៍ខេត្ត គួរតែគិតគូររឿងនេះឲ្យបានល្អ ព្រោះថាវាជាប្រភពស្រូបមួយយកភ្ញៀវទេសចរក្រៅតំបន់ និងក្នុងតំបន់បានច្រើនឲ្យមកទស្សនា។ ឆ្លៀតឱកាសនេះ ខ្ញុំក៏សំណូមពរទៅដល់ខាងបណ្តាញផ្សព្វផ្សាយ នានា មេត្តាជួយចុះផ្សាយតំបន់នេះឲ្យប្រជាជនខ្មែរបានស្គាល់ និងទៅកម្សាន្ដច្រើនផងដែរ»។
អ្នកស្រី ធិន្នី មុនីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ មិនបានផ្ដល់ការបរិយាយយ៉ាងណាពីតំបន់សហគមន៍រលួសធំនេះឡើយ ដោយបានលើកទូរស័ព្ទហើយក៏មានប្រសាសន៍ថា ជាប់រវល់ប្រជុំ៕

