ដោយ យ៉ង ចាន់តារា
2015-12-27
RFA

មន្ត្រីអង្គការសង្គមស៊ីវិល ចង់ឃើញរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងការងារ យកចិត្តទុកដាក់បន្ថែមក្នុងការរកដំណោះស្រាយជូនកម្មករនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលកំពុងត្រូវបានរំលោភបំពានពីសំណាក់និយោជក។ ការអំពាវនាវនេះ ធ្វើឡើងក្នុងយុទ្ធនាការស្ដីពី “ការជំរុញឲ្យមានការគោរពសិទ្ធិយុវជនធ្វើការក្នុងវិស័យការងារក្រៅប្រព័ន្ធ” ដែលរៀបចំដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) នៅព្រឹកថ្ងៃទី២៧ ធ្នូ។
ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា សម្ដែងក្តីព្រួយបារម្ភចំពោះស្ថានភាពនៃកម្មករធ្វើការក្នុងវិស័យក្រៅប្រព័ន្ធ ដែលកំពុងរងគ្រោះដោយសារការមិនគោរពលក្ខខណ្ឌការងារពីសំណាក់និយោជក។
លោក មឿន តុលា គិតថា ការជំរុញឲ្យក្រុមហ៊ុននីមួយៗចុះបញ្ជី និងការកំណត់ប្រាក់ខែគោលថ្នាក់ជាតិ នឹងអាចជួយឲ្យស្ថានភាពកម្មករនៃវិស័យក្រៅប្រព័ន្ធ មានភាពប្រសើរជាងនេះ៖ «»។
ការលើកឡើងរបស់មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ ធ្វើឡើងបន្ទាប់ពីអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន រកឃើញថា ស្ថានភាពសិទ្ធិកម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា មានភាពលំបាកជាងកម្មករកាត់ដេរ និងបុគ្គលិកក្រុមហ៊ុន ដោយសារតែមិនមានកិច្ចសន្យាការងារ និងសហជីពជួយការពារសិទ្ធិរបស់ពួកគេ។ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធខ្លះ ពិសេសកម្មករធ្វើការនៅកន្លែងកម្សាន្ត ទទួលរងនូវការរំលោភបំពានលើរាងកាយ និងផ្លូវភេទពីម្ចាស់ហាង និងភ្ញៀវ។ អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ក៏រកឃើញទៀតថា យុវជនជាកម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានចំណេះដឹងទាបបំផុតអំពីច្បាប់ការងារ និងសិទ្ធិសេរីភាពរបស់ខ្លួន ហើយច្បាប់ការងារទៀតសោត ក៏មិនត្រូវបានយកមកអនុវត្តចំពោះសេវាកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។
ឆ្លើយតបនឹងបញ្ហានេះ អគ្គនាយករងទីភ្នាក់ងារជាតិមុខរបរ និងការងារ លោក គួច សុមាន ថ្លែងថា រដ្ឋាភិបាលកំពុងគិតគូរពីគម្រោងបង្កើតប្រាក់ខែគោលថ្នាក់ជាតិ ព្រមទាំងជំរុញឲ្យក្រុមហ៊ុន និងសហគ្រាសទាំងអស់ ចុះបញ្ជីក្នុងក្រសួងពាក់ព័ន្ធ ដើម្បីប្រែក្លាយជាស្ថាប័ននៃវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធវិញ។ យ៉ាងនេះក្តី លោក គួច សុមាន បញ្ជាក់ថា ការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច និងភាពកង្វះខាតយន្តការច្បាប់ គឺជាឧបសគ្គរាំងស្ទះដល់ការបង្កើតប្រាក់ខែគោលថ្នាក់ជាតិ៖ «»។
របាយការណ៍ស្រាវជ្រាវរបស់អង្គការអភិវឌ្ឍន៍ធនធានយុវជន ចេញផ្សាយក្នុងខែធ្នូ ឆ្នាំ២០១៥ ស្ដីពីស្ថានភាពសិទ្ធិការងាររបស់យុវជនក្នុងវិស័យក្រៅប្រព័ន្ធ បង្ហាញថា ប្រាក់ខែសរុបជាមធ្យមរបស់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួនជាង ១៧០ដុល្លារ (១៧២.៩៨ដុល្លារ) ក្នុងមួយខែ តិចជាងកម្មករកាត់ដេរដែលទទួលបានជិត ១៩០ដុល្លារ (១៨៨ដុល្លារ) ក្នុងមួយខែ។ កម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធតែជិត ៤ភាគរយ (៣,៧%) ប៉ុណ្ណោះ ដែលមានសហជីព ហើយពួកគេតែជិត ៣០ភាគរយ (២៧,៧%) ប៉ុណ្ណោះ ដែលទទួលបានកិច្ចសន្យាការងារ។ ក្រៅពីនេះ ចំនួនប្រហែល ៤១ភាគរយ (៤០,៩%) នៃកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធធ្វើការលើសពី ៦ថ្ងៃក្នុងមួយសប្ដាហ៍ និងលើសពី ៨ម៉ោងក្នុងមួយថ្ងៃ ដែលការងារទាំងនោះស្ថិតក្នុងបរិយាកាសមិនមានសុវត្ថិភាពការងារ។
វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅលើអ្នកប្រកបអាជីវកម្មដោយខ្លួនឯង ឬអ្នកដែលធ្វើការឲ្យបុគ្គលដែលប្រកបអាជីវកម្មខ្លួនឯង ដែលអាជីវកម្មនោះមិនបានចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ។
វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធមានគុណសម្បត្តិ និងគុណវិបត្តិមួយចំនួន។ វាផ្តល់នូវការងារ និងកាត់បន្ថយភាពអត់ការងារធ្វើ ប៉ុន្តែភាគច្រើន ប្រាក់ខែដែលកម្មករទទួលបាននៅមានកម្រិតទាបនៅឡើយ។ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ជួយជំរុញសកម្មភាពសហគ្រិន ក៏ប៉ុន្តែវាធ្វើឲ្យរដ្ឋបាត់បង់ប្រយោជន៍ច្រើនទាក់ទងនឹងច្បាប់ការងារ និងពន្ធដារ។
បើប្រៀបធៀបនឹងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំណុចអវិជ្ជមានច្រើន ដូចជា គ្មានប្រព័ន្ធលក្ខខណ្ឌការងារ មិនបានអនុវត្តតាមច្បាប់ការងារ ទទួលបានប្រាក់ខែមិនទៀងទាត់ និងមិនស្មើគ្នា មិនមានម៉ោងការងារច្បាស់លាស់ ប្រាក់ខែទាប មិនមានវេទិកាសម្រាប់សម្ដែងក្តីបារម្ភ ហើយពេលខ្លះមិនបានចុះឈ្មោះជាមួយក្រសួងពាណិជ្ជកម្ម និងគ្មានកិច្ចសន្យាផ្លូវការជាមួយនិយោជក។
ជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ របស់វិទ្យាស្ថានជាតិស្ថិតិ បង្ហាញថា ក្នុងចំណោមគ្រឹះស្ថានក្រុមហ៊ុន និងសហគ្រាសប្រហែល ៥សែន មានគ្រឹះស្ថានតែប្រមាណជា ៣,៤ភាគរយ ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជ្ញាធរមិនអនុញ្ញាតឲ្យមានពិធីដង្ហែក្បួនក្នុងថ្ងៃគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា
- តុលាការខេត្តស្វាយរៀងសម្រេចឃុំខ្លួនមនុស្ស៧នាក់បន្ថែមករណីហិង្សានៅក្រុងបាវិត
- រោងចក្រនៅក្រុងបាវិតបិទទ្វារនិងអនុញ្ញាតឲ្យកម្មករឈប់សម្រាកចំនួនពីរថ្ងៃ
- ILO អំពាវនាវឲ្យដោះស្រាយជម្លោះនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិតដោយសន្តិវិធី
- ភាគីពាក់ព័ន្ធបើកកិច្ចប្រជុំរកដំណោះស្រាយក្រោយមានការប៉ះទង្គិចរវាងកម្មករនិងអាជ្ញាធរ
- អាជ្ញាធរឥណ្ឌូនេស៊ីដោះលែងពលករខ្មែរ១០នាក់ឲ្យត្រឡប់មកស្រុកវិញ
- កម្មកររោងចក្រ៤នាក់ដែលចូលរួមក្នុងបាតុកម្មនៅក្រុងបាវិតត្រូវបានចាប់ខ្លួន
- កម្មកររោងចក្រប្រមាណ២ម៉ឺននាក់នៅក្រុងបាវិតបន្តធ្វើកូដកម្មមិនចូលធ្វើការ
- ជីម៉ាក់ស្នើរដ្ឋាភិបាលចាត់វិធានការលើក្រុមកម្មករធ្វើកូដកម្មទាមទារប្រាក់ឈ្នួលនៅក្រុងបាវិត