ដោយ៖ ញឹម សុខន | ថ្ងៃចន្ទ ទី4 មករា 2016, 04:18 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សរិះគន់កម្លាំងចម្រុះរបស់សាលារាជធានីភ្នំពេញដែលចុះបំបែកក្រុមអ្នកចូលរួមប្រារព្ធខួប២ឆ្នាំនៃព្រឹត្តិការណ៍បាញ់សម្លាប់កម្មករនៅលើផ្លូវវ៉េងស្រេងពួកគេថាវិធានការនោះអាចធ្វើឲ្យជនដៃដល់បន្តរស់នៅក្រៅសំណាញ់ច្បាប់។
កាលពីថ្ងៃទី៣មករាម្សិលមិញសមត្ថកិច្ចរាប់រយនាក់ប្រដាប់ដោយខែលនិងដំបងឆក់បានបំបែកក្រុមគ្រួសារជនរងគ្រោះ ព្រះសង្ឃ មន្ត្រីសង្គមស៊ីវិលមិនឲ្យប្រមូលផ្ដុំគ្នាធ្វើពិធីបង្សុកូលរំឭកខួប២ឆ្នាំដល់អ្នកស្លាប់ដោយសារតែចេញតវ៉ាទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារ ដែលការបំបែកនោះអាជ្ញាធរអះអាងថាដើម្បីការពារសណ្ដាប់ធ្នាប់សាធារណៈ។
ជាងនេះទៅទៀតមុនពិធីរំឭកខួបនេះមួយថ្ងៃសាលារាជធានីភ្នំពេញបានចេញលិខិតហាមឃាត់អ្នកចូលរួមមិនឲ្យប្រារព្ធធ្វើពិធីនេះនៅកន្លែងកើតហេតុដោយតម្រូវឲ្យទៅធ្វើនៅវត្តអារាមឬនៅផ្ទះជនរងគ្រោះផ្ទាល់វិញហើយប្រកាសចាត់វិធានការលើជនណាដែលប្រឆាំងនឹងសេចក្តីណែនាំដែលចុះហត្ថលេខាដោយអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស នេះ។
នាយកប្រតិបត្តិរបស់សមាគមធាងត្នោតដែលធ្វើការផ្តោតលើសិទ្ធិដីធ្លីនិងការអភិវឌ្ឍទីក្រុងលោក អ៊ី សារ៉ុម លើកឡើងថា វិធានការរបស់សាលារាជធានីភ្នំពេញនេះមិនឈរលើស្មារតីច្បាប់ធ្វើបាតុកម្មឬច្បាប់រដ្ឋធម្មនុញ្ញទេ។ លោកថាផ្ទុយទៅវិញវិធានការនោះបានបំពានលើសិទ្ធិបញ្ចេញមតិដោយសន្តិវិធីនិងជំនឿសាសនា។
លោក អ៊ី សារ៉ុម អះអាងទៀតថាវិធានការរបស់កម្លាំងចម្រុះនេះអាចជាការបិទបាំងនូវចំនុចខ្សោយរបស់ខ្លួនដែលមកដល់ពេលនេះស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលមិនទាន់បានវែកមុខជនដៃដល់មកផ្តន្ទាទោសបាននៅឡើយ។ លោកបានបន្តថា៖ “ខ្ញុំយល់ឃើញថាវាជាហេតុផលមួយដែលគាត់ចង់ឲ្យបំភ្លេចនូវហេតុការណ៍ដែលគាត់ចង់ឲ្យភ្លេចព្រឹត្តិកាណ៍កាលដែលកើតហេតុពីពីរឆ្នាំមុន។ ការដែលក្រុមគ្រួសារ(ជនរងគ្រោះ)ឬក្រុមអង្គការសង្គមស៊ីវិលដែលគាត់ចង់ធ្វើ(ប្រារព្ធខួប)នៅឯណាជាសិទ្ធិរបស់គាត់ករណីកើតហេតុបាញ់សម្លាប់កាលពីឆ្នាំ២០១៤គឺនៅកន្លែងហ្នឹង(ផ្លូវវ៉េងស្រេង)។ អញ្ចឹងបើយើងក្រលេកមើលរូបភាពជុំវិញពិភពលោកគេយកកម្រងផ្កាទៅដាក់កន្លែងមនុស្សដែលត្រូវបានគេសម្លាប់ឬស្លាប់អីជាដើម”។
នៅថ្ងៃទី៣ខែមករាឆ្នាំ២០១៤កម្មករ៥នាក់ត្រូវកម្លាំងចម្រុះបាញ់សម្លាប់ ជិត៤០នាក់បាញ់ឲ្យរងរបួស និងជាង២០នាក់ផ្សេងទៀតត្រូវចាប់ខ្លួននៅពេលពួកគេរាប់ពាន់នាក់តវ៉ាទាមទារប្រាក់ឈ្នួលនៅលើផ្លូវវ៉េងស្រេងជិតសួនឧស្សាហកម្មកាណាឌីយ៉ា ក្នុងរាជធានីភ្នំពេញ។ ការបាញ់ប្រហារនោះកើតឡើងស្របការតវ៉ានោះបានផ្ទុះហិង្សាគប់ដំថ្មទៅលើកម្លាំងចម្រុះដែលចុះបង្ក្រាប។
នាយកមជ្ឍមណ្ឌលសម្ព័ន្ធភាពការងារនិងសិទិ្ធមនុស្សលោក មឿន តុលា អះអាងថាច្បាប់ធ្វើបាតុកម្មនិងរដ្ឋធម្មនុញ្ញបានធានាពីសិទ្ធិពលរដ្ឋក្នុងការជ្រើសរើសទីតាំងដើម្បីប្រារព្ធពិធីបែបសាសនានេះ។ លោកយល់ថាការបង្រ្កាបរបស់សមត្ថកិច្ចនេះ អាចជាការលាក់បាំងព្រឹត្តិការណ៍បង្ហូរឈាមកម្មករនាពេលកន្លងទៅច្រើនជាង។ លោកបន្ថែមថា៖ “យើងគិតមើលសម្តេចនាយក? នៅពេលដែលកូនគាត់ស្លាប់ហើយបញ្ចុះនៅស្រុកមេមុត(ខេត្តត្បូងឃ្មុំ)នោះរឿងអីគាត់ទៅធ្វើនៅកន្លែងហ្នឹង(ប្រារព្ធពិធីបែបសាសនា)មិនអញ្ចឹង? អញ្ចឹងការលើកឡើងរបស់សាលាក្រុងហ្នឹងគ្រាន់តែជាលេសទេ!។ ខ្ញុំគិតថាសាលាក្រុងគួរតែគិតឡើងវិញព្រោះការធ្វើម្សិលមិញនេះ(ប្រើកម្លាំងបំបែក)គឺបង្ហាញមុខមាត់អាក្រក់ឬធ្វើឲ្យអាប់អោនមុខមាត់ប្រទេសកម្ពុជាហើយ”។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូលោក អំ សំអាត ដែលតាមដានករណីនេះបង្ហាញការសោកស្តាយពីវិធានការចុះបំបែករបស់កម្លាំងសាលារាជធានីភ្នំពេញនេះដោយលោកចាត់ទុកថាជាទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែលលោកថាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់រដ្ឋាភិបាលសម្រាប់ការក្រកួតប្រជែងការបោះឆ្នោតខាងមុខ។ លោកបន្តទៀតថា៖ “យើងគិតថាវាជាការធ្ងន់ធ្ងណាស់(រំលោភសិទ្ធិមនុស្សធ្ងន់ធ្ង)ពីព្រោះថាអានេះ(ប្រារព្ធពិធីបំងស្សុកូល)តាមបែបសាសនា។ ពីព្រោះកម្ពុជាយើង៩០%កាន់សាសនាព្រះពុទ្ធ។ អញ្ចឹងពិធីបែបសាសនាវាជារឿងជំនឿរបស់ប្រជាពលរដ្ឋ។ អញ្ចឹងមិនត្រឹមតែបិទសិទ្ធិសេរីភាពទេ បិទទាំងសិទ្ធិចូលរួមបែបពុទ្ធសាសនាទៀត”។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ អះអាងថាអ្នកចូលរួមប្រារព្ធពិធីនោះមិនបានជូនដំណឹងដល់សាលារាជធានីភ្នំពេញទេទើបមានការបំបែក។
ទោះជាយ៉ាងណាក្រុមអង្គការសង្គមស៊ីវិលអះអាងថាពិធីបែបជំនឿសាសនានេះច្បាប់មិនតម្រូវឲ្យមានការសុំការច្បាប់ឬជូនដំណឹងទៅអាជ្ញាធរទេកុំឲ្យតែពិធីបួងសួងឬការប្រារព្វពិធីនោះបង្កឲ្យមានផលប៉ះពាល់ដល់សន្តិសុខសង្គមឬបង្កហិង្សាដល់អ្នកដទៃ៕
សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
