បុគ្គលិកសណ្ឋាគារនៅសៀមរាបតវ៉ាជាថ្មីឲ្យថៅកែដកអ្នកគ្រប់គ្រង

ដោយ៖​ បូ សាវី​ | ថ្ងៃអង្គារ ទី5 មករា 2016, 04:18 PM​
http://vodhotnews.com

បុគ្គលិកសណ្ឋាគារប្រមាណ៦០នាក់នៅខេត្ដសៀមរាបតវ៉ាជាថ្មីទៀតនៅថ្ងៃអង្គារនេះ​ (ដោយ បូ សាវី)


បុគ្គលិកសណ្ឋាគារប្រមាណ៦០នាក់នៅខេត្ដសៀមរាបតវ៉ាជាថ្មីទៀតនៅថ្ងៃអង្គារនេះ​ឲ្យថៅកែដក​អ្នកគ្រប់គ្រង​ពីរ​នាក់ចេញពីតួនាទីដោយអះ​អាង​ថាថ្នាក់ដឹកនាំទាំងនោះបណ្ដេញ​ពួកគេ​ចេញ​​ពីការ​ងារដោយ​ខុស​​ច្បាប់។

ការតវ៉ានេះធ្វើឡើងបន្ទាប់ពីតំណាងសហជីពបរាជ័យក្នុងការស្វែងរកដំណោះស្រាយ​ជាមួយអាជ្ញាធរ​ខេត្ដសៀមរាបកាលពីថ្ងៃទី៤ខែមករា​ម្សិល​មិញដែលពួកគេទាមទារឲ្យថៅកែជាជនជាតិបារាំង​ទទួល​យក​បុគ្គលិក១៧នាក់ចូលធ្វើការវិញ។

ក្រុមអ្នកតវ៉ាបានឈរផ្ដុំគ្នានៅផ្លូវចូល​សណ្ឋា​គារ​វិចតូរី​យ៉ា​អង្គរស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ក្រុង​សៀម​​រាប ខណៈដែលមានសមត្ថកិច្ច​ប្រមាណ​១០​នាក់​​នៅឃ្លាំមើលការតវ៉ា​នោះ​។

ក្រុមកូដករបានស្រែកតាម​ឧបករណ៍​បំ​​ពង​​​សំឡេងនិងលើកបដាដែលសរសេរថាអ្នកគ្រប់​គ្រង​សណ្ឋាគារមិនត្រូវរើសអើងសហជីពនិង​ឲ្យ​ម្ចាស់​​​សណ្ឋាគារគោរ​ពសេចក្តីរបស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​​ដែល​​បង្គាប់ឲ្យទទួលយកអតីតបុគ្គលិក១៧នាក់ចូល​ធ្វើការវិញ។

តំណាងសហជីពមូលដ្ឋាននិងជាបុគ្គលិកសណ្ឋាគារវិចតូរីយ៉ាអង្គរអ្នកស្រី ចាន់ សុជាតិ​ ថ្លែងថាការ​ទាម​ទារឲ្យថៅកែ​សណ្ឋាគារ​ដក​អ្នក​គ្រប់​គ្រង​ជន​បរទេសពីរនាក់នោះចេញដោយសារថ្នាក់ដឹកនាំទាំងនេះបាន​​បញ្ឈ​​ប់​​បុគ្គលិក​​ពីការងារ​​ដែលអ្នកស្រីថាខុសច្បាប់ការងារ​នៅកម្ពុជា។​ អ្នក​ស្រី​ប​ន្ដ​​ថាអតីតបុគ្គលិក​១៧នាក់ជា​​​សមា​ជិក​​​សហ​ជីព​នៅ​ក្នុងសណ្ឋាគារតាំងពីមុនជនជាតិបារាំងពីររូបនោះចូលមកធ្វើការទៅទៀតអ្នកស្រីបន្ថែម​បន្ទាប់ពីអ្នក​គ្រប់​គ្រងថ្មីចូលធ្វើការងារមកបុគ្គលិក​មាន​​​បញ្ហាជាបន្ដបន្ទាប់។ អ្នកស្រីមាន​ប្រសាសន៍ថា៖ “នៅពេលគាត់ចូលមកធ្វើការនេះភ្លាមគឺគាត់ចាប់ផ្ដើម​ដើរ​អុកឡុក​បុគ្គលិក​ហើយនឹងបញ្ឈប់​ថ្នាក់ដឹកនាំសហជីពទាំងអស់តែម្ដងគឺដោយសារតែគាត់ ពិតប្រាកដគឺ​អ​យុ​ត្ដិ​ធម៌​ ពីព្រោះពួកខ្ញុំមិនបាន​ធ្វើអីដែលខុសឬបំពានច្បាប់ទេពួកយើងធ្វើគ្រប់បែបយ៉ាងទៅតាមច្បាប់ការ​ងា​រ​ដែលបានចែងមកនៅ​ស្រុកខ្មែរយើងនេះប៉ុន្ដែនិយោជកទេដែលគាត់មករកស៊ីនៅស្រុកខ្មែរយើងហើយគាត់បំពានច្បាប់ស្រុកខ្មែរយើងទៀតគាត់គិតថា​ឲ្យតែគាត់មានលុយគាត់ធ្វើម៉េចក៏​បានដែរ

ឆ្លើយតបភ្លាមៗលើករណីនេះមេធាវីការពារឲ្យម្ចាស់សណ្ឋាគារវិចតូរីយ៉ាលោក កៅ ស៊ូផា មានប្រសាសន៍ការបញ្ឈប់បុគ្គលិកទាំងនោះម្ចាស់​សណ្ឋាគារទទួលដោះស្រាយសំណង​តាមច្បាប់​ការ​ងារ​​។ លោក​បញ្ជាក់ថាចំណែកការទាមទារឲ្យដកអ្នកគ្រប់គ្រងពីរនាក់នោះក្រុមហ៊ុន​មិនយល់​ព្រម​តាម​​បាតុ​ករ​​ទេ។ លោកមានប្រសាសន៍ថា៖ ”ពីព្រោះថាអ្នកទាំងពីរនាក់នេះថៅកែជា​អ្នកជួលមិន​មែនបុគ្គលិកទាំងអស់​អ្នកជួល​ទេ គឺថៅកែអ្នកជួលឲ្យមកមើលជាភ្នែកជាច្រមុះរបស់សណ្ឋាគារគេរក​ស៊ីខាត​ចំ​ណេ​ញលើពីរនាក់ហ្នឹង​ហើយជាអ្នកមកជួយមើលហើយបែរ​ជាយើងមិនពេញចិត្ដអ្នកទាំងនោះ យើប្ដឹងដកអញ្ចឹង អាជ្ញាកណ្ដាលយើងអត់ព្រមទេបញ្ហាហ្នឹងគេថាការប្ដឹងរបស់កម្មករអត់ត្រឹមត្រូវ"

ទោះជាយ៉ាងណាប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍និងសេវាកម្ម​កម្ពុ​ជា​ លោ​ក ម៉ម ​រិទ្ធី​ ធ្លាប់មានប្រសាសន៍ថាការ​បញ្ឈប់​បុគ្គលិកនេះជាការរើសអើងសហជីពដែលលោកថារំលោភ​លើ​ច្បាប់ការងារនិងសេចក្ដីបង្គា​ប់​របស់​​ក្រុម​​ប្រឹក្សា​​អាជ្ញាកណ្ដាល​ដែល​សម្រេច​ឲ្យម្ចាស់សណ្ឋាគារ​ទទួល​ពួកគេ​​ចូលធ្វើការវិញ។ ​ប្រធានសហជីព​រូប​នោះ​អះ​​អាង​ថាតា​ម​​ច្បា​ប់ការងារក្រុមហ៊ុនត្រូវផ្ដល់ប្រាក់រំឭក​​ដល់​កម្មករ​ចាប់ពីថ្ងៃបញ្ឈប់។

គួរបញ្ជាក់ថាការផ្ទុះបាតុកម្មតវ៉ានេះបានកើតឡើងតាំងពីថ្ងៃទី២៩ ខែធ្នូ​ឆ្នាំ២០១៥ ដែលមក​ដល់​​ពេល​នេះមានរយៈពេល៨ថ្ងៃមកហើយប៉ុន្ដែ​នៅ​តែ​គ្មានដំណោះស្រាយ៕

សូម​សរសេរ​មក​កាន់​លោក បូ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles