ដោយ ថា កិត្យា
2016-01-04
RFA

កម្មកររោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ ខេមបូឌា (Agile Sweater Cambodia) នៅខេត្តកំពង់ស្ពឺ បានបន្តប្រមូលផ្តុំគ្នានៅថ្ងៃទី៤ ខែមករា ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន ១១ចំណុច និងទាមទារឲ្យដោះលែងតំណាងកម្មករដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនកាលពីថ្ងៃទី២ មករា ប៉ុន្តែតំណាងក្រុមហ៊ុនអះអាងថា មិនដោះស្រាយឡើយ ដោយចាត់ទុកការទាមទាររបស់កម្មករថាលើសពីច្បាប់បានកំណត់។
«សំឡេងកម្មករស្រែកតវ៉ា»
ក្រុមកម្មករប្រមាណជិត ១០០នាក់ ចោទថា រោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ មិនបានគោរពច្បាប់ការងាររបស់កម្ពុជា ឡើយ ព្រោះថា ពួកគាត់ជួបជុំគ្នាតវ៉ាដោយអហិង្សាជិតពីរសប្ដាហ៍ទៅហើយ ប៉ុន្តែក្រុមហ៊ុននៅតែមិនចេញមុខដោះស្រាយ តែបែរជាសន្តិសុខក្រុមហ៊ុនគំរាមកំហែងចាប់ចងទៅវិញ។
កម្មការិនីម្នាក់ឲ្យដឹងថា លក្ខខណ្ឌការងារទាំង ១១ចំណុចដែលកម្មករចង់បាននោះ គឺស្នើសុំឲ្យក្រុមហ៊ុនគិតតម្លៃឡូតាមស្តង់ដារ បន្ថែមលុយបាយថែមម៉ោង ២ដុល្លារ ដករដ្ឋបាលរោងចក្រឈ្មោះ សេន ឌី ស្នើឲ្យក្រុមហ៊ុនកុំបញ្ឈប់កម្មករ បន្ថែមប្រាក់ការងារទៀងទាត់ ឬលុយព្រីម ១៥ដុល្លារ និងដោះលែងតំណាងកម្មករឈ្មោះ ហេង ឌី និងបញ្ឈប់ការតាមចាប់ខ្លួនតំណាងកម្មករផ្សេងទៀត៖ «កម្មករគ្នាសុំច្បាប់អីអ៊ីចឹងពិបាក ហើយបង្ខំឲ្យគ្នាថែមម៉ោង ហើយឲ្យតែសហជីពណាចូលជួយកម្មករ គឺរោងចក្រចាប់ខ្លួនទាំងអស់»។
រោងចក្រ អ៊ែដ្យាយល៍ ស្វែតថឺ ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ការតវ៉ាអស់រយៈពេលមួយព្រឹក បណ្ដាលឲ្យមានការប៉ះទង្គិចពាក្យសម្ដីរវាងមន្ត្រីសហជីព និងក្រុមសន្តិសុខរោងចក្រដែរ។
តំណាងភាគីរោងចក្រ លោក មួរ ផាន់នី បកស្រាយថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានដោះស្រាយជូនកម្មករនៅមន្ទីរការងារខេត្តរួចហើយ ប៉ុន្តែមានសហជីពចំនួន៣ នៅតែញុះញង់ឲ្យកម្មករតវ៉ា។ លោកបញ្ជាក់ថា ការទាមទាររបស់កម្មករ គឺលើសពីច្បាប់បានកំណត់។ ដូច្នេះ ក្រុមហ៊ុនបិទផ្លូវចរចា៖ «ចង់ធ្វើការ ឬចង់តវ៉ាបន្ត អត់មានអ្នកណាបិទសិទ្ធិពួកគាត់ទេ ប៉ុន្តែគោលជំហររបស់រោងចក្រ បានចរចា ហើយមានកិច្ចព្រមព្រៀងជាមួយមន្ទីរការងាររួចទៅហើយថា អ្វីដែលមានក្នុងច្បាប់ យើងផ្តល់ជូន ហើយអ្វីដែលនៅក្រៅច្បាប់ យើងអត់ឲ្យទេ។ យើងមិនដឹងជាចរចាអីទៀត ព្រោះសំណុំរឿងបានចប់ហើយអាវគ្គមុន»។
ផ្ទុយពីការលើកឡើងនេះ ក្រុមកម្មករលើកឡើងថា ការដោះស្រាយនៅមន្ទីរការងារកាលណោះ គឺមិនឃើញមានលទ្ធផលទេ ហើយថែមទាំងចាប់តំណាងពួកគាត់ម្នាក់ដាក់ពន្ធនាគារទៀត បន្ទាប់ពីបំបែកគ្នាចេញពីមន្ទីរការងារខេត្តកាលពីថ្ងៃទី២ ខែមករា។ នៅពេលកម្មករតវ៉ាដាក់លិខិតសុំដោះស្រាយ បែរជាក្រុមសន្តិសុខរោងចក្រ និងក្រុមមនុស្សពាក់ខោអាវស៊ីវិលពាក់មួកសុវត្ថិភាព បណ្ដេញពួកគាត់ចេញពីមុខរោងចក្រ និងបានដណ្ដើមយកលិខិតទាំងនោះហែកចោល។
អគ្គលេខាធិការសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា លោក រ័ត្ន មីនា លើកឡើងថា ថ្វីត្បិតតែការទាមទារនោះលើសពីច្បាប់បានកំណត់ខ្លះក្តី ប៉ុន្តែក្រុមហ៊ុនគួរតែជជែកដោះស្រាយតាមបែបយោគយល់គ្នាជាមួយកម្មករម្តងទៀត ដើម្បីបញ្ចប់បញ្ហានៅសេសសល់។ លោកថា បើក្រុមហ៊ុនមិនដោះស្រាយ វាហាក់ដូចជាអយុត្តិធម៌សម្រាប់កម្មករដែលព្យាយាមតវ៉ាតាមនីតិវិធីដោយមិនប្រើហិង្សា៖ «ចង់ឲ្យក្រុមហ៊ុនជជែកជាមួយកម្មករ និងសហជីពនៅមូលដ្ឋាននេះផ្ទាល់ ដើម្បីរកដំណោះស្រាយណាមួយជូនកម្មករ។ ខ្ញុំមិនចង់ឲ្យកម្មករនៅខាងក្រៅ ដើម្បីជៀសវាងការចោទប្រកាន់ថា បិទផ្លូវធ្វើឲ្យរោងចក្រខឹង គេរត់ចោលស្រុក»។
ក្រុមកម្មករក៏បញ្ជាក់ថា ពួកគាត់នឹងនៅតែតវ៉ាមិនចូលធ្វើការឡើយ បើមិនមានដំណោះស្រាយសមរម្យពីខាងរោងចក្រទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សហជីពចង់បានតុលាការការងារឯករាជ្យ
- អាជ្ញាធរនឹងទប់ស្កាត់ការធ្វើពិធីរំលឹកខួបអ្នកស្លាប់នៅផ្លូវវ៉េងស្រេង
- អតីតអ្នកបើកបរឡានកាពីតូលតវ៉ាធ្វើយុទ្ធនាការឲ្យពលរដ្ឋផ្អាកប្រើសេវាឡានក្រុងនេះ
- អតីតអ្នកបើកបរឡានក្រុងកាពីតូលជាង៥០នាក់ទាមទារឲ្យក្រុមហ៊ុនយកពួកគេចូលធ្វើការ
- បណ្ណាល័យកម្មករត្រូវដាក់ឲ្យប្រើផ្លូវការជាលើកទី១នៅកម្ពុជា
- កម្ពុជាផ្ញើកំណត់ទូតស្នើសុំទិដ្ឋាការជូនពលករជិត៧ម៉ឺននាក់ទៅធ្វើការនៅថៃ
- សង្គមស៊ីវិលជំរុញឲ្យក្រសួងការងារដោះស្រាយបញ្ហាជូនកម្មករនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
- អាជ្ញាធរមិនអនុញ្ញាតឲ្យមានពិធីដង្ហែក្បួនក្នុងថ្ងៃគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា
- តុលាការខេត្តស្វាយរៀងសម្រេចឃុំខ្លួនមនុស្ស៧នាក់បន្ថែមករណីហិង្សានៅក្រុងបាវិត