សហគមន៍​ទំនាស់​ដីធ្លី​យក​គោយន្ត​បិទ​ផ្លូវ​ចូល​សាលា​ខេត្ត​ព្រះវិហារ​ជាច្រើន​ម៉ោង

ដោយ ហង្ស សាវយុត
2016-01-04
RFA

ជម្លោះ​ដី ព្រះវិហារ ៦២០
ក្រុម​សហគមន៍​ជនជាតិ​ភាគ​តិច​កួយ មក​ពី ៣​ភូមិ ក្នុង​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ លើក​គ្នា​មក​រារាំង​ក្រុមហ៊ុន​ចិន ឈ្មោះ ឡានហ្វេង មិន​ឱ្យ​ឈូស​ឆាយ​ពង្រីក​ដី​សម្បទាន​ប៉ះ​លើ​ដី​ស្រែ​ចម្ការ​របស់​ពួកគេ កាល​ពី​ថ្ងៃ​ទី​៣០ ធ្នូ ២០១៤។ Provided Photo


អាជ្ញាធរ​ខេត្ត​ព្រះវិហារ សុខ​ចិត្ត​ជួប​ប្រជុំ​ជាមួយ​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៤ ខែ​មករា ដើម្បី​បញ្ចប់​ការ​ដេក​តវ៉ា​របស់​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​នៅ​មុខ​សាលា​ខេត្ត​ព្រះវិហារ រយៈពេល ៨​ថ្ងៃ​មក​ហើយ​នោះ។

ការ​ជួប​ចរចា​ជាច្រើន​ម៉ោង គឺ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​សន្យា​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៥​ចំណុច ដូចជា ចុះ​ទៅ​ពិនិត្យ​ព្រំ​ប្រទល់​ដី​ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ ឲ្យ​ច្បាស់លាស់ ចាប់​ផ្ដើម​ធ្វើ​ផែនទី​បឋម​មួយ ដើម្បី​ឈាន​ទៅ​រក​ការ​ចុះ​បញ្ជី​ដីធ្លី​ជា​សមូហភាព​ជូន​ជនជាតិ​ដើម​ភាគ​តិច ជាដើម។ បន្ទាប់​ពី​ការ​ជួប​ចរចា​មក គឺ​ស្ថានការណ៍​តឹងតែង​បាន​កើត​មាន​ជា​ថ្មី ដោយសារ​តែ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​តំណាង​សហគមន៍​ដីធ្លី​ម្នាក់​មក​ពី​ស្រុក​រវៀង។

សហគមន៍​ទំនាស់​ដីធ្លី​ដែល​មក​ពី​ច្រើន​ស្រុក បាន​ប្រើ​គោយន្ត​ចំនួន ៦​គ្រឿង ដាក់​ពាំង​បិទ​ផ្លូវ​នៅ​មុខ​សាលា​ខេត្ត​ព្រះវិហារ មិន​ឲ្យ​មន្ត្រី​ចេញ​ចូល​ជាច្រើន​ម៉ោង ចាប់​តាំង​តែ​ពី​វេលា​ម៉ោង​ប្រមាណ ១០​ព្រឹក រហូត​ដល់​ម៉ោង​ជាង ២​រសៀល ថ្ងៃ​ច័ន្ទ ទី​៤ ខែ​មករា។

ស្ថានការណ៍​តវ៉ា​ដ៏​តឹងតែង​នេះ បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​តំណាង​សហគមន៍​ទំនាស់​ដីធ្លី​ម្នាក់​មក​ពី​ស្រុក​រវៀង នៅ​ក្នុង​ពេល​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ កំពុង​ជួប​ចរចា​ជាមួយ​មន្ត្រី​សាលា​ខេត្ត។

