អាជ្ញាធរ​ខេត្តពោធិ៍សាត់​ថាមនុស្ស​៤៥នាក់ឈឺ​ ដោយសង្ស័យថា​អាចពុល​ភេសជ្ជៈ​ឬម្ហូប​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃសុក្រ ទី25 ធ្នូ 2015, 05:43 PM​
http://vodhotnews.com

អាជ្ញាធរពាក់ព័ន្ធខេត្ត​ពោធិ៍សាត់​បាន​​អះអាង​ថាប្រជា​ពលរដ្ឋ​ប្រមាណ​៤៥នាក់​ក្នុងនោះមានក្មេង​និង​ទារកផងនោះចាប់ផ្តើម​ឈឺជាបន្តបន្ទាប់ ដោយ​សង្ស័យ​ថា​ពុលចំណីអាហារ​ឬ​ទឹកក្រូចដែលពួកគេបានពិសារ​ពេលចូ​លរួម​ពិធីការតាមរបៀបសែនព្រេនមួយ​កាលពីថ្ងៃទី​២១ ខែធ្នូ។​

មេភូមិតាំងគោក ក្នុងឃុំតាលោក ស្រុកបាកាន ខេត្តពោធិ៍សាត់ លោក ហាក់ ផល មានប្រសាសន៍ថា​របាយ​ការណ៍ដែល​លោក​ទទួល​បាន​ មនុស្ស​៤៥នាក់នៅតំបន់បឹងគូបានឈឺនិងក្នុងនោះ​៨នាក់​ឈឺធ្ងន់ហើយ​ត្រូវបាន​បញ្ជូន​មក​​ភ្នំពេញ​ ដើម្បីសម្រាក​​ព្យាបាល។ លោក​បន្តថាប្រជា​ពលរដ្ឋ​ដែល​ឈឺនោះ​ពិត​ជា​បា​ន​ទៅហូបការ​ហើយ​ពួកគេ​ចាប់ផ្តើម​ឈឺកាល​ពីព្រឹកថ្ងៃទី​២២​រហូតដល់ថ្ងៃទី​២៤ ខែធ្នូ។ លោក​បន្តថា​៖ “មិនទាន់ដឹង​ថា​មកពីពុល​ទឹកក្រូចឬ​ម្ហូបទេ តែ​ដឹងថា​អ្នក​ឈឺនោះ​គាត់​ទៅហូបការ។ មានខ្លះក្មេងអាយុ​៦ខែ ២ឆ្នាំ ក៏​ពុលដែរ ប្រហែលជាបៅដោះម្តាយហើយ”។ លោក​បញ្ជាក់ថា​៖ “អ្នក​ខ្លះ​ហើមពោះ ហល់ពោះ ចុកដៃជើង ឈឺក្បាល ទឹកនោម ក្រហម​ ក្រហមខ្មៅ ហើយពេទ្យ​ថាខ្វះឈាម ពេល​ទៅ​ពិនិត្យ”។​

មេឃុំតាលោ លោក យ៉ាំ យ៉េន មានប្រសាសន៍ថាអ្នកឈឺខ្លះ​បាន​រាក​រួស ក្អួតនិង​នោមមក​ចេញឈាម​។ លោក​បន្ត​ថា​អ្នកដែល​ឈឺទាំងនោះបានទៅចូលរួមពិធីសែនព្រេនមួយ ហើយ​ពិសារទឹកក្រូចនិងម្ហូប។ លោកបញ្ជាក់ថា៖ “ផឹកទឹកក្រូចដបកូកាកូឡា​ ចំណុះ១,២៥(លីត្រ) អាដបជ័រហ្នឹង​ និង​អាទឹកក្រូចតូចៗ រស​ជាតិ​ស្រ្ត​បឺរីអីគេនោះ”។ លោក​បន្ថែមថា៖ “គេផឹកតាំង​ពីថ្ងៃទី​២១ តែ​ទើបព្រឹកថ្ងៃទី​២២ វាចាប់ផ្តើមឈឺ។ បង​ប្អូនខ្លះគេយកអាទឹកក្រូច​សល់ៗ មកហូបតនៅផ្ទះទៀត”។ ខ្ញុំមិន​ទាន់ដឹងថាមូលហេតុអីទេ។ គេកំពុង​ស្រាវជ្រាវ​ថាមកពីហូបអីផ្សេង​ឬហូបទឹកក្រចហ្នឹង”។​

មេ​ប៉ុស្តិ៍តាឃុំតាលោ លោក រ៉ង សុវណ្ណារឿន មានប្រសាសន៍ថា​បើតាម​របាយការណ៍របស់លោក ក្នុងចំណោ​មមនុស្ស​៤៥នាក់នោះ មានតែ​៣៦នាក់ប៉ុណ្ណោះ​ដែល​ឈឺ​ដោយ​សង្ស័យថា​ពុលទឹកក្រូចឬ​ម្ហូប។ លោក​លើកឡើងបែបនេះ​តាម​ការបញ្ជាក់​របស់ពេទ្យ​។ លោកបន្ត​ថា​​ក្មេងឈឺ​ក្រោម​អាយុ​១៣ឆ្នាំ មាន​១៧នាក់ ដែលមានទាំងក្មេង​អាយុ​៤ខែនិង​៦ខែទៀតផង។ លោក​បញ្ជាក់បន្ថែម​ថា​ពេទ្យ​នៅស្រុកបញ្ជាក់​ថា​អាច​មក​ពី​ពុលម្ហូបដែលពួកគេ​ពិសារនៅពេល​ចូល​រួម​ពិធីមង្គលការ។​

លោកមានប្រសាសន៍ថា​៖ “មិនទាន់ហ៊ាន​សន្និដ្ឋានយ៉ាងម៉េចទេ។ តែគ្រាន់ថាពេទ្យស្រុកគេសង្ស័យថា​មក​ពីពុលម្ហូប តែមិនច្បាស់ទេថា​ពុលម្ហូបឬទឹកក្រូចម៉ាកដបជ័រកូកាកូឡានិងទឹកក្រូចដបជររសជាតិស្ត្ររបឺរី”។ លោក​បញ្ជាក់ថារហូតមកដល់ពេលនេះ មន្ទីរសុខាភិបាលខេត្ត​កំពុងតែ​ពិនិត្យរកមូលហេតុ។​

វីអូឌីមិនទាន់​អាច​សុំ​ការ​បញ្ជាក់ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក លី សូវ៉ាន់ បាននៅឡើយទេ។​

គួរបញ្ជាក់ថាថ្មីៗនេះ ប្រជា​ពលរដ្ឋនៅខេត្តក្រចេះ១៣នាក់​បានស្លាប់​ ដោយ​សារ​ការ​ទទួលទាន​ស្រាស ហើយ​​ក្រសួងសុខា​ភិបាលបញ្ជាក់ថា​ស្រា​សនោះ​មានជាតិមេតាណុលក្នុងស្រាកម្រិតខ្ពស់ពី១០%ទៅ ១២%។ ភ្លាមៗនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ននឹងការបរិភោគចំណីអាហារ។ លោក​បន្ត​ថា​អាជ្ញាធរ​មាន​ការ​ទទួលខុសត្រូវ​ក្នុងការ​ត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅលើទីផ្សារ ប៉ុន្តែមិនអាច​តាមដាន​ប្រជា​ពលរដ្ឋម្នាក់ៗនោះ​ទេ។​  លោកមានប្រសាសន៍ថា៖ “សូមប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះ​​ម្ហូបអាហារ។ ម្ហូបអាហារលក់តាមទីផ្សារត្រូវបាន​កាំកុងត្រូលធ្វើការត្រួតពិនិត្យជាប្រចាំ។ ម្ហូបអាហារណា​ដែលវាហួសកាលកំណត់។…មានតែប្រជាពលរដ្ឋខ្លួនឯងតែប៉ុណ្ណោះដែលអាចការពារអាយុជីវិតខ្លួនឯងបាន”។ លោកបន្ថែមថា៖ “អាជ្ញាធរអាចធ្វើបានត្រឹមកម្រិតណាតែប៉ុណ្ណោះ។ក៏ប៉ុន្តែអ្នកទទួលទាននិងអ្នកផឹកពិតប្រាកដគឺប្រជាពលរដ្ឋ។ ពិតហើយអាជ្ញាធរត្រូវមានការទទួលខុសត្រូវទៅលើសុវត្ថិភាពនៃចំណីអាហារ។ ក៏ប៉ុន្តែបើសិនជាប្រជាពលរដ្ឋម្នាក់ៗ គឺអត់ទាំងទទួលខុសត្រូវខ្លួនឯង លើចំណុចខ្លួនឯងផង ហើយមកបន្ទោសតែរាជរដ្ឋាភិបាលដឹកនាំមិនកើត ក៏វាអត់ត្រូវ”៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈ  sun_narin@vodhotnews.com

What Next?

Recent Articles