ដោយ៖ ស៊ុន ណារិន | ថ្ងៃចន្ទ ទី4 មករា 2016, 05:38 PM
http://vodhotnews.com
សាលារាជធានីភ្នំពេញប្រកាសបិទផ្លូវនៅម្តុំស្ពានអាកាសតិចណូមួយព្រឹកនៅថ្ងៃអង្គារស្អែកនេះ ដោយសារការរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាននេះជាផ្លូវការ។
សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញចេញផ្សាយនៅថ្ងៃចន្ទនេះឲ្យដឹងថាសាលារាជធានីសហការជាមួយគណៈកម្មការធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិនឹងរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការស្ពានអាកាសនិងផ្លូវក្រោមដីតិចណូនៅថ្ងៃអង្គារស្អែកនេះ ដោយមានការចូលរួមពីនាយករដ្ឋមន្រ្តីនិងភរិយារបស់លោក។
សេចក្តីជូនដំណឹងបន្តថាដើម្បីរក្សាសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ សាលារាជធានីសម្រេចបិទចរាចរណ៍កំណាត់ផ្លូវមហាវិថី គីម អ៊ីលស៊ុង ចាប់ពីរង្វង់មូលទួលគោករហូតដល់ស្ពានអាកាសនិងផ្លូវក្រោមដី ហើយនិងកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីផ្លូវលេខ២២១ដល់ផ្លូវលេខ២៥៣។
បើតាមសេចក្តីជូនដំណឹង ចរាចរណ៍នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ពីកើតទៅលិច ត្រូវបង្វែរតាមផ្លូវនេរុហ៍ ពីលិចទៅកើតត្រូវបង្វែរតាមផ្លូវលេខ២៥៧ មហាវិថីម៉ៅសេទុងពីត្បូងទៅជើង ត្រូវបង្វែរទៅមហាវិថីកម្ពុជាក្រោមនិងមហាវិថី គីម អ៊ីលស៊ុង ពីជើងទៅត្បូង ត្រូវបង្វែរទៅផ្លូវលេខ៦០៨។
គួរបញ្ជាក់ថាស្ពានអាកាសតិចណូត្រូវបានដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្នកាពីថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០១៥។ ស្ពានអាកាសតិចណូជាស្ពានអាកាសទី៤ ដែលមានប្រវែង៣៨២ ម៉ែត្រ ទទឹង១៥ម៉ែត្រ កម្ពស់៥,២ ម៉ែត្រ ត្រូវសាងសង់តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី។ ជាមួយស្ពានអាកាសនេះ ផ្លូវក្រោមដីមួយខ្សែប្រវែង៣៤៦ម៉ែត្រ ទទឹងពី៦ទៅ៨ម៉ែត្រ សង់ក្រោមមហាវិថីសហព័ន្ធរុស្ស៊ីកាត់ពីមហាវិថីម៉ៅសេទុងភ្ជាប់ទៅមហាវិថីគីមអ៊ីលស៊ុងក៏ត្រូវបានដាក់ឲ្យប្រើប្រាស់ផងដែរ។ ការស្ថាបនាស្ពានអាកាសនិងផ្លូវក្រោមដីនេះ ត្រូវចំណាយថវិកាជាង១៤លានដុល្លារ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com