ដោយ៖ ណាត សុភាព | ថ្ងៃសុក្រ ទី25 ធ្នូ 2015
http://vodhotnews.com
អគ្គស្នងការនគរបាលជាតិត្រៀមពង្រាយកម្លំាងសមត្ថកិច្ចចម្រុះរាប់ពាន់នាក់នៅមុខព្រះបរមរាជវំាងនិងតំបន់ផ្សេងៗទៀតនៅរាជធានីភ្នំពេញដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដែលចូលរួមនិងដើរកំសាន្តក្នុងថ្ងៃបុណ្យ Christmas នាយប់ថ្ងៃសុក្រនេះ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថានៅថ្ងៃ២៥ខែធ្នូនេះអគ្គស្នងការនគរបាលជាតិត្រៀមដាក់កម្លាំងចម្រុះរាប់ពាន់នាក់នៅគោលដៅច្រើនកន្លែងរួមមានមុខព្រះបរមរាជវំាង ម្តុំកាបូឌីយ៉ាណា ណាហ្គា កោះពេជ្យ និងតំបន់ផ្សេងៗទៀត។ លោកអះអាងថាការដាក់កម្លាំងច្រើនបែបនេះមិនមែនគាំទ្រនិងចូលរួមប្រារព្ធបុណ្យ Christmas នោះទេគឺដាក់កម្លាំងដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋដែលចូលរួមនិងដើរកំសាន្តក្នុងថ្ងៃបុណ្យនេះតែប៉ុណ្ណោះ។ លោកបន្តថា៖ “នៅថ្ងៃហ្នឹងគាត់នឹងបន្ថែមកម្លាំងនិយាយរួមគឺមានច្រើនទីតំាងកន្លែងសប្បាយរបស់ប្រជាពលរដ្ឋគឺវាច្រើន។ VOD សួរ! លោកពូអាហ្នឹងដើម្បីការពារអ្វីខ្លះលោកពូ? ការពារសុវត្ថិភាពប្រជាពលរដ្ឋកុំឲ្យមានការយាយី កុំឲ្យមានការរំខានដល់ការសប្បាយ កុំឲ្យមានការឈ្លោះទាស់ទែងគ្នាពីការស្រវឹង កុំឲ្យមានការឆក់ប្លន់ប្រព្រឹត្តិអំពើឧក្រិដ្ឋកម្មមកលើប្រជាពលរដ្ឋអញ្ចឹង”។
អ្នកស្រាវជ្រាវឯករាជ្យពីការអភិវឌ្ឍសង្គមលោក កែម ឡី គំាទ្រចំពោះការដាក់កម្លាំងសមត្ថកិច្ចការពារសុវត្ថិភាពជូនពលរដ្ឋខណៈបញ្ហាអសន្តិសុខនៅរាជធានីភ្នំពេញកំពុងកើតមាន។ លោកបន្ថែមថា៖ “ខ្ញុំគិតថាល្អពីព្រោះឥឡូវមានចោរលួចចោរប្លន់ គាស់ផ្ទះច្រើនមានឃាតកម្មកាប់សម្លាប់ហើយវាគួរតែមានសន្តិសុខការពារសន្តិសុខសណ្តាប់ធ្នាប់ទូទំាងប្រទេសជាយូរមកហើយព្រោះកងកម្លាំងប្រដាប់អាវុធ៣០ទៅ៤០នាក់វាគួរនៅគ្រប់ទីកន្លែង”។
គេសង្កេតឃើញថានៅថ្ងៃបុណ្យ Christmas ថ្ងៃនេះមានសាលាបង្រៀនឯកជន ក្រុមហ៊ុនឯកជនមួយចំនួននៅរាជធានីភ្នំពេញបានឈប់សម្រាកដើម្បីប្រារព្ធពិធីបុណ្យនេះ។
គួរបញ្ជាក់ថានៅថ្ងៃទី២៥ធ្នូជាកំណើតព្រះគ្រឹស្តឬយេស៊ូគ្រឹស្ត។ នៅទូទាំងពិភពលោកពោលគឺប្រទេសណាប្រជាជនណាកាន់សាសនានេះត្រូវប្រារព្វពិធីបុណ្យនេះយ៉ាងអធឹកអធមគឺនៅថ្ងៃ២៥ធ្នូនេះ។
នៅពេលពិភពលោកបា្ររព្វពិធីបុណ្យ Christmas នេះប្រទេសមួយចំនួននៅអាស៊ីបានដាក់ពង្រាយប៉ូលិសនិងកងទ័ពជាច្រើននាក់ដើម្បីការពារសុវត្ថិភាព។ នៅប្រទេសឥណ្ឌូនេស៊ីដែលប្រជាជនប្រទេសនេះកាន់សាសនាឥស្លាមធំជាងគេនៅលើពិភពលោកបានដាក់ពង្រាយកងសន្តិសុខរហូតដល់១៥០ ០០០នាក់។ នៅប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌា ចិនក៏មានការដាក់ពង្រាយកងសន្តិសុខជាច្រើនពាន់នាក់ដែរ។ ចំណែកនៅអឺរ៉ុប អាមេរិក និងទ្វីបអាហ្រ្វិកត្រូវបានរាយការណ៍ថានៅតាមទីប្រជុំជនវិហារគ្រឹស្តនៃប្រទេសទាំងនេះក៏ត្រូវបានដាក់ពង្រាយប៉ូលិសជាច្រើនពាន់នាក់ដែរ៕
សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ pheap@vodhotnews.com
