ដោយ៖ ស៊ុន ណារិន | ថ្ងៃសុក្រ ទី25 ធ្នូ 2015
http://vodhotnews.com
រដ្ឋាភិបាលប្រកាសបង្កើតសមាគមមិត្តភាពកម្ពុជា-ថៃ ដែលមានរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី លោក សុខ អាន ជាប្រធាន ឧកញ៉ា លី យ៉ុងផាត់ ជាអនុប្រធាន និងឧកញ៉ាចំនួន៣៥រូបទៀតជាសមាជិក ដើម្បីពង្រឹងនិងពង្រីកចំណងទាក់ទងរវាងប្រទេសទាំងពីរ។
អនុក្រឹត្យចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យដឹងថាសមាគមនេះជាគណៈកម្មាធិការអន្តរក្រសួងសម្រាប់ទំនាក់ទំនងកម្ពុជា-ថៃ ដែលមានសមាជិកជាង៧០រូប រាប់បញ្ចូលទាំងទីប្រឹក្សាផងដែរដែលជារដ្ឋមន្រ្តីមកពីក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងកសិកម្ម រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងរដ្ឋលេខាធិការក្រសួងការបរទេស។ ទីប្រឹក្សាផ្សេងទៀតមានអភិបាលខេត្តបាត់ដំបង កោះកុង បន្ទាយមានជ័យ ឧត្តរមានជ័យនិងព្រះវិហារ។
បើតាមអនុក្រឹត្យនោះ ឧកញ៉ាចំនួន៣៥នាក់ជាសមាជិក ក្នុងនោះរួមមាន លោក គិត ម៉េង លោក កុក អាន លោក ពុង ខៀវសែ លោក ឡាវ ម៉េងឃីន និងលោក អាន ម៉ាឌី ជាដើម។ សមាគមមិត្តភាពកម្ពុជា-ថៃ មានតួនាទីនិងភារកិច្ច ដូចជារឹតចំណងមិត្តភាព សាមគ្គីភាពនិងសហប្រតិបត្តិការរវាងប្រទេសទាំង ការពង្រឹងនិងពង្រីកទំនាក់ទំនងលើគ្រប់ផ្នែកនិងវិស័យដូចជាពាណិជ្ជកម្ម វិនិយោគ កសិកម្មវប្បធម៌ ទែសចរណ៍កីឡា អប់រំ សុខាភិបាល បណ្តុះបណ្តាលវិជ្ជាជីវៈនិងសង្គមកិច្ច។ តួនាទីនិងភារកិច្ចផ្សេងទៀត មានដូចជារៀបចំគម្រោងនិងកម្មវិធីសហប្រតិបត្តិការ ផ្លាស់ប្តូរយោបល់ ទស្សនកិច្ចសិក្សា ស្រាវជ្រាវ ចែករំលែកបទពិសោធន៍ ពង្រឹងប្រព័ន្ធទំនាក់ទំនងនិងធ្វើរបាយការណ៍ពីសកម្មភាពដាក់ជូនរដ្ឋាភិបាលជាដើម។
សមាគមនេះមានអគ្គលេខាធិការដ្ឋានមួយជាសេនាធិការដែលមានសមាជិកចំនួន៦នាក់។ សមាគមមិត្តភាពកម្ពុជាថៃ មានទីស្នាក់ការបណ្តោះអាសន្ននៅទីស្តីការគណៈរដ្ឋមន្រ្តី។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអូចា បានព្រមព្រៀងជំរុញពាណិជ្ជកម្មទ្វេភាគី ឲ្យបានបីដងនៃទំហំពាណិជ្ជកម្មបច្ចុប្បន្ន សម្រាប់ឆ្នាំ២០២០ ដែលមានទឹកប្រាក់រហូតដល់១៥ពាន់លានដុល្លារអាមេរិក។ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកច្រកព្រំដែនអន្តរជាតិថ្មី ពីរទៀតនិងស្ថាបនាផ្លូវដែកដែលតភ្ជាប់ក្រុងភ្នំពេញនិងក្រុងបាំងកកផងដែរ។
យោងតាមសេចក្ដីថ្លែងការណ៍រួមរបស់ប្រទេសទាំងពីរ អំឡុងកិច្ចប្រជុំនៅទីក្រុងបាំងកក ស្របពេលខួបលើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូត សមភាគីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនសំដៅបង្កើនពាណិជ្ជកម្ម សន្តិសុខនិងទេសចរណ៍ វិស័យកសិកម្មនិងការងារផងដែរ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
