
រូបថតឯកសារបង្ហាញសកម្មភាពសិស្សវិចិត្រសិល្បៈរៀនគូរគំនូរនៅអំឡុងឆ្នាំ ១៩៦៤។ មជ្ឈមណ្ឌលបុប្ផាណា
Tue, 5 January 2016
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ នាល្ងាចថ្ងៃសុក្រទី ១៥ ខែមករាឆ្នាំ ២០១៦ ខាងមុខនេះ នឹងមានបាឋកថាមួយស្តីពី«បណ្ណសារឌីជីថល និងសោភ័ណកោសល្យវិច័យនៅក្នុងសិល្បៈសហសម័យ» ដែលជាទម្រង់សិក្សាថ្មីមួយ នៃការចងក្រងឯកសារឌីជីថលនៅក្នុងស្នាដៃនៃសិល្បៈសហសម័យ នៅឯមជ្ឈមណ្ឌលបុប្ផាណា ដែលនាំមកជូនដោយគម្រោងសិល្បៈសាសា និងសាសាបាសាក់។
បាឋកថានេះ នឹងធ្វើបទបង្ហាញដោយអ្នកស្រីបណ្ឌិត ប្រ៊ីយ៉ាន ខូហិន (Brianne Cohen) បណ្ឌិតផ្នែកប្រវត្តិសិល្បៈ ពីសាកលវិទ្យាល័យ ភីតស៍ប៊ើកហ៍ (Pittsburgh)។លោក ជា សុភាព នាយករងនៃមជ្ឈមណ្ឌលបុប្ផាណា បានឲ្យដឹងថា៖ «វាគ្មិន នឹងពិនិត្យទៅលើសោភ័ណកោសល្យវិច័យទាក់ទងទៅនឹងស្នាដៃសិល្បៈចំនួនពីរគឺខ្សែភាពយន្ដ The Wave (២០១៣) របស់ Sarah Vanagt និង Katrien Vermiere និង The Vanishing Vanishing-Point របស់ Effi & Amir»។
ខ្សែភាពយន្ដទី ១ សិល្បករជនជាតិ បែលហ្ស៊ិកពីររូប បង្កើតរូបភាពមាន ចលនាចំនួន ៣២០០០ សន្លឹក ដើម្បីកត់ត្រាពីការគាស់រណ្តៅផ្នូររបស់មនុស្សចំនួន ៩ នាក់ដែលត្រូវបានសម្លាប់ដោយអ្នកដឹកនាំផ្តាច់ការ Franco បន្ទាប់ពីសង្គ្រាមស៊ីវិល អេស្ប៉ាញចប់ភ្លាម។ ស្នាដៃជាលទ្ធផលគឺជារូបភាពដ៏រស់រវើក និងគួរឲ្យភ្ញាក់ផ្អើលនៃស្លាកស្នាមផ្នូរនោះ។
ខណៈខ្សែភាពយន្ដទី ២ សិល្បករជនជាតិអីុស្រាអែល ដែលរស់នៅទីក្រុងប្រ៊ុចសែលទាំងពីររូបបានប្រើប្រាស់បច្ចេកទេសរូបភាពឌីជីថលដូចជា Google Earth និង Google Street View ដើម្បីកត់ត្រាការស្លាប់នៃដើមអូលីវមេឌីទែរ៉ាណេ មួយដើម ដែលត្រូវគេគាស់យកមកដាក់ដាំនៅសង្កាត់មួយក្នុងទីក្រុងប្រ៊ុចសែល ព្រោះតែវាមិនអាចទ្រាំនឹងអាកាសធាតុដ៏ត្រជាក់បាន។ ស្នាដៃសិល្បៈទាំងពីរនេះ ប្រើប្រាស់ និងការវិភាគបណ្ណសារឌីជីថល ដើម្បីបង្ហាញឲ្យឃើញនូវកំហុសរបស់រដ្ឋក្នុងការបង្កើតអំពើហិង្សាលើបរិស្ថាន។
បណ្ឌិត ប្រ៊ីយ៉ាន ខូហិន កំពុងសរសេរសៀវភៅ Europe in Common: From Spectatorship to Collectivity in Contemporary Art ដែលវិភាគលើទស្សនវិស័យសិល្បៈនៃអត្តសញ្ញាណអឺរ៉ុបដែលកំពុងផ្លាស់ប្តូរ និងអាស្រ័យលើសម្ព័ន្ធភាពអន្ដរវប្បធម៌ និងឆ្លងតំបន់។
ការងារស្រាវជ្រាវ និងបង្រៀនរបស់អ្នកស្រីមាន ទ្រឹស្តីក្រោយសម័យអាណានិគម ការធ្វើចំណាកស្រុកជុំវិញពិភពលោក សោភ័ណអេកូឡូហ្ស៊ី អំពើហិង្សារបស់រដ្ឋ និងនិមិត្តរូបចក្ខុវិស័យជះឥទ្ធិពលនៃការរើសអើងផ្នែកសង្គម នយោបាយ ឬការចងក្រងជាក្រុម។
អ្នកស្រីបណ្ឌិត និងសហការី និង Alexander Streitberger ក៏បានកែសម្រួលនូវកម្រងអត្ថបទមួយមានចំណងជើងថា The Photofilmic: Entangled Images in Contemporary Art and Visual Culture ដែលនឹងចេញផ្សាយនៅខែមករាឆ្នាំ ២០១៦ នេះដែរ៕