តំណាង​សហគមន៍​ទំនាស់​ដីធ្លី​ម្នាក់​មក​ពី​ស្រុក​ឆែប គឺ​លោក ដារី។ លោក​មាន​ប្រសាសន៍​ថា កាល​ពី​វេលា​ម៉ោង​ជាង ៩​ព្រឹក​ថ្ងៃ​ច័ន្ទ សមត្ថកិច្ច​បាន​ឆ្មក់​ទៅ​ចាប់​ខ្លួន​តំណាង​សហគមន៍​ទំនាស់​ដីធ្លី​ម្នាក់​ឈ្មោះ វង្ស សុខេងលី មក​ពី​ស្រុក​រវៀង។ ប៉ូលិស​បាន​ចាប់​ខ្លួន​តំណាង​សហគមន៍​នោះ នៅ​ពេល​ដែល​គាត់​ដើរ​ចេញ​ពី​ហ្វូង​អ្នក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត ហើយ​ទៅ​ផ្សារ​ដើម្បី​រក​ទិញ​អាហារ​ពេល​ព្រឹក។ ក្រុម​សហគមន៍ បាន​ផ្ទុះ​កំហឹង​ប្រឆាំង​នឹង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ជា​ថ្មី​ជុំវិញ​រឿង​ចាប់​ខ្លួន​នេះ ហើយ​បាន​យក​គោយន្ត​ជាច្រើន​គ្រឿង​ដាក់​ពាំង​ផ្លូវ​មិន​ឲ្យ​មន្ត្រី​ចេញ​ពី​សាលា​ខេត្ត​បាន​ទេ៖ «គេ​ចាប់​បាត់​ហើយ គាត់​អ្នក​ចេញ​មុខ​ប្រឆាំង​ជាមួយ​អាជ្ញាធរ។ ពួក​ខ្ញុំ​មិន​សុខ​ចិត្ត​ទេ​នេះ កំពុង​តែ​បិទ​មិន​ឲ្យ​មន្ត្រី​ចេញ​ពី​សាលា​ខេត្ត​ទេ»

អភិបាល​រង​ខេត្ត​ព្រះវិហារ លោក ស៊ូ សេរី បដិសេធ​ថា សមត្ថកិច្ច​មិន​បាន​ចាប់​ខ្លួន​តំណាង​សហគមន៍​ណា​ម្នាក់​ដែល​កំពុង​តវ៉ា​រឿង​ដីធ្លី នៅ​មុខ​សាលា​ខេត្ត​នោះ​ទេ។ លោក ស៊ូ សេរី បញ្ជាក់​ថា ពេញ​មួយ​ព្រឹក​ថ្ងៃ​ច័ន្ទ អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​ដោះស្រាយ​បញ្ហា​ដែល​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ មក​ដេក​តវ៉ា​រយៈពេល ៨​ថ្ងៃ​នោះ​រួច​រាល់​អស់​ហើយ គឺ​មិន​មាន​ការ​ចាប់​ខ្លួន​ទេ៖ «រឿង​ហ្នឹង​តាម​ឮ​អត់​មាន​ចាប់​តំណាង​សហគមន៍​ទេ ព្រោះ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​បាន​ជជែក​ត្រូវ​គ្នា​ជាមួយ​អភិបាល​ខេត្ត​អស់​ហើយ»

ទោះ​យ៉ាង​ណា អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ឡោ ចាន់ អះអាង​ថា ពិត​ជា​មាន​ការ​ចាប់​ខ្លួន​តំណាង​សហគមន៍​ទំនាស់​ដីធ្លី​ម្នាក់​មក​ពី​ភូមិ​ឈ្នួន ឃុំ​រួសរាន់ ស្រុក​រវៀង នោះ​មែន។ លោក ឡោ ចាន់ ប្រតិកម្ម​ថា ការ​ចាប់​ខ្លួន​នេះ គឺ​មិន​ស្រប​ទៅ​នឹង​ចំណុច​ដែល​អភិបាល​ខេត្ត​ព្រះវិហារ បាន​សន្យា​ក្នុង​ជំនួប​ជាមួយ​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៤ មករា នេះ​ឡើយ៖ «ក្នុង ៥​ចំណុច​ដែល​ខេត្ត​គាត់​មាន​ផ្ដិត​មេដៃ រួម​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ហើយ​តំណាង​ប្រជាពលរដ្ឋ គឺ​អត់​មាន​ការ​ចាប់​ខ្លួន​ទេ»

ប្រភព​ព័ត៌មាន​ចុង​ក្រោយ​ឲ្យ​ដឹង​ថា កាល​ពី​ម៉ោង​ជាង ២​រសៀល សមត្ថកិច្ច​ខេត្ត​ព្រះវិហារ បាន​សម្រេច​ដោះ​លែង​តំណាង​សហគមន៍​ដីធ្លី​នោះ​វិញ​ហើយ បន្ទាប់​ពី​នាំ​ខ្លួន​ទៅ​សាកសួរ​ជាច្រើន​ម៉ោង ហើយ​ប្រជាពលរដ្ឋ​មាន​ប្រតិកម្ម​តវ៉ា​យ៉ាង​តឹងតែង​មក។ បន្ទាប់​ពី​ដោះ​លែង​តំណាង​សហគមន៍​រួច​មក ទើប​ក្រុម​អ្នក​តវ៉ា​បើក​ផ្លូវ​ឲ្យ​មន្ត្រី​អាច​ចេញ​ចូល​ទៅ​ក្នុង​សាលា​ខេត្ត​ដូច​ធម្មតា​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles