សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​បង្កើត​យន្តការ​ការពារ​សិទ្ធិ​ស្ត្រី​ជា​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស

ដោយ ចេង ម៉េងជូ
2015-12-27
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សហគមន៍​ដីធ្លី តវ៉ា​រឿង​ច្បាប់​អង្គការ​ មុខ​វិមាន​រដ្ឋសភា ៦២០

តំណាង​ពលរដ្ឋ​នៃ​សហគមន៍​បឹងកក់ បុរីកីឡា ៣​មករា និង​សហគមន៍​ព្រលាន​យន្តហោះ (SOS) ប្រមូល​ផ្ដុំ​នៅ​មុខ​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី៦ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Uon Chhin


មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​យន្តការ​ថ្នាក់​ជាតិ ដើម្បី​ធានា​សិទ្ធិ​សេរីភាព​ឲ្យ​បាន​ពេញលេញ​ដល់​ស្ត្រី​ដែល​ប្រឡូក​ក្នុង​សកម្មភាព​ការពារ​សិទ្ធិ​មនុស្ស។

អង្គការ​នេះ ក៏​ស្នើ​ឲ្យ​បណ្ដា​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​អន្តរជាតិ​ដទៃ​ទៀត ដែល​ធ្វើ​ការ​ជាមួយ​ស្ត្រី និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស បញ្ចូល​កម្មវិធី​យេនឌ័រ​ទៅ​ក្នុង​ការ​អនុវត្ត​គម្រោង​របស់​ខ្លួន ដើម្បី​លើក​ស្ទួយ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជា​ស្ត្រី។ សំណើ​របស់​អង្គការ​សង្គម​ស៊ីវិល ធ្វើ​ឡើង​នៅ​ខណៈ​អង្គការ​នេះ​សង្កេត​ឃើញ​ថា ស្ត្រី​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស នៅ​តែ​ប្រឈម​នឹង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នៅ​ពេល​ធ្វើ​សកម្មភាព​ការពារ​សិទ្ធិ​របស់​ពួក​គេ។

ក្នុង​កំណត់​ត្រា​សង្ខេប​ស្ដីពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ស្ត្រី​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៥ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លើក​ឡើង​ថា រដ្ឋាភិបាល​មិន​ទាន់​មាន​គោល​នយោបាយ ឬ​ចំណាត់​ការ​ច្បាស់លាស់​ណា​មួយ ដើម្បី​ធានា​ដល់​សិទ្ធិ​សេរីភាព​របស់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ទូទៅ រួម​ទាំង​ស្ត្រី​នៅ​ឡើយ។

អ្នក​សម្រប​សម្រួល​គម្រោង​ស្ដីពី​ការ​ការពារ​សេរីភាព​ជា​មូលដ្ឋាន នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា កញ្ញា ឆាយ ឈុនលី កត់​សម្គាល់​ឃើញ​ថា ស្ថានភាព​របស់​ស្ត្រី​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​តែ​មិន​ទាន់​មាន​ភាព​ប្រសើរ​នៅ​ឡើយ៖ «»។

អនុសាសន៍​មួយ​ចំនួន​ដែល​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស្នើ​ដល់​រដ្ឋាភិបាល រួម​មាន បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ស្ត្រី​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស ជៀសវាង​ការ​ប្រើ​ពាក្យ​អសុរោះ​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជា​ស្ត្រី និង​ស្នើ​ឲ្យ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ ជាដើម។

ក្រៅ​ពី​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំងអស់ និង​ដោះ​លែង​ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ នូវ​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​ដោយសារ​ហេតុផល​នយោបាយ។ អង្គការ​នេះ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​យន្តការ និង​កម្មវិធី​ការពារ​ថ្នាក់​ជាតិ​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​ប្រឈម​នឹង​ហានិភ័យ។

ឆ្លើយ​តប​នឹង​អនុសាសន៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អនុប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា ក្របខ័ណ្ឌ​ច្បាប់​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន គ្រប់គ្រាន់​ហើយ​សម្រាប់​ការពារ​សិទ្ធិ​សេរីភាព​របស់​សកម្មជន​សិទ្ធិ​មនុស្ស។

បន្ថែម​លើ​នេះ លោក សុខ ឥសាន បដិសេធ​ថា មិន​មាន​ការ​គាប​សង្កត់​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជា​ស្ត្រី​នោះ​ទេ។ លោក​បន្ទោស​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដោយ​មិន​សំដៅ​ចំពោះ​អង្គការ​ណា​មួយ​ទេ ថា​បាន​ធ្វើ​សកម្មភាព​តវ៉ា​ទាមទារ​សិទ្ធិ​ដោយ​មិន​បាន​គោរព​តាម​នីតិវិធី​ត្រឹមត្រូវ ទើប​នៅ​ពេល​ខ្លះ​បណ្ដាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​រវាង​សមត្ថកិច្ច និង​សកម្មជន​សិទ្ធិ​មនុស្ស​មួយ​ចំនួន៖ «»។

សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី លើក​ឡើង​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ខ្លួន និង​ស្ត្រី​ជា​សកម្មជន​ដីធ្លី​តំបន់​បឹងកក់​មួយ​ចំនួន​បាន​ជួប​ប្រទះ ក្នុង​សកម្មភាព​តវ៉ា​ទាមទារ​សិទ្ធិ​ដីធ្លី​របស់​ខ្លួន​កន្លង​ទៅ៖ «»។

ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​សកម្មជន​សិទ្ធិ​មនុស្ស​ជា​ស្ត្រី កាល​ពី​ខែ​សីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​រង​ការ​រិះគន់​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​ជាង ៥០ ធ្វើ​ការងារ​ការពារ​សិទ្ធិ​ស្ត្រី បន្ទាប់​ពី​លោក​បាន​ហៅ​ស្ត្រី​ម្នាក់​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា «ញី» និង «មី​ស្រី» ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ប្រើ​អំពើ​ហិង្សា​លើ​សន្តិសុខ​ក្នុង​អំឡុង​ពេល​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles