ដោយ៖ វង្ស សុម៉ាលីន | ថ្ងៃអង្គារ ទី5 មករា 2016, 03:40 PM
http://vodhotnews.com
ចំណាត់ការរបស់ក្រសួងព័ត៌មានដែលតម្រូវឲ្យម្ចាស់ទូរទស្សន៍បញ្ចប់ការដាក់ផ្សាយនូវរឿងបរទេស ឬកម្មវិធីបរទេសនៅអំឡុងម៉ោងមាស ត្រូវគេកត់សម្គាល់ឃើញថាត្រូវបានអនុវត្តិដោយប្រសិទ្ធិភាពខ្ពស់ ចាប់តាំងពីថ្ងៃទី១ បើកឆាកខែមករា ក្នុងឆ្នាំ២០១៦មក។ បណ្ដាស្ថានីយទូរទស្សន៍ទាំងអស់ ក្រៅពីសម្ញ៉ែងកម្មវិធីថ្មីៗ ក៏បានបញ្ជាក់ពីការដុតដៃដុតជើងផលិតកម្មរឿងភាគផ្ទាល់ខ្លួន ដើម្បីប្រកួតប្រជែងទីផ្សារផងដែរ។
លោក សេង កដិកា អ្នកគ្រប់គ្រងកម្មវិធីទូទៅប្រចាំនៅទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានអះអាងថា ថ្វីដ្បិតតែក្នុងប៉ុន្មានថ្ងៃនេះ ស្ថាប័នរបស់លោកបានដាក់រឿងចាស់នៅអំឡុងម៉ោងមាស ប៉ុន្តែជំហាននៃការផលិតរឿងគឺបានរៀបរយអស់ហើយ សម្រាប់ប្រកួតប្រជែងជាមួយបណ្ដាស្ថានីយទូរទស្សន៍ទាំងឡាយនោះ។ លោកមានប្រសាសន៍ថា៖ “ឥឡូវហ្នឹងយើងមាន៥-៦រឿងសម្រាប់ចាក់ហើយ អ៊ីចឹងគឺទោះជាត្រូវជ្រើសរើសក្រុមការងារផលិតរឿងក៏មិនចាំបាច់ប្រញ៉ាប់ពេកទេ គឺយើងនឹងរើសទាល់តែបានអ្នកជំនាញទើបចុះថតរឿងហើយធ្វើឲ្យខ្លាំងតែម្ដង”។
ផ្អែកតាមកម្មវិធីដែលបានបង្ហាញកាលពីដើមខែមករា គឺប៉ុស្ដិ៍លេខ៥បានចាក់ផ្សាយរឿង «ឈូកស»ដែលជារឿងល្បីរបស់ខ្លួនកាលពីនៅផលិតរឿងខ្មែរសម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ និងរឿង «ល្មមហើយលោកប្ដី» សម្រាប់ថ្ងៃដើមសប្ដាហ៍នៅម៉ោង៧យប់ ដោយចាប់ពីម៉ោង៨យប់ក៏ចាក់រឿង «ព្រាយខ្លា» ជាប្រភេទរឿងដុំនៅដើមសប្ដាហ៍។
អត្ថបទកំសាន្តផ្សេងទៀត
សម្រាប់យុទ្ធសាស្ត្ររបស់ទូរទស្សន៍ហង្សមាស គឺមិនបានផលិតខ្សែភាពយន្តថ្មីដាក់បញ្ចាំងបើកឆាកដើមឆ្នាំនោះទេ ប៉ុន្តែគេឃើញស្ថាប័នមួយនេះ បង្កើតកម្មវិធី «ហង្សមាស Break News ពេលយប់» បន្តផ្ទាល់នៅអំឡុងម៉ោងមាស។ លោក មាស រិទ្ធី អគ្គនាយករងទូរទស្សន៍ហង្សមាសបានអះអាងថា នេះជាកម្មវិធីរបស់ហង្សមាសដើម្បីប្រកួតប្រជែងទីផ្សារនៅក្នុងដំណាក់កាលដែលហង្សមាសមិនទាន់រំលេចរឿងភាគខ្មែរសម្រាប់ផ្គត់ផ្គង់នៅក្នុងម៉ោងកំណត់នៅឡើយ។ យ៉ាងណាមិញ លោកបានបញ្ជាក់ថា ទូរទស្សន៍ហង្សមាសត្រៀមខ្លួនផលិតយ៉ាងម៉ត់ចត់អស់ហើយ មិនថារឿងភាគខ្មែរ និងកម្មវិធីប្រកួតប្រជែងជាច្រើនទៀត ដើម្បីឲ្យមានប្រជាប្រិយភាពខ្ពស់ក្នុងការវាយលុកទីផ្សារ។ ផ្ទុយទៅវិញ នៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាសនៅឯណោះវិញ នៅចាក់បទចម្រៀងចោលនៅឡើយទេសម្រាប់ម៉ោងមាសដែលត្រូវបានក្រសួងកំណត់នោះ។
នៅលើកញ្ចក់ទូរទស្សន៍ CTV8HD វិញ គេឃើញចាក់បទចម្រៀងចោលតាំងពីថ្ងៃទី១ ខែមករា មកម្ល៉េះ ដោយសារតែហេតុផលផលិតកម្មវិធីសម្រាប់ផ្គត់ផ្គង់មិនទាន់បាន។ ប៉ុន្តែមុននេះបន្តិច គេឃើញស្ថាប័នមួយនេះបានក្រុងពាលីថតរឿង «បំណុលប្រាក់ជំពាក់ស្នេហ៍» ក្រោមការសហការជាមួយផលិតកម្មរស្មីស្ទឹងសែនរួចរាល់អស់ហើយ ដែលខ្សែភាពយន្តខ្មែរថ្មីនេះ គ្រោងនឹងផ្សាយបណ្ដើរៗក្នុងពេលដ៏ខ្លី។
លោក ជាម គន្ធី អ្នកគ្រប់គ្រងកម្មវិធីប្រចាំទូរទស្សន៍ CTV 8HD បានអះអាងថា ការផលិតរឿង និងថតកម្មវិធីថ្មី គឺស្ថាប័នរបស់លោករៀបរយអស់ហើយ ហើយចំពោះការការប៉ះពាល់ក៏មិនមាននោះដែរ ឲ្យតែបណ្ដាស្ថានីយទូរទស្សន៍ទាំងអស់គោរពគោលការឲ្យបានស្មើភាពបានដូចៗគ្នា។ លោកបានថ្លែងថា៖ “កម្មវិធីយើងត្រៀមអស់ហើយទាំងរឿង និងកម្មវិធីផ្សេង ចំណែកស្ពុនស័រក៏អត់មានអីដែរ ឲ្យតែគេធ្វើអញ្ចឹងស្មើគ្នា”។

ងាកមកកាន់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍វិញ គឺបានប្រកាសបើកផលិតកម្មផ្ទាល់ខ្លួន ដើម្បីផលិតរឿងតែម្ដង ដោយមុននេះបន្តិចគឺបានក្រុងពាលីថតរឿង «ភ្លៀងមួយតក់» និងប្រកាសផលិតយ៉ាងហោចឲ្យបាន១០រឿងស្មើនឹង២៥០ភាគ ដើម្បីផ្គត់ផ្គង់ម៉ោងមាសប្រចាំឆ្នាំ២០១៦។ លោកញាណ សុធី មន្ត្រីទំនាក់ទំនងរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍បានអះអាងថា ស្ថាប័នរបស់លោកសុខចិត្តចំណាយទុនរត់ច្បាប់ ទិញកាមេរ៉ា ក៏ដូចជាបំពាក់សម្ភារក្នុងការផលិតកុនតែម្ដង ដើម្បីកុំឲ្យពិបាកទិញរឿងមកពីផលិតកម្មខាងក្រៅ ដែលលោកថាភាគច្រើនគឺមិនមានស្ដង់ដារ។
លោកនិយាយថា៖ “អាស៊ីអាគ្នេយ៍ទិញតែរឿងកាលជំនាន់អម្ពរទេវីទេ សម្រាប់រឿងថ្មីយើងផលិតខ្លួនឯងហ្មង ព្រោះក្រុមការងារយើងខ្លួនឯងអត់ពិបាកទេ បើទាស់ត្រង់ណាជួលតួចុះថតឡើងវិញតែម្ដង អត់មានចេះតែឆិនឆៃដូចទិញរឿងគេទេ”។ ម៉ោងមាសរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍នៅប៉ុន្មានថ្ងៃនេះ គឺដំណើរការចាក់រឿងជំនាន់អ្នកនាង អម្ពរ ទេវី នៅរៀងរាល់សៅរ៍អាទិត្យ និងចាក់រឿងភាគថ្មីនៅសល់ ទម្រាំខ្សែរឿងបើកឆាករបស់ផលិតកម្មអាស៊ីអាគ្នេយ៍អាចដំណើរការចាក់បានបណ្ដើរៗ។

ចំណែកប៉ុស្តិ៍ CTN វិញគឺបានបើកសម្ពោធរឿងថ្មីរបស់ខ្លួនគឺរឿង «រនាថស្នេហ៍» នៅក្នុងម៉ោងមាស។ ស្ថានីយទូរទស្សន៍ទាំងនោះក៏បានប្រកាសពីការចុះថតរឿងថ្មី និងកម្មវិធីថ្មីដើម្បីត្រៀមផ្សាយក្នុងពេលដ៏ខ្លីផងដែរ ដោយបានប្រកាសថាមិនបណ្ដោយឲ្យម៉ោងមាសបន្តផ្សាយកម្មវិធីចាស់ៗ ឬដាក់កម្មវិធីព័ត៌មាននាំឲ្យធ្លាក់ចុះពាណិជ្ជកម្មនោះឡើយ។
នៅលើកញ្ចក់ទូរទស្សន៍PNN នៅដើមសប្ដាហ៍នេះ គេឃើញរំកិលម៉ោងព័ត៌មានមកផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង៧រហូតដល់ម៉ោង៨កន្លះ ដោយបន្តពីម៉ោងព័ត៌មានទៅឃើញដាក់កម្មវិធី «ស៊ីអារម្មណ៍» ដែលជាកម្មវិធីថ្មីស្រឡាងរបស់ខ្លួន។ លោក ឆោម ឆាយា អគ្គនាយករងទូរទស្សន៍ទទួលបន្ទុកព័ត៌មានមិនអាចសុំការបញ្ជាក់បានទេកាលពីថ្ងៃម្សិលមិញ ប៉ុន្តែកន្លងទៅលោកបានបញ្ជាក់ថា ស្ថាប័នរបស់លោកបានត្រៀមសព្វគ្រប់អស់ហើយ ក្នុងការប្រកួតប្រជែងកម្មវិធីទាំងការផលិតរឿង និងកម្មវិធីកម្សាន្តប្លែកៗ។
នៅតាមបណ្ដាស្ថានីយទូរទស្សន៍ផ្សេងទៀតរួមមានETV បាយ័ន ប៉ុស្ដិ៍លេខ៩ និងប៉ុស្ដិ៍លេខ៣ ត្រូវគេឃើញដាក់ផ្សាយកម្មវិធីចម្រៀង និងរឿងចាស់ៗ៕
សរសេរមកលោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com