ដោយ៖ ស៊ុន ណារិន | ថ្ងៃចន្ទ ទី4 មករា 2016, 08:58 PM
http://vodhotnews.com
ក្រសួងសុខាភិបាលឲ្យដឹងថានៅសល់សេវាថែទាំនិងពិគ្រោះព្យាបាលខុសច្បាប់ជិត១០០០កន្លែងទៀតនៅទូទាំងប្រទេស ដែលនឹងត្រូវចុះបង្រ្កាបក្នុងឆ្នាំ២០១៦។
ក្រសួងសុខាភិបាលនៅថ្ងៃចន្ទនេះបានបើកកិច្ចប្រជុំគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយនិងសេវាសុខាភិបាលខុសច្បាប់ ដែលមានការចូលរួមពីតំណាងមកពីក្រសួងពាក់ព័ន្ធ អភិបាល អភិបាលរងខេត្តនិងមន្រ្តីមន្ទីរសុខាភិបាលរាជធានីខេត្ត សរុបប្រមាណ១៥០នាក់។
ហ្វេសប៊ុករបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃចន្ទនេះបានបង្ហាញរបាយការណ៍ថាមកទល់ពេលនេះ នៅទូទាំងប្រទេសមានសេវាថែទាំ ពិគ្រោះព្យាបាលចំនួន១០៤៩៥កន្លែង ដែលក្នុងនោះមាន៨១៥៤កន្លែងដែលមានច្បាប់ ខុសច្បាប់៩៧៣កន្លែងនិងលុបបំបាត់បាន១៣៦៨កន្លែងនៅក្នុងឆ្នាំ២០១៥។ របាយការណ៍បន្តថាមន្ទីរសម្រាកព្យាបាលជំងឺមានចំនួនសរុបទូទាំងប្រទេស៤៣១កន្លែង ក្នុងនោះមាន៤២៨កន្លែងដែលមានច្បាប់ មិនទាន់មានច្បាប់៣កន្លែងដែលក្រសួងអះអាងថាកំពុងតែសុំច្បាប់។
បើតាមហ្វេសប៊ុកនោះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានជំរុញសកម្មភាពលុបបំបាត់ឱសថក្លែងក្លាយនិងសេវាសុខាភិបាលខុសច្បាប់នៅឆ្នាំ២០១៦និងអំពាវនាវឲ្យប្រជាពលរដ្ឋនិងអ្នកប្រកបវិជ្ជាជីវៈពេទ្យគោរពច្បាប់និងក្រមសីលធម៌វិជ្ជាជីវៈឲ្យបានល្អ។ លោកអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពប្រើប្រាស់សេវាសុខាភិបាលដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាលឬក៏គ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ ដើម្បីចៀសវាងបញ្ហាដូចបានកើតឡើងនៅភូមិរកា ខេត្តបាត់ដំបង ដែលមានការចម្លងមេរោគអេដស៍ទៅមនុស្សរាប់រយនាក់។
កាលពីខែកញ្ញា ឆ្នាំ២០១៥ លោក ម៉ម ប៊ុនហេង បានបញ្ជាឲ្យប្រធានលេខាធិការដ្ឋាននៅតាមរាជធានីខេត្តទាំងអស់ ត្រូវចាត់វិធានការដោយសហការជាមួយនគរបាលយុត្តិធម៌ក្នុងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ករណីកន្លែងលក់ឱសថក្លែងក្លាយនិងសេវាសុខាភិបាលខុសច្បាប់។
កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៥ ក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃ បានប្រកាសសហការរួមគ្នាក្នុងការគ្រប់គ្រងគុណភាពសេវាកម្មនិងចាត់វិធានការទប់ស្កាត់ការធ្វើចរាចរណ៍ផលិតផលសុខាភិបាលខុសច្បាប់និងសេវាសុខាភិបាលឯកជនខុសច្បាប់នៅកម្ពុជា។
វិធានការទប់ស្កាត់ការធ្វើចរាចរណ៍ផលិតផលសុខាភិបាលខុសច្បាប់និងសេវាសុខាភិបាលឯកជនខុសច្បាប់នេះត្រូវបានធ្វើឡើងក្រោយពីផ្ទុះការឆ្លងមេរោគអេដស៍ទៅមនុស្សប្រមាណ២៥០នាក់នៅខេត្ដបាត់ដំបង កាលពីខែធ្នូ ឆ្នាំ២០១៤ ដោយគ្រូវពេទ្យភូមិម្នាក់ ឈ្មោះយ៉ែម ជ្រិន ត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធនឹងការឆ្លងមេរោគអេដស៍នេះ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com