ដោយ៖ លី បេឡា | ថ្ងៃអាទិត្យ ទី27 ធ្នូ 2015
http://vodhotnews.com
សហជីពមួយក្រុម ស្នើប្រធានរដ្ឋសភា សុំជួបតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា ដើម្បីបានពិភាក្សាលើក្លឹមសារមួយចំនួននៃសេចក្ដីព្រាងច្បាប់សហជីព ដែលពួកគេថា បានប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ពួកគេ បើច្បាប់នេះត្រូវសភាអនុម័ត ដោយគ្មានការកែប្រែនោះ។
តាមលិខិតចុះថ្ងៃទី២៥ ខែធ្នូ របស់ក្រុមព្រឹក្សាសហជីពជាតិកម្ពុជា ដែលផ្ញើទៅលោក ហេង សំរិននោះ បានសរសេរថា ការស្នើរសុំជួប តំណាងរាស្ត្រមកពីបក្សកាន់អំណាចនោះ គឺដើម្បីចង់ឲ្យស្ថាប័នធ្វើច្បាប់មួយនេះ កែប្រែឬក៏លុបចោល នូវចំនុចមួយចំនួនដែលពួកគេថា អាចនឹងរារាំងពួកគេមិនឲ្យការពារប្រយោជន៍កម្មករបាន។
ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា អះអាងទៀតថា ចំនុចដែលពួកគេព្រួយបានរម្ភនោះមាន ការកំណត់មនុស្ស១០នាក់ឡើងទៅទើបអាចបង្កើតសហជីពបាន។
ការតម្រូវឲ្យមានអាយុចាប់ពី២៥ឆ្នាំឡើងទៅទើបអនុញ្ញាតិឲ្យធ្វើជាតំណាងសហជីព។ ថ្នាក់ដឹកនាំសហជីពត្រូវមានលិខិតថ្កោលទោសពីក្រសួងយុត្តិធម៌ជាដើម។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា កិច្ចពិភាក្សានេះ អាចធ្វើបន្ទាប់ពីក្រុមការងារ គណកម្មការមកពីគណបក្សធំៗទាំង២ជួបពិភាក្សានៅថ្ងៃអង្គារ ។
សេចក្តីព្រាងច្បាប់សហជីព បានមកដល់ដៃរដ្ឋសភា តាំងពីខែមុន ប៉ុន្តែសេចក្តីព្រាងច្បាប់នេះ ត្រូវបានសហព័ន្ធជាច្រើនតាមតវ៉ារហូតដល់មន្ទីររដ្ឋសភា ដោយអះអាងថា ច្បាប់នោះបានបើកឱកាសឲ្យភាគីរោងចក្រ អាចដាក់សម្ពាធការងារ មកលើកម្មករបានគ្រប់ពេល ហើយបង្រួមសេរីភាពតស៊ូមតិ លើកកម្ពស់សិទ្ធិការងារទៅវិញ ។
ទោះជាយ៉ាងណា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលមានអាសនៈក្នុងសភា បានបង្កើតក្រុមអ្នកការងារមួយ ដែលមានតំណាងរាស្ត្រម្ខាង៥រូប សម្រាប់ពិភាក្សានិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់នេះ មុនសភាអនុម័ត៕
សូមសរសេរមកកាន់លោក លី បេឡា តាមរយៈ bela@vodhotnews.com
