ដោយ៖ លី បេឡា | ថ្ងៃចន្ទ ទី4 មករា 2016
http://vodhotnews.com
មន្រ្តីសង្គមស៊ីវិលឲ្យដឹងថាតំណាងសហគមន៍ដីធ្លីជនជាតិដើមភាគតិចម្នាក់នៅខេត្តព្រះវិហារ ត្រូវបានអាជ្ញាធរចាប់ខ្លួននៅព្រឹកថ្ងៃចន្ទនេះ ក្រោយពីប្រជាពលរដ្ឋតវ៉ាជាងមួយសប្តាហ៍មកហើយ ដោយទាមទារឲ្យអាជ្ញាធរខេត្តដោះស្រាយបញ្ហាដីធ្លី។
ប្រជាពលរដ្ឋជនជាតិដើមភាគតិចមកពីស្រុកចំនួន២គឺស្រុករនិងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារបាននាំគ្នាតវ៉ា ដោយមានអ្នកខ្លះដេកសម្រាកនៅមុខសាលាខេត្ត តាំងពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៥ ដោយទាមទាឲ្យអាជ្ញាធរបញ្ឈប់សកម្មភាពក្រុមហ៊ុនចិនឈ្មោះឡានហ្វេង។ ប្រជាពលរដ្ឋចោទថាក្រុមហ៊ុននោះបានឈូសឆាយដីពួកគាត់តាំងពីឆ្នាំ២០១២។
នៅព្រឹកថ្ងៃនេះ ប្រជាពលរដ្ឋប្រមាណ១០០នាក់បានបន្តការតវ៉ារបស់ពួកគេ។ មន្រ្តីសិទ្ធិមនុស្សឲ្យដឹងថាខណៈដែលពលរដ្ឋបន្តការតវ៉ានោះ តំណាងសហគមន៍ម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅផ្សារមួយក្នុងស្រុករវៀង។
មន្រ្តីសម្របសម្រួលសិទ្ធិមនុស្សរបស់សមាគមអាដហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ បានឲ្យដឹងថាតំណាងសហគមន៍ជនជាតិដើមភាពតិចដែលត្រូវបានចាប់ខ្លួននោះ ឈ្មោះ វង្ស សុខេងលី អាយុ៤៨ឆ្នាំ មកពីឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ។ លោកបន្ថែមថាពលរដ្ឋម្នាក់នោះត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់ស្នងការខេត្តនៅម៉ោងប្រមាណជិត៩ព្រឹក។ លោកមិនទាន់អាចបញ្ជាក់ពីមូលហេតុនៃការចាប់ខ្លួននេះនៅឡើយទេ។
លោកបន្ថែមថា៖ “ការដែលមានការចាប់ខ្លួនតំណាងនេះមិនមែនជារឿងល្អនោះទេ យើងបើនាំគ្នារកដំណោះស្រាយដូចជាយើងប្រជុំកាលពីព្រឹកមិញនោះ គឺយើងមិនត្រូវមានការចាប់ខ្លួនទេ គឺយើងត្រូវមានការដោះស្រាយដោយសន្តិវិធី យកបញ្ហាដាក់លើតុហើយជជែកគ្នាដូចព្រឹកមិញល្អ”។
លោកបន្ថែមថាមកដល់ពេលនេះប្រជាពលរដ្ឋបានប្រើប្រាស់គោយន្តរបស់ពួកគាត់ប្រមាណជិត១០គ្រឿងដើម្បីបិទផ្លូវតវ៉ាឲ្យមានការដោះលែងគ្នារបស់ពួកគាត់។ លោកបារម្ភថាការចាប់ខ្លួននេះអាចនឹងបណ្ដាលឲ្យមានផ្ទុះកំហឹងពីប្រជាពលរដ្ឋ។
អ្នកតវ៉ាដីធ្លីម្នាក់អ្នកស្រី នួន ម៉ុន បានឲ្យដឹងថាប្រជាពលរដ្ឋប្រមាណ១០០នាក់នឹងបន្តការតវ៉ារហូតដល់អាជ្ញាធដោះលែងតំណាងរបស់ពួកគាត់មកវិញ។ អ្នកស្រីបញ្ជាក់ថាការចាប់ខ្លួននោះអាចមកពីលោក វង្ស សុខេងលី ជាអ្នកចេញមុខដឹកនាំឲ្យមានការតវ៉ា។
ស្នងការនគរបាលខេត្តព្រះវិហារ លោក ស៊ី គិរី បដិសេធថាអាជ្ញាធរមិនបានចាប់ខ្លួនប្រជាពលរដ្ឋណាម្នាក់នោះទេ។ លោកបន្ថែមថាបើសិនជាមានដីកាពីតុលាការ ទើបមានការចាប់ខ្លួន។ លោកបញ្ជាក់ថា៖ “អត់មានការចាប់ខ្លួនទេ បើមាន មានដីកាពីតុលាការបានគេចាប់”៕
សរសេរមកកាន់លោក លី បេឡា តាមរយៈbela@vodhotnews.com