ដោយ ម៉ែន សុធីរ
2016-01-04
RFA

ព្រៃសហគមន៍ដែនជម្រកសត្វ ត្រូវបានគេកាប់នៅចំណុចអូរឆ្កូត ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៥។ RFA/Men Sothyr
ពលរដ្ឋរស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង អះអាងថា ព្រៃសហគមន៍ភ្នំជម្រកសត្វ កំពុងរងការកាប់ឆ្ការយ៉ាងអនាធិបតេយ្យដោយកម្មកររបស់ឈ្មួញជាច្រើនក្រុម។ អ្នកភូមិថា ក្រុមកម្មករទាំងនោះ បានស៊ីឈ្នួលឲ្យឈ្មួញកាប់ព្រៃជាច្រើនខែកន្លងមក ដែលមានអាជ្ញាធរឃុំ និងស្រុកនៅពីក្រោយខ្នង។ បញ្ហានេះអ្នកភូមិសង្ស័យថា មន្ត្រីជំនាញរដ្ឋបាលព្រៃឈើអាចជាប់ពាក់ព័ន្ធសកម្មភាពកាប់ឆ្ការព្រៃសហគមន៍។
ពលរដ្ឋរស់នៅភូមិឆ្វាំង ឃុំសំអាង ឲ្យដឹងនៅថ្ងៃទី៤ ខែមករា ថា ព្រៃសហគមន៍ភ្នំជម្រកសត្វកំពុងរងការកាប់បំផ្លាញធ្ងន់ធ្ងរ បន្ទាប់ពីឈ្មួញមានអំណាចបានឃុបឃិតជាមួយអាជ្ញាធរពាក់ព័ន្ធសម្រុកកាប់ឆ្ការ ដើម្បីយកដីប្រើប្រាស់ជាកម្មសិទ្ធិឯកជន និងធ្វើអាជីវកម្ម។
អ្នកភូមិចោទប្រធានសហគមន៍ដែរថា មិនបានយកចិត្តទុកដាក់ការពារព្រៃសហគមន៍ភ្នំជម្រកសត្វឲ្យមានប្រសិទ្ធភាពឡើយ ថែមទាំងបណ្ដោយឲ្យករណីនេះកើតឡើងដដែល។
ពលរដ្ឋជនជាតិដើមភាគតិចកួយ ថ្លែងសុំមិនបញ្ចេញឈ្មោះ សំដែងក្ដីបារម្ភថា ប្រសិនបើរដ្ឋាភិបាល ឬស្ថាប័នជំនាញមិនអើពើទប់ស្កាត់បទល្មើសព្រៃឈើនោះទេ ព្រៃសហគមន៍ភ្នំជម្រកសត្វមួយផ្នែកធំនឹងត្រូវគ្រប់គ្រងដោយបុគ្គលឯកជន។ លើសពីនេះ សកម្មភាពកាប់ឆ្ការព្រៃសហគមន៍ដើម្បីយកដីធ្វើឡើងជាប្រព័ន្ធ ដោយពួកគាត់ចោទប្រកាន់សមាជិកក្រុមប្រឹក្សាស្រុកថាឡាបរិវ៉ាត់ លោក មឹង រដ្ឋា អាជ្ញាធរឃុំ និងប្រធានសហគមន៍លោក ញៀន ផន គឺជាអ្នកនៅពីក្រោយខ្នង៖ «ឥឡូវសត្វព្រៃរត់អស់ហើយ កាប់ខ្ទេចកាប់ខ្ទី ព្រោះអីដើមឈើទាល មុខមួយឱបៗ ប្រហែលជាឃុបឃិតគ្នា បើលក់ដីបានគេទៅនៅផឹកស៊ី»។
អ្នកភូមិកត់សម្គាល់ថា កម្មករប្រមាណ ៤ ទៅ ៦ក្រុម ក្នុង ១ក្រុមមានគ្នា ៤ ទៅ ៦នាក់ បានបោះតង់ក្នុងព្រៃដើម្បីស៊ីឈ្នួលកាប់ឈើឲ្យអនុប្រធានសហគមន៍ឈ្មោះ ភឿក ស៊ី ឈ្មោះ ភាព និង លួន ជាច្រើនខែកន្លងមក។ លោកថា ក្រុមកម្មករកាប់ឆ្ការព្រៃដោយប្រើរួមមន្តស្បែកខ្លាមួយកន្លែងចាប់ពីជាង ១០ហិកតារ ដល់ជាង ៤០ហិកតារ ត្រង់ចំណុចអូរឆ្កូត ត្រពាំងស្នួល និងចំណុចភ្នំគោលរោល អស់រាប់រយហិកតារ និងបន្តកាប់ឆ្ការនៅកន្លែងផ្សេងទៀតក្នុងព្រៃសហគមន៍ ដែលអ្នកភូមិឮសំឡេងម៉ាស៊ីនត្រង់ស៊ីន័រ កំពុងអារស្ទើររាល់ថ្ងៃ។ មួយវិញទៀត បន្ទាប់ពីកាប់ឆ្ការព្រៃក្លាយជាវាល ក្រុមឈ្មួញបានជួលកម្មករដាំដំឡូងមី និងហ៊ុមព័ទ្ធរបង ព្រមទាំងចរចាជាមួយអាជ្ញាធរឃុំដើម្បីធ្វើប្លង់កាន់កាប់បណ្ដោះអាសន្ន៖ «ខ្ញុំប្រជាពលរដ្ឋខ្ញុំទៅរាយការណ៍ប្រាប់មេឃុំទៅ ដល់ពេលរាយការណ៍ទៅគ្មាននរណា? មិនធ្វើស្អីផង ហើយទៅរាយការណ៍ចំតែគ្នាគេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមនុស្សពាក់ព័ន្ធមួយចំនួន ដូចជា សមាជិកក្រុមប្រឹក្សាស្រុកថាឡាបរិវ៉ាត់ លោក មឹង រដ្ឋា អនុប្រធានសហគមន៍លោក ភឿក ស៊ី លោក លួន និងលោក ភាព ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី៤ ខែមករា។
ប្រធានសហគមន៍ភ្នំជម្រកសត្វព្រៃ លោក ញៀន ផន ដែលត្រូវជាប្អូនបង្កើតមេឃុំសំអាង បដិសេធថា ពុំមានករណីកាប់ឆ្ការព្រៃសហគមន៍ភ្នំជម្រកសត្វនោះឡើយ។ លោកសំដែងសុទិដ្ឋិនិយមថា បច្ចុប្បន្នព្រៃសហគមន៍ ត្រូវបានការពារដោយយកចិត្តទុកដាក់ និងមានសមាជិកសហគមន៍ដាក់វេនចុះល្បាតជាប្រចាំ៖ «ខ្ញុំល្បាតព្រៃរាល់ខែរបស់ខ្ញុំអស់មាននរណាលក់អីណា? អ្នកណាលួចលក់ព្រៃសហគមន៍ អ្នកនោះប្រឈមមុខជាមួយតុលាការ»។
ព្រៃសហគមន៍ភ្នំជម្រកសត្វ ឋិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ មានផ្ទៃដីចំនួនជាង ៤ពាន់ (៤.៤៤៦,១៦) ហិកតារ ត្រូវបានអាជ្ញាធរខែត្រស្ទឹងត្រែង ទទួលស្គាល់ជាផ្លូវការនៅដើមឆ្នាំ២០១៥។ ចំណែកសហគមន៍បានស្នើសុំបន្តទៀតទៅថ្នាក់ជាតិ ដើម្បីចុះបញ្ជីព្រៃសហគមន៍ភ្នំជម្រកសត្វជាដីព្រៃសមូហភាពនៅដើមឆ្នាំ២០១៥ តែមិនទាន់មានការឆ្លើយតប។
មេឃុំសំអាង លោក ញៀន ផុន និយាយថា លោកពុំទាន់ទទួលព័ត៌មានអំពីការកាប់ឆ្ការព្រៃសហគមន៍នោះឡើយ។ ក៏ប៉ុន្តែលោកថា សកម្មភាពកាប់ឆ្ការព្រៃសហគមន៍ និងព្រៃឈើជាអំពើល្មើសច្បាប់៖ «លក់ដីព្រៃជាបញ្ហាមួយធំហើយ ខុសច្បាប់ហើយ»។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល ចាត់ទុកបញ្ហានេះជាការទទួលខុសត្រូវរបស់ប្រធានសហគមន៍ភ្នំជម្រកសត្វ។ លោកអះអាងថា អាជ្ញាធរមូលដ្ឋាន រួមទាំងមន្ត្រីពាក់ព័ន្ធ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់បើរកឃើញថា នៅពីក្រោយខ្នងនៃការកាប់បំផ្លាញព្រៃសហគមន៍នោះ។ លោកកត់សម្គាល់ថា បច្ចុប្បន្នសកម្មភាពកាប់ឆ្ការព្រៃឈើដើម្បីយកដីកំពុងកើតមានយ៉ាងអនាធិបតេយ្យគ្រប់ស្រុកទាំង៥ នៃខែត្រស្ទឹងត្រែង ហើយអាចមានមន្ត្រីធំៗនៅពីក្រោយខ្នងបទល្មើសទាំងនោះ៖ «អាជ្ញាធរដូចជាមិនមានឆន្ទៈ មិនមានការទទួលខុសត្រូវក្នុងការការពារព្រៃឈើហ្នឹងទេ ហើយណាមួយ យើងមិនពិបាករកទេ គឺមានឈ្មោះមានអីអស់ហើយ លក់ឲ្យអ្នកណាក៏ដឹង ចំណុចណាក៏ដឹង»។
កាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជំរុញឲ្យអភិបាលខេត្តស្ទឹងត្រែង ដែលទើបតែងតាំងថ្មីលោក មុំ សារឿន ឲ្យពង្រឹងយន្តការទប់ស្កាត់បទល្មើសព្រៃឈើ ខណៈដែលមន្ត្រីពាក់ព័ន្ធដេញដោលគ្នាចំពោះបញ្ហានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សហគមន៍ព្រៃឈើនៅស្ទឹងត្រែងចាប់ម៉ាស៊ីនអារឈើកម្មកររបស់ឈ្មួញ
- ជនជាតិវៀតណាមបន្តលួចចូលកាប់ឈើក្នុងព្រៃនៅខេត្តមណ្ឌលគិរី
- ពលរដ្ឋស្រុកសណ្ដាន់អះអាងថាបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់គ្មានថយចុះ
- សហគមន៍ការពារព្រៃឈើខេត្តព្រះវិហារព្រួយបារម្ភខ្លាចបាត់បង់ដើមឈើធំៗក្នុងព្រៃព្រះរកា
- ពលរដ្ឋខេត្តបាត់ដំបងបារម្ភបាត់បង់ព្រៃសហគមន៍ដោយសារការទន្ទ្រានយកដីធ្វើកម្មសិទ្ធិ
- ដើមឈើផលិតជ័រទឹករបស់ជនជាតិព្នងនៅខេត្តមណ្ឌលគិរីត្រូវគេលួចកាប់
- សហគមន៍ថាវៀតណាមបន្តលួចចូលកាប់ឈើក្នុងដីខេត្តមណ្ឌលគិរី
- សកម្មជនព្រៃឡង់ស្នើរដ្ឋាភិបាលឲ្យសហការទប់ស្កាត់ការបំផ្លាញព្រៃឈើ
- សង្គមស៊ីវិលបារម្ភពីជីវភាពជនជាតិដើមភាគតិចកួយដែលពឹងលើដើមច្បោះជ័រក្នុងព្រៃព្រះរកា