គណៈកម្មការ​ចំពោះ​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ជា​លើក​ដំបូង

ដោយ ឡេង ម៉ាលី
2016-01-04
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ប្រជុំ​ច្បាប់​សហជីព ៦២០

គណៈកម្មការ​ចំពោះ​កិច្ច​ចម្រុះ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បើក​កិច្ច​ប្រជុំ​ពិភាក្សា​គ្នា​អំពី​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​នា​វិមាន​រដ្ឋសភា នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៦។ RFA/Rann Samnang


គណៈកម្មការ​ចំពោះ​កិច្ច​ចម្រុះ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បើក​កិច្ច​ប្រជុំ​ពិភាក្សា​គ្នា​អំពី​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ដ៏​ចម្រូងចម្រាស នៅ​រសៀល​ថ្ងៃ​ទី​៤ មករា។ មន្ត្រី​តំណាង​គណបក្ស​ទាំង​ពីរ​បញ្ជាក់​ថា កិច្ច​ប្រជុំ​ប្រព្រឹត្ត​ទៅ​ល្អ បើ​ទោះ​ជា​មិន​បាន​សម្រេច​អ្វី​ច្រើន​ក្ដី។

តំណាង​គណៈកម្មការ​ចំពោះ​កិច្ច​គណបក្ស​ទាំង​ពីរ ថ្លែង​បន្ទាប់​ពី​ប្រជុំ​នៅ​រសៀល​ថ្ងៃ​ទី​៤ មករា ថា គណៈកម្មការ​ចំពោះ​កិច្ច​បាន​ពិនិត្យ ពិភាក្សា និង​បាន​ឯកភាព​គ្នា​លើ​ខ្លឹមសារ​ក្នុង​មាត្រា​ចំនួន​២ នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ដ៏​ចម្រូងចម្រាស​មួយ​នេះ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ជា​លទ្ធផល គឺ​គណៈកម្មការ​ផ្ដល់​យោបល់​លើ​មាត្រា​៣ និង​មាត្រា​៤ ដែល​និយាយ​ពី​វិសាលភាព​កម្មករ​អាច​ចូល​ជា​សមាជិក​សហជីព​បាន និង​កម្មករ​មាន​គ្នា​ប៉ុន្មាន​នាក់ ទើប​អាច​បង្កើត​សហជីព​បាន៖ «(មាត្រា​៣) និយាយ​ពី​វិសាលភាព​នៃ​ការ​ដាក់​បញ្ចូល​អ្វី​ទៅ​ដែល​ជា​សមាជិកភាព​នៃ​អង្គការ​សហជីព ហើយ​ទី​៤ និយាយ​ពី​រចនាសម្ព័ន្ធ​របស់​សហជីព​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ហើយ គឺ​ថា​យ៉ាង​តិច ១០​នាក់ បាន​បង្កើត​សហជីព​មូលដ្ឋាន​មួយ​បាន ហើយ​បន្ទាប់​មក​យើង​បង្កើត​សហព័ន្ធ​សហជីព គឺ​ថា​ពី​មុន​មាន ៩ យើង​អាច​សម្រួល​ដាក់​ត្រឹម ៧ ហើយ​និង​សហភាព​សហព័ន្ធ​សហជីព គឺ​ចុះ​មក​នៅ​ត្រឹម ៥។ អា​នេះ​ជា​ការ​ផ្ដល់​យោបល់​ទេ មិន​មែន​គណៈកម្មការ​ចំពោះ​កិច្ច​ហ្នឹង​សម្រេច​ទេ គ្រាន់​តែ​ថា​ឯកភាព​គ្នា​លើ​ចំណុច​ប៉ុណ្ណឹង ដើម្បី​ដាក់​ជូន​យោបល់​ទៅ​សភា​ពេញ​អង្គ​ទាំង​មូល»

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ដែល​មាន ១៧​ជំពូក និង ១០០​មាត្រា មាន​ភាព​ចម្រូងចម្រាស​ខ្លាំង នៅ​ពេល​ដែល​រដ្ឋាភិបាល​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​នេះ​មក​រដ្ឋសភា​ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ជាពិសេស​ក្រុម​អង្គការ​សហជីព​កម្មករ និង​អង្គការ​សង្គម​ស៊ីវិល មាន​ប្រតិកម្ម​ខ្លាំង ដោយសារ​តែ​គេ​យល់​ថា ច្បាប់​នេះ​មាន​លក្ខណៈ​រឹតត្បិត​លើ​សេរីភាព​សមាគម​កម្មករ គឺ​ការ​បង្កើត​សហជីព។ បន្ថែម​លើ​នេះ​ទៀត ក្រុម​សហជីព​ចំនួន​១០ បាន​រួម​គ្នា​ស្នើសុំ​ទៅ​គណៈកម្មការ​រដ្ឋសភា ឲ្យ​ពិនិត្យ​កែលំអ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ចំនួន ២១​ចំណុច។ ចំណុច​ចាប់​ផ្ដើម​សំខាន់ គឺ​ការ​កំណត់​ចំនួន​សមាជិក ដើម្បី​បង្កើត​សហជីព។

ប្រធាន​ពី​តំណាង​គណៈកម្មការ​ចំពោះ​កិច្ច​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បញ្ជាក់​បន្ថែម​ថា មាត្រា​៣ ស្ដីពី​វិសាលភាព​ច្បាប់​នេះ​ដែល​និយាយ​ផ្ដោត​តែ​លើ​កម្មករ​រោងចក្រ​នោះ គឺ​ខាង​សហជីព​កម្មករ​សុំ​ឲ្យ​ដាក់​បញ្ចូល​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផង ជាពិសេស​កម្មករ​បម្រើ​ការងារ​តាម​ផ្ទះ។ លោក​បន្ត​ថា គណៈកម្មការ​យល់​ស្រប​គ្នា​លើ​ចំណុច​សំខាន់​ថា គួរ​តែ​មាន​ច្បាប់​មួយ​ទៀត​សម្រាប់​ការពារ​កម្មករ​តាម​ផ្ទះ ព្រោះ​ច្បាប់​សហជីព​នេះ​ផ្ដោត​តែ​លើ​កម្មករ​ប្រមូល​ផ្ដុំ៖ «ហើយ​យើង​ថា ជំរុញ​រៀបចំ​ឲ្យ​មាន​ច្បាប់​យ៉ាង​ណា អា​នោះ​គឺ​ជា​ចំណុច​ដែល​យើង​ធ្វើ​បន្ត ក៏ប៉ុន្តែ​ព្រមព្រៀង​ថា កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គឺ​មាន​សិទ្ធិ​ចូល​ជា​សមាជិក​បាន។ អា​ហ្នឹង​ខ្ញុំ​ថា យើង​នឹង​រក​មាត្រា​ដទៃ​ទៀត ដើម្បី​យើង​បន្ថែម​នៅ​ក្នុង​ចំណុច​នេះ ព្រោះ​ចំណុច​នេះ​សំខាន់​ណាស់ ព្រោះ​ខាង​សហជីព​ទាមទារ​ថា យ៉ាង​ហោច​ណាស់​ឲ្យ​គ្នា​មាន​សិទ្ធិ​ចូល​សហជីព​ដែរ ដើម្បី​ឲ្យ​មាន​អង្គការ​មួយ​ជួយ​ការពារ​គ្នា។ ឧទាហរណ៍ គ្នា​នៅ​រប៉ាត់រប៉ាយ ហើយ​គេ​ធ្វើ​បាប​មិន​ទៅ​ពឹង​នរណា យ៉ាង​ហោច​ណាស់​គាត់​សមាជិក​ទៅ គឺ​សហជីព​អាច​ជួយ​គាត់​បាន។ នេះ​ជា​ចំណុច​នៃ​មាត្រា​៣»

លោក​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​លក្ខខណ្ឌ​ចុះ​បញ្ជី​សហជីព​ដែល​ពី​មុន​តម្រូវ​ឲ្យ​មាន​អាសយដ្ឋាន​សៀវភៅ​ធនាគារ​នោះ គឺ​ឥឡូវ គណៈកម្មការ​ចំពោះ​កិច្ច​នេះ​ព្រមព្រៀង​គ្នា​ផ្ដល់​យោបល់​ថា យក​ត្រឹម​តែ​អាសយដ្ឋាន​ទីតាំង​សហជីព​ទេ ប៉ុន្តែ​លោក​ថា ចំណុច​នេះ​ត្រូវ​កែ​ពាក្យ​ឲ្យ​ច្បាស់។ ទាក់ទង​នឹង​តម្រូវ​ឲ្យ​បញ្ជូន​បញ្ជី​ហិរញ្ញវត្ថុ​សហជីព​ទៅ​ក្រសួង​នៅ​ក្នុង​រយៈពេល ៣០​ថ្ងៃ​នោះ បាន​កែ​ទៅ​ជា ៤៥​ថ្ងៃ។ ចំណុច​នេះ គឺ​គណៈកម្មការ​នឹង​ត្រូវ​រង់ចាំ​ការ​ឆ្លើយ​តប​ពី​ក្រុម​សហជីព​ទៀត។

លោក សុន ឆ័យ ឲ្យ​ដឹង​ថា ចំណុច​សំខាន់​មួយ​ទៀត​ដែល​នៅ​មិន​ទាន់​មាន​ឯកភាព​គ្នា គឺ​មាត្រា​១៣។ មាត្រា​នេះ គឺ​និយាយ​អំពី​ការ​សម្រេច​ធ្វើ​កូដកម្ម​របស់​កម្មករ តម្រូវ​ឲ្យ​សហជីព​ទទួល​សំឡេង​ពី​សមាជិក​ចូលរួម​ប្រជុំ​យ៉ាង​តិច​ចំនួន ៥០% បូក ១ ទើប​ធ្វើ​បាន។ សមាជិក​គណៈកម្មការ​ពី​គណបក្ស​សង្គ្រោះ​ជាតិ យល់​ថា ការ​កំណត់​បែប​នេះ​ជា​ការ​ពិបាក​អនុវត្ត​សម្រាប់​សហជីព ដែល​មាន​សមាជិក​រាប់​ម៉ឺន​នាក់។

ចំពោះ​ចំណុច​ស្នើសុំ​របស់​សហជីព​លើ​សេចក្ដី​ព្រាង​ច្បាប់​សហជីព​ដែល​នៅ​សេសសល់ គណៈកម្មការ​ចំពោះ​កិច្ច​នឹង​ប្រជុំ​ពិភាក្សា​គ្នា​ទៀត​នៅ​ថ្ងៃ​ទី​១៣ មករា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles