បុគ្គលិកកាពីតូល​បន្ត​តវ៉ា​ ខណៈក្រុមហ៊ុន​ប្តឹងករណីនេះទៅតុលាការ​

ដោយ៖​ ឃុត សុគន្ធ​ | ថ្ងៃចន្ទ ទី4 មករា 2016, 05:02 PM
http://vodhotnews.com

បុគ្គលិកក្រុមហ៊ុនកាពីតូលប្រមាណ៥០នាក់ នៅព្រឹកថ្ងៃចន្ទនេះ បន្តការតវ៉ារបស់ពួកគេ ដោយទាមទារឲ្យថៅកែក្រុមហ៊ុនទទួលយកពួកគេចូលធ្វើការវិញ ខណៈក្រុមហ៊ុន​បាន​ប្តឹងករណីនេះទៅតុលាការ។​

បុគ្គលិកក្រុមហ៊ុនកាពីតូលបានតវ៉ាតាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥។ ការតវ៉ានៅព្រឹកនេះ ពួកគេ​បាន​លើកបដានៅមុខក្រុមហ៊ុននិង ស្រែកអំពាវនាវកុំឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងកាពីតូល ដោយពួកគាត់អះអាងថាក្រុមហ៊ុនបានរំលោភសិទ្ធិពួកគាត់និងមិនគោរពតាមច្បាប់ការងារ។

អ្នកបើកបររថយន្តម្នាក់ លោក ថេប វុទ្ធី ប្រាប់អ្នកសាព័ត៌មានថាលោកបានបើកបររថយន្តឲ្យក្រុមហ៊ុនកាពីតូលរយៈពេលជិត១០ឆ្នាំមកហើយ។ លោកបន្តថាលោកត្រូវបានក្រុមហ៊ុនគាបសង្កត់ដូចជាធ្វើការគ្មានថ្ងៃសៅរ៍អាទិត្យ គ្មានថ្ងៃបុណ្យ គ្មានច្បាប់ប្រចាំឆ្នាំនិងមិនបានផ្តល់លុយអត្ថប្រយោជន៍ផ្សេងៗជូនពួកគាត់។ លោកបន្ថែមថាក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកដោយគ្មានមូលហេតុ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំបម្រើការងារនៅក្រុមហ៊ុននេះរយៈពេល៩ឆ្នាំហើយ ក្រុមហ៊ុនកន្លងមកមិនគោរពច្បាប់ការងារ រំលោភសិទ្ធិបុគ្គលិកនយោជិកខ្លួនឯង…ដូច្នេះហើយគឺខ្ញុំមានតែសំណូមពរ ពុកម៉ែបងប្អូនមាមីងដែលជាអ្នកស្រលាញ់យុត្តិធម៌ឈប់ជិះឡានកាពីតូល ដើម្បីដាក់សំពាធឲ្យក្រុមហ៊ុនដោះស្រាយជូនពួកខ្ញុំ”

ក្នុងការតវ៉ានោះក៏មានការយាមកាមពីសំណាក់សមត្ថកិច្ចប្រមាណ២០នាក់និងក្រុមកង់បីដែលគាំទ្រក្រុម ហ៊ុនប្រមាណ២០នាក់ដែរ។ ពួកគេមិនឲ្យក្រុមអ្នកបើកបរតវ៉ាក្នុងបរិវេណក្រុមហ៊ុន។ ពុំមាន ការប៉ះទង្គិចណាមួយកើតឡើងនោះទេ។

អ្នករត់កង់បីម្នាក់ដែលអះអាងថាឈ្មោះ សម្បត្តិ និងអ្នកការពារក្រុមហ៊ុន ប្រាប់វីអូឌីថាក្រុមអ្នករត់កង់បីមិនហាមឃាត់ការតវ៉ារបស់អ្នកបើកបររថយន្តនោះទេ ប៉ុន្តែលោក​ថា​អ្នកតវ៉ាមិនត្រូវបានអនុញ្ញាតឈរតវ៉ាក្នុងបរិវេណក្រុមហ៊ុន ដោយលោកថាធ្វើឲ្យ​មាន​ការ​​កកស្ទះនិងប៉ះពាល់ដល់ការរកស៊ីរបស់ក្រុមអ្នករត់កង់បី។ លោកនិយាយថា៖ “ខ្ញុំមិនឲ្យគាត់(ក្រុមអ្នកបើកបររថយន្ត)មកតវ៉ានៅលើនេះដាច់ខាត(ក្នុងបរិវេណក្រុមហ៊ុន)ខ្ញុំរកស៊ីនៅទីនេះ ខ្ញុំត្រូវការពារទីនេះ បើគាត់មកបិទឡានមិនឲ្យចេញពួកខ្ញុំរកប្រាក់ចំណូលម៉េច បានអញ្ចឹងពួកខ្ញុំត្រូវការពារឆ្នាំងបាយពួកខ្ញុំ ហើយគ្នាខ្ញុំមាននៅទីនេះជាង១០០នាក់ណាបង

កម្មករបានបញ្ឈប់ការតវ៉ានៅម៉ោងប្រមាណ១២ថ្ងៃត្រង់ ដោយពួកគេប្រាប់ថានឹងបន្តការតវ៉ានៅថ្ងៃអង្គារស្អែកនេះ​ទៀត។

លោក ហូ កុវណ្ណ ដែលអះអាងថាជាតំណាងក្រុមហ៊ុន ប្រាប់វីអូឌីនៅរសៀលថ្ងៃចន្ទនេះ​ថាការបន្តការតវ៉ារបស់ក្រុមអ្នកបើកបរនេះជាសិទ្ធិរបស់ពួកគេ។ លោកបន្តថាក្រុមហ៊ុនបានដាក់ពាក្យបណ្តឹងទៅតុលាការរួចហើយ រង់ចាំតែការកោះហៅដើម្បីដោះស្រាយ។

អ្នកបើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​ម្នាក់ ​លោក គង់ ប៊ុនធឿន ប្រាប់វីអូឌីថាលោកមិនបានដឹងពីការប្តឹងរបស់ក្រុមហ៊ុននោះទេ។ លោក​បន្តថា​ក្រុមអ្នកបើកបរទាំងអស់មិនបានប្រព្រឹត្តខុសអ្វីនោះទេ។

នាយកចាត់ការទូទៅក្រុមហ៊ុន លោក ផាន់ សុភាព ធ្លាប់លើកឡើងថាក្រុមហ៊ុនបញ្ឈប់អ្នកបើកបររថយន្តទាំងនោះដោយសារពួកគេប្រព្រឹត្តខុសបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន ដូចជាលួចដាក់ភ្ញៀវតាមផ្លូវ និងកំហុសផ្សេងៗទៀត។ លោកបញ្ជាក់ថាហ៊ុនមិនអាចយកអ្នកបើកបរទាំងនោះចូលធ្វើការងារវិញបានទេ។

លោកនិយាយថា៖ “មូលហេតុបញ្ឈប់ដោយសារអ្នកបើកបរមួយចំនួនបង្កបញ្ហានៅក្នុងក្រុមហ៊ុន ទី១មិន ដឹកភ្ញៀវតាមតាមការចាត់តាំងរបស់ក្រុមហ៊ុនទេ ទី២ដាក់ភ្ញៀវតាមផ្លូវយកលុយខ្លួនឯង ទី៣ទៀត គាត់ឈ្លោះគ្នានិងបង្កបញ្ហាជាមួយសាខារបស់ក្រុមហ៊ុនតាមខេត្ត។ អញ្ចឹងមូលហេតុទាំងបីហ្នឹងហើយ ដែលពួកយើងបញ្ឈប់ពួកគាត់”

អនុប្រធានសហព័ន្ធវិស័យដឹកជញ្ជូនកម្ពុជា លោក និន កុសល ដែលដឹកនាំការតវ៉ានេះមានប្រសាសន៍ថាមូលហេតុដែលថៅកែក្រុមហ៊ុនកាពីតូលបញ្ឈប់អ្នកបើកបររថយន្តទាំងនោះ ដោយសារពួកគេចូលរួមបង្កើតសហសជីពនៅក្នុងក្រុមហ៊ុន។ លោកចាត់ទុកការធ្វើបែបនេះគឺជាការរើសអើងសហជីព ដែលលោកអះអាងថាជាការរំលោភច្បាប់ការងារនិងសិទ្ធិរបស់កម្មករនិយោជិក។

លោកនិយាយថា៖ “បើថាពួកគាត់(ប្រធានក្រុមហ៊ុន)ពិតជាមិនបានរំលោភច្បាប់ទេ ហៅមេធាវី តុលាការ តំណាងក្រសួងការងារមកនិយាយគ្នាដោះស្រាយទល់មុខ ដើម្បីនិយាយវែកញែកផ្លូវច្បាប់ ចរចាមុខអ្នកសាព័ត៌មាន មិនចាំបាច់ថាអ្នកនេះខុសអ្នកនោះខុសទេ”

គួររំឮកថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៥នេះ បុគ្គលិកក្រុមហ៊ុនទេសចរណ៍កាពីតូលបានបាតុកម្មម្តងរួចមកហើយ ដើម្បីទាមទារទាមទារឲ្យថៅកែក្រុមហ៊ុនទទួលយកអ្នកបើកបររថយន្ត៥នាក់ឲ្យចូលធ្វើការវិញ ដោយអះអាងថាអ្នកទាំង៥ត្រូវបានក្រុមហ៊ុនបញ្ឈប់ដោយសារចង់បង្កើតជាសហជីព។ ទោះយ៉ាងណា ភាគីក្រុមហ៊ុនបាននៅតែអះអាងថាក្រុមហ៊ុនបញ្ឈប់អ្នកបើករថយន្តទាំង៥នាក់ដោយសារពួកគាត់បានរំលោភបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន៕

សរសេរមកកាន់លោក​ ឃុត សុគន្ធ​ តាមរយៈ sokun@vodhotnews.com


បុគ្គលិកក្រុមហ៊ុនកាពីតូលបន្តការតវ៉ាដោយអំពាវនាវឲ្យអតិថិជនឈប់ជិះរថយន្តក្រុង (វីដេអូ)

ដោយ៖​ សីហា​ | ថ្ងៃចន្ទ ទី4 មករា 2016
http://vodhotnews.com

បុគ្គលិកក្រុមហ៊ុនកាពីតូលបន្តការតវ៉ាដោយអំពាវនាវឲ្យអតិថិជនឈប់ជិះរថយន្តក្រុង (វីដេអូ)

What Next?

Recent Articles