ដោយ៖ ស៊ុន ណារិន | ថ្ងៃសុក្រ ទី25 ធ្នូ 2015
http://vodhotnews.com
រដ្ឋាភិបាលប្រកាសបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាស្រាវជ្រាវរៀបចំសំណើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលមានលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាប្រធាន។
សេចក្តីសម្រេចមួយចុះថ្ងៃទី ឲ្យដឹងថារដ្ឋមន្រ្តីក្រសួងយុត្តិធម៌និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចជាអនុប្រធាន។ សមាជិក១០នាក់ទៀតមានមកពីក្រសួងការបរទេស ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាអ្នកច្បាប់ជាដើម រួមមានលោក ព្រុំ សុខា លោក សក់ សេដ្ឋា លោក កើត រិទ្ធ លោក អ៊ុច បូររិទ្ធនិងលោក ឆេង សារឿន ជាដើម។
បើតាមសេចក្តីសម្រេចនោះ គណៈកម្មការមានភារកិច្ចស្រាវជ្រាវរៀបចំលើកសំណើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីរាយការណ៍ជូនរដ្ឋាភិបាលពិនិត្យនិងសម្រេច។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាបើតាមកិច្ចព្រមព្រៀងធ្វើឡើងកាលពីពេលថ្មីៗនេះ គណបក្សទាំងពីរនឹងបង្កើតក្រុមការងារចំនួន៣ គឺក្រុមការងារដំឡើងកម្រិតវប្បធម៌សន្ទនា ក្រុមការងារពិនិត្យមើលសេចក្តីព្រាងច្បាប់សហជីព និងក្រុមការងារពិនិត្យមើលច្បាប់ស្តីពីគណបក្សនយោបាយ។ លោកបន្តថាការពិនិត្យលើច្បាប់នេះ ស្ថិតក្នុងក្របខណ្ឌនៃកំណែទម្រង់ការបោះឆ្នោត ដែលមានការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្រ្ត ច្បាប់បោះឆ្នោតឃុំសង្កាត់និងច្បាប់គណបក្សនយោបាយនេះ។ លោកបន្តថាការពិភាក្សានេះជាក្របខណ្ឌនៃកិច្ចព្រមព្រៀង ដែលគណបក្សសង្រ្គោះជាតិនឹងចូលរួមផងដែរ។ លោកបញ្ជាក់ថាក្រុមការងារនឹងពិនិត្យមើលថាតើចំណុចណាជាចំណុចខ្លាំងហើយចំណុចណាដែលត្រូវកែលម្អ។
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនឹងចូលរួមពិភាក្សាលើវិសោធនកម្មច្បាប់នេះ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់លម្អិតនៅឡើយទេ ដោយលោកគ្រាន់តែថានឹងពិនិត្យមើលច្បាប់នេះថាតើចំណុចណាខ្វះខាតសម្រាប់ការកែលម្អ។
ច្បាប់គណបក្សនយោបាយនេះត្រូវបានប្រកាសឲ្យប្រើប្រាស់កាលពីឆ្នាំ១៩៩៧ ដែលមាន១១ជំពូកនិង៤៥មាត្រា។
នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថាច្បាប់បោះឆ្នោតបច្ចុប្បន្ននៅមានភាពមិនច្បាស់លាស់នៅឡើយ ហើយអាចនំាឲ្យគណបក្សដែលដឹកនាំរដ្ឋាភិបាលយកទៅបកស្រាយសម្រាប់ប្រយោជន៍របស់គណបក្ស។ លោកលើកយកចំណុចមួយចំនួនដូចជាការបែងចែកថវិកាសម្រាប់គណបក្សនយោបាយពេលឃោសនា ដោយលោកស្នើថាត្រូវមានចែងឲ្យច្បាស់ថាតើថវិកាប៉ុន្មានភាគរយសម្រាប់គណបក្សពេលឃោសនា របាយការណ៍ថវិការបស់គណបក្សនយោបាយមិនត្រូវបានបង្ហាញជាសាធារណៈ ការមិនអនុញ្ញាតឲ្យគណបក្សតាមមូលដា្ឋនអាចបង្កើតគណបក្សបានសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ដោយមិនបាច់ចូលរួមការប្រកួតប្រជែងថ្នាក់ជាតិ។
លោកមានប្រសាសន៍ថា៖ “គណបក្សកាន់អំណាចយើងអត់ដឹងថាគាត់មានទ្រព្យសម្បត្តិប៉ុន្មាន ឃើញមានទ្រព្យសម្បត្តិច្រើន ចាយលុយប៉ុន្មានពេលឃោសនា។ យើងអត់ដឹង ដោយសារព័ត៌មានហ្នឹងអត់បញ្ចេញសម្រាប់សាធារណជន។ បើគាត់បញ្ចេញវាល្អ មានតម្លាភាព អាចឲ្យគាត់កើនប្រជាប្រិយភាពទៅវិញទេ”។
លោក គល់ បញ្ញា បន្ថែមថាចំណុចមួយចំនួនទៀត គឺត្រូវចែងឲ្យច្បាស់ថាអ្នកមានតួនាទីក្នុងជួរកងទ័ព កងកម្លាំងប្រដាប់អាវុធ នគរបាលនិងតុលាការមិនអាចមានតួនាទីជាសមាជិកឬគណៈកម្មការនាយកឬអចិន្រ្តៃយ៍របស់គណបក្សនយោបាយជាដាច់ខាត។
លោក គល់ បញ្ញា លើកឡើងថាក្រុមការងារបស់លោកនឹងពិភាក្សាបញ្ហានេះ ហើយអាចនឹងដាក់សំណើទៅគណបក្សធំៗទាំងពីរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ខែកុម្ភៈ ឆ្នាំ២០១៥ មហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាបានសម្រេច មេដឹកនាំកងកម្លាំងជិត៨០នាក់ជាសមាជិកគណៈកម្មាធិការកណ្តាលបក្ស។ អង្គការសិទ្ធិមនុស្សអន្តរជាតិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក(HRW)បានរិះគន់ការតែងតាំង ដោយចាត់ទុកថាការតែងតាំងនេះនឹងនាំឲ្យមានការរំលោភសិទ្ធិមនុស្ស ទំនាស់ផលប្រយោជន៍ និងនិទណ្ឌភាពទៅថ្ងៃខាងមុខ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
